សម្ដេចក្រឡាហោម ស ខេង អញ្ជើញបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្ដ


(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងទិសដៅការងារបន្ដ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ អនក្របក. ប្រចាំឆ្នាំ២០២១ ទទួលលទ្ធផល ដូចជា៖ ត្រួតពិនិត្យយានយន្តសរុបចំនួន ២,១១២,៦៧០គ្រឿង ក្នុងនោះម៉ូតូចំនួន ៦៤%, រកឃើញយានយន្តល្មើស និងពិន័យចំនួន ២២៣,៨៧៩ គ្រឿង (២២៤,៤២២ករណី) ស្មើ១១% ក្នុងនោះម៉ូតូចំនួន ១៦៨,៩៥៦គ្រឿង (១៦៨,៩៥៧ករណី) ស្មើ៧៥% និងរថយន្តចំនួន ៥៤,៩២៣គ្រឿង (៥៥,៤៦៥ករណី) រថយន្តធុនធ្ងន់ចំនួន២០%។

ការពិន័យចំពោះបទល្មើសចរាចរណ៍ឆ្នាំ២០២១ បានចំនួន ១៩,៩១១,៨៩៥,០០០រៀល (ដប់ប្រាំបួនប៊ីលានប្រាំបួនរយដប់មួយលានប្រាំបីរយកៅសិបប្រាំពាន់រៀលគត់)។

ការត្រួតពិនិត្យអ្នកជិះម៉ូតូល្មើសសរុប ១៦៨,៩៥៦គ្រឿង (១៦៨,៩៥៧ករណី) ក្នុងនោះមិនពាក់មួកសុវត្ថិភាព បានធ្វើការឃាត់បង្ខំឲ្យរកមួកមកពាក់ និងពិន័យចំនួន ៩១% នៃចំនួនករណីល្មើសសរុប។ ការល្បាតត្រួតពិនិត្យតាមផ្លូវជាតិលេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ ៧៣ លេខ៧៨ លេខ៤១ លេខ៤៤ លេខ៥១ បានរកឃើញរថយន្តល្មើស និងពិន័យចំនួន ២០,១៦១គ្រឿង លើចំនួន២០,៦៥៤ករណី។

ការត្រួតពិនិត្យល្បឿនបានរកឃើញរថយន្តបើកបរល្មើសល្បឿនធ្វើការពិន័យចំនួន ១០,០០៨គ្រឿង ស្មើ១៨% នៃករណីល្មើសសរុប។ ការត្រួតពិនិត្យជាតិស្រវឹង បានរកឃើញអ្នកបើកបរស្រវឹងចាត់ការតាមច្បាប់ចំនួន ៨៦៧នាក់ ក្នុងនោះ អ្នកបើកបររថយន្តចំនួន ៤១% និងអ្នកបើកបរម៉ូតូចំនួន ៥៩%។

ការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសរាជធានី ខេត្ត បានធ្វើការត្រួតពិនិត្យយានយន្ត ប្រចាំឆ្នាំ២០២១ ទទួលបានលទ្ធផលសរុបចំនួន ៦៣,៦៥២គ្រឿង យានយន្តត្រឹមត្រូវចំនួន ៥៣,៦០៩គ្រឿង រថយន្តខុសលក្ខណៈបច្ចេកទេស ចំនួន១០,០៤៣គ្រឿង។

ក្នុងនោះកាត់ទ្រុងចំនួន ១២៦គ្រឿង ដោះរានតខាង ក្រោយចំនួន១២៨គ្រឿង រថយន្តគ្មានផ្លាកលេខចំនួន១៤០គ្រឿង រថយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេស ចំនួន១,៤៧៤គ្រឿង ដោះភ្លើងរថយន្តបំភ្លឺខុសលក្ខណៈបច្ចេកទេស ចំនួន៤៩៧គ្រឿង រថយន្តខ្វះឯកសារ ចំនួន៤១៩គ្រឿង ប្រើបណ្ណបើកបរខុសប្រភេទយានយន្ត ចំនួន៤១៩នាក់ បញ្ជូនរថយន្តទៅស្នងការដ្ឋានចំនួន ២៤គ្រឿង មិនពាក់ខ្សែក្រវាត់សុវត្ថិភាពចំនួន ៣,៧៦៤នាក់ មិនពាក់មួកសុវត្ថិភាពចំនួន ២,៧៤៣នាក់ បើកបរហួសល្បឿនកំណត់ចំនួន ០៦គ្រឿង បកស្កុតខ្មៅលើកញ្ចក់ចំនួន១៥គ្រឿង បានធ្វើតេស្តរកសារជាតិញៀនអ្នកបើកបរ និងព្រូឡានចំនួន ៥៨៧នាក់ មានផ្ទុកសារជាតិញៀនចំនួន ៦៧នាក់ (អ្នកបើកបរ៤៤នាក់) រថយន្ត និងគោយន្តកែច្នៃ ០២គ្រឿង ធ្វើកិច្ចសន្យា ០១គ្រឿង ផ្លាកលេខក្លែងក្លាយចំនួន ០៥គ្រឿង និងប្រើប្រាស់ទូរស័ព្ទដៃពេល បើកបរ០១នាក់។

ដោយឡែក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ បានកើតឡើងចំនួន ២,៦៧០លើក បណ្តាលឲ្យស្លាប់ចំនួន១,៤៩៧នាក់ និងរបួសចំនួន ៣,៦១៥នាក់ របួសធ្ងន់ ២,២៤៦នាក់។ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ចំនួន២៤៥នាក់ ខេត្តកណ្តាល ចំនួន១៤១នាក់ និងខេត្តកំពង់ចាមចំនួន ៩៦នាក់។ មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់គឺ បើកបរលើសល្បឿនកំណត់៣៨% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១៤% វ៉ាជែង៨% បត់៨% ស្រវឹង៤% កត្តាយានយន្ត៣% និងងងុយ១%។

ប្រៀបធៀបនឹងឆ្នាំ២០២០ ហេតុការណ៍គ្រោះថ្នាក់ថយចុះចំនួន ៥០៩លើក ស្មើ១៦% (២,៦៧០/៣,១៧៩លើក) អ្នកស្លាប់ថយចុះចំនួន ១៤៩នាក់ ស្មើ៩% (១,៤៩៧/១,៦៤៦នាក់) និងអ្នករបួសថយចុះចំនួន១,០៧១នាក់ ស្មើ២៣% (៣,៦១៥/៤,៦៨៦នាក់)៕