ឯកឧត្តម អូស្មាន ហាស្សាន់ ជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ជូនបេក្ខជនក្រុមប្រឹក្សាសង្កាត់ទាំង៧ នៅខណ្ឌឫស្សីកែវ


(ភ្នំពេញ)៖ ឯកឧត្តម អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឬស្សីកែវ បានអញ្ជើញសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដើម្បីផ្តល់នូវអនុសាសន៍ណែនាំក្នុងការសិក្សាស្វែងយល់ ក្តាប់ព័ត៌មានបន្ថែមនៅមូលដ្ឋាន និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តបន្ត ដើម្បីដណ្តើមបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តមបានសម្តែងនូវការកោតសរសើរដល់ក្រុមប្រឹក្សាសង្កាត់ទាំង៧ និងបានស្នើឲ្យរក្សាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការកសាងនូវអំពើល្អ តម្កល់ផលប្រយោជន៍ជាតិជាធំ និងលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចរបស់គណបក្ស ដែលសកម្មភាពអស់ទាំងនេះនឹងនាំឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យលើការបោះឆ្នោតរៀងរហូតមក ប៉ុន្តែក៏ត្រូវចាប់អារម្មណ៍ផងដែរថា គណបក្សដ៏ទៃដែលមកឈឈ្មោះបោះឆ្នោតនៅក្នុងសង្កាត់របស់យើង គេក៏ចង់ទទួលបានជ័យជំនៈដូចយើងដែរ ដូច្នេះសូមបេក្ខជនទាំងពេញសិទ្ធិ និងបម្រុងត្រូវខិតខំទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋឲ្យខាងតែបាន ជាពិសេសបេក្ខជនដែលកំពុងនៅក្នុងតំណែងត្រូវតែបន្តបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អនិងទាន់ពេលវេលា ដោយមិនប្រកាន់បក្ខពួក ។

ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងចំនួនសមាជិកបក្ស និងពង្រឹងសកម្មភាពសតិអារម្មរណ៍នយោបាយរបស់សមាជិកបក្ស លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា គោលការណ៍រក្សាចាស់ បង្កើនថ្មី និងសមាជិកបក្សមួយរូប គឺជាសម្លេងឆ្នោតគាំទ្ររបស់គណបក្សមួយសន្លឹក គឺត្រូវទាមទារឲ្យក្រុមប្រឹក្សាសង្កាត់របស់យើងអនុវត្តគោលការណ៍នេះឲ្យបានជាប់ជាប្រចាំ ដើម្បីដណ្តើមជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ និងបោះឆ្នោតសកលឆ្នាំ២០២៣ ទទួលបានជ័យជំនះ។

ឯកឧត្តមក៏បានលើកឡើងថា ការជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាសង្កាត់ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍ ឃុំ-សង្កាត់សម្រាប់រយៈពេល៥ឆ្នាំ ២០២២-២០២៧ គឺមិនត្រឹមតែសំដៅធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើកគណបក្សយើងតែប៉ុណ្ណោះទេ ផ្ទុយទៅវិញពលរដ្ឋនៅក្នុងមូលដ្ឋាន នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីគោលនយោបាយនេះ លើការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្តល់នូវសេវាសាធារណៈ ការរក្សាសណ្តាប់ធ្នាប់ សន្តិសុខ នៅក្នុងមូលដ្ឋានកាន់តែល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តមប្រធាន បានជំរុញឲ្យធ្វើការផ្សព្វផ្សាយនូវរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារ និងសប្បុរសជន បានអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានសង្កាត់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ទន្ទឹមនោះក៏បានជំរុញដល់បេក្ខជនក្រុមប្រឹក្សាសង្កាត់ទាំង៧ ត្រូវខិតខំពង្រឹងនូវសមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរ មានសមត្ថភាពដឹកនាំ មានភាពម្ចាស់ការ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបន្ថែមថា ក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង ដើម្បីបម្រើប្រជាពលរដ្ឋឱ្យមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់ ព្រមទាំងមានភាពម៉ឺងម៉ាត់ និងទទួលបាននូវសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ គណបក្សយើងនឹងទទួលបានជោគជ័យ។

ឯកឧត្តម អូស្មាន ហាស្សាន់ ក៏បានលើកឡើងពីគោលនយោបាយចាក់វ៉ាក់សាំង ដែលរដ្ឋាភិបាលកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អ លើការគ្រប់គ្រងជំងឺកូវីដ-១៩ ដោយការចាក់វ៉ាក់សាំងគ្របដណ្តប់បានទូទាំងប្រទេស ដែលអាចឲ្យយើងមានលទ្ធភាពបើកដំណើរការប្រទេសឡើងវិញ។ ឯកឧត្តមក៏បានរំលេចផងដែរថាថ្មីៗ នេះដោយមានការឯកភាពពី សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការលុបចោលនូវលក្ខខណ្ឌមួយចំនួនសម្រាប់ការធ្វើដំណើរពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែយើងក៏ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ហើយក៏ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានការណ៍សុខាភិបាលគឺ ៣ការពារ ៣កុំ៕