ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អបអរសាទរលោកស្រីវរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទទួលបានមេដាយការងារពី UN និងត្រូវបានយកទៅផ្សព្វផ្សាយក្នុងយុទ្ធនាការ ( ស្ត្រីដើម្បីពហុភាគីនិយម ) នៅទីក្រុងហ្សឺណេវ


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរដល់លោកស្រីវរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទទួលបានមេដាយការងារពីអង្គការសហប្រជាជាតិ និងត្រូវបានជ្រើសរើសយកទៅផ្សព្វផ្សាយក្នុងយុទ្ធនាការ «ស្ត្រីដើម្បីពហុភាគីនិយម» នៅទីក្រុងហ្សឺណេវ។

តាមរយៈទំព័រ Facebook ផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «តើអ្នកដឹងទេថា កម្ពុជាដែលធ្លាប់ជាប្រទេសហែកហួរដោយសង្រ្គាម បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជិត ៨ពាន់នាក់ ទៅកាន់ប្រទេសចំនួន៩ ចាប់តាំងពីឆ្នាំ២០០៦ មក? ពិសេសដែរនោះ គឺការចូលរួមយ៉ាងសំខាន់ពីសំណាក់បងប្អូនកូនក្មួយជាស្ត្រីកម្ពុជា ក្នុងការរក្សាសន្តិភាពនៅតាមតំបន់នានានៅលើពិភពលោក។ កម្ពុជានឹងបន្តជំរុញរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ នេះ»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមទៀតថា «ក្នុងស្មារតីនេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះ លោកស្រីវរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទើបទទួលបានមេដាយអង្គការសហប្រជាជាតិសម្រាប់ការកោត សរសើរមេបញ្ជាការកងកម្លាំង រួមជាមួយនឹងការទទួលស្គាល់យ៉ាងទូលំទូលាយចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់លោកស្រី។ បច្ចុប្បន្នលោកស្រីកំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ខណៈដែលត្រូវបានជ្រើសរើសយកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ «ស្ត្រី ដើម្បីពហុភាគីនិយម»។ យើងពិតមានមោទនភាពចំពោះលោកស្រី ក៏ដូចជាបុគ្គលជាច្រើនរូបទៀតដែលខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខនៃតំបន់និងពិភពលោក»

សូមជម្រាបថា លោកស្រីវរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ជាស្រ្តីខ្មែរដ៏ក្លាហានមួយរូប ក្នុងចំណោមកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាជាស្រ្តី ដែលត្រូវបានជ្រើសរើសយកទៅផ្សព្វផ្សាយក្នុងយុទ្ធនាការ «ស្ត្រីដើម្បីពហុភាគីនិយម» របស់អង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

យុទ្ធនាការខាងលើ គឺមានគោលបំណងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ស្ត្រីជាង ១១០រូប ដែលមានការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការកសាងពិភពលោកកាន់តែល្អប្រសើរសម្រាប់មនុស្សជាតិទាំងអស់គ្នា៕