សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាចងចាំមិនភ្លេចនូវការពលីជីវិតមន្ត្រី២រូបរបស់ជប៉ុន នៅក្នុងបេសកកម្មអង្គការសហប្រជាជាតិ «អ៊ុនតាក់» នៅកម្ពុជា


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា កម្ពុជាចងចាំភ្លេចនូវការពលីជីវិតមន្ត្រី២រូបរបស់ជប៉ុន នៅក្នុងបេសកកម្មអង្គការសហប្រជាជាតិ «អ៊ុនតាក់» នៅកម្ពុជា កាលពី៣០ឆ្នាំមុន។

មន្រ្តី២រូបដែលបានពលីជីវិតនោះ រួមមាន លោក Atsuhiti Nakata មន្ត្រីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បានពលីនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ នៅខេត្តកំពង់ធំ និងលោក Haruyuki Takata មន្ត្រីនគរបាល បានពលី នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ នៅខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងពិធីស្វាគមន៍ និងសំណេះសំណាលជាមួយនាយ នាយរង និងពលនាវឹកកងស្វ័យការពារជើងទឹកដីជប៉ុន នៅបញ្ជាការដ្ឋានកងទ័ពជើងរាម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ដូច្នេះថា «ទោះបី៣០ឆ្នាំបានកន្លងផុតទៅហើយ ប្រទេសជាតិកម្ពុជាមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ប៉ុន្តែ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា នៅតែចងចាំ និងដឹងគុណជានិច្ចចំពោះការ ចូលរួមរបស់កងរក្សា សន្តិភាព នៃកងស្វ័យការពារជប៉ុន ដែលបានមកបំពេញបេសកកម្មនៅកម្ពុជាជាលើកដំបូង»

សម្តេចបានបន្តថា៖ «ប្រការដែល កម្ពុជាកាន់តែចងចាំមិនអាចបំភ្លេចបានទៀតនោះ គឺការពលីជីវិតមន្ត្រី០២រូបនៅក្នុងបេសកកម្មអង្គការសហ ប្រជាជាតិ (អ៊ុនតាក់) នោះគឺលោក Atsuhiti Nakata មន្ត្រីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បាន ពលីនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៣ នៅខេត្តកំពង់ធំ និងលោក Haruyuki Takata មន្ត្រីនគរបាល បានពលី នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ នៅខេត្តបន្ទាយមានជ័យ»

នៅក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការដឹងគុណចំពោះ បណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានរួមវិភាគទានដ៏ធំធេងដល់ប្រវត្តិសាស្ត្រកម្ពុជាកាលពី៣០ឆ្នាំមុន ក្នុងការបញ្ជូនកម្លាំងមកចូលរួមស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើង ជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុន។

ក្រោយសង្គ្រាម ស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុន បានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាពការស្តារឡើងវិញក៏ដូចជា ការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះ គឺជាមូលដ្ឋានគ្រឹះនៃចំណង មិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម៕