សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នាខែមេសាក្រោយចូលឆ្នាំខ្មែរ ដើម្បីចូលរួមក្នុងវេទិកាស្តីពីទឹក


(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ នៅខែមេសា ក្រោយបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្តេចនឹងដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមក្នុងវេទិកាស្តីពី ទឹក។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅឆ្នាំ២០២២នេះ សម្តេចមានភារកិច្ចច្រើន ក្នុងចេញទៅបំពេញការងារ នៅក្រៅប្រទេស។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងទីរួមខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បើគ្មានការប្រែប្រួលទេ នៅខែមេសាក្រោយចូលឆ្នាំខ្មែរ ខ្ញុំអាចទៅជប៉ុន ដើម្បីចូលរួមប្រជុំដោយផ្ទាល់អំពីបញ្ហាទឹក។ ដំបូងទម្រង់ដើមចង់ប្រជុំតាមអនឡាញទេ ក៏ប៉ុន្តែដោយសារតែសភាពការណ៍ [កូវីដ១៩] ធូរស្រាល គេកំពុងគិតអំពីការប្រជុំតាមអនឡាញផង និងប្រជុំផ្ទាល់ផង។ ដោយឡែកកម្ពុជា វេទិកាផ្នែកទឹកនេះ អញ្ជើញទៅផ្ទាល់ ដូច្នេះលទ្ធភាពដែលខ្ញុំធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមការប្រជុំនោះ»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ច នៅប្រទេសជប៉ុនរួចហើយ នៅខែឧសភា ឆ្នាំ២០២២ សម្តេចនឹងធ្វើដំណើរ ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅប្រទេស្វីស។ នៅពេលត្រឡប់មកពីប្រទេសស្វីសវិញ សម្តេចក៏មានកិច្ចប្រជុំតាមអនឡាញ ជាមួយមេដឹកនាំបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក រួមទាំងនាយករដ្ឋមន្ត្រីជប៉ុនផងដែរ ស្តីអំពីអនាគតអាស៊ី។

សម្រាប់កិច្ចប្រជុំអាស៊ាន-អាមេរិក ដែលត្រូវបានលើកពេលនោះ ត្រូវបានសម្តេចតេជោថ្លែងថា នៅមិនទាន់ដឹងពីពេលវេលាច្បាស់លាស់នោះទេ គឺទុកតួនាទីរៀបចំសម្របសម្រួល ដោយភាគីឥណ្ឌូនេស៊ី៕