សម្តេចតេជោ ហ៊ុន សែន ប្រដៅអ្នកវិភាគមួយចំនួនដែលមិនយល់អំពីការលើកពេលប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ហើយជំរុញឱ្យរៀនបន្ថែមពីអាស៊ាន ដើម្បីកុំឱ្យគេហៅ «អាល្ងង់ទូ»


(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រដៅក្រុមអ្នកវិភាគមួយចំនួន ដែលបានវិភាគទាំងខុសឆ្គង និងបកស្រាយខុសការពិតទៅលើការលើកពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលគ្រោងធ្វើនៅថ្ងៃទី២៨-២៩ ខែមីនា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានណែនាំឱ្យអ្នកវិភាគខុសជាញឹកញាប់ទាំងនោះ ខិតខំរៀនឱ្យបានស៊ីជម្រៅបន្ថែមទៀតអំពីអាស៊ាន ដើម្បីកុំឱ្យគេហៅ«អាល្ងង់ទូ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «កន្លងទៅនេះមានការបកស្រាយដោយបំភ្លៃការពិត ទៅលើការប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងប្រព្រឹត្ត ទៅនៅថ្ងៃទី២៨-២៩ ខែមីនា ចំណុចនេះត្រូវបានមកស្រាយដោយមនុស្សមួយចំនួនថា ប្រធានអាស៊ានមិនយល់ស្របក្នុងការប្រជុំរវាងអាស៊ាន និងអាមេរិកនោះទេ ប៉ុន្តែខ្ញុំគួរតែប្រដៅគេ ហើយនឹងផ្តល់នូវព័ត៌មានជាក់លាក់សម្រាប់ការយល់ដឹងរបស់ប្រជាជនកម្ពុជា ជំនួសឱ្យការខ្វះការចេះដឹង របស់អ្នកដែលគេហៅថា អ្នកខ្លះជាបណ្ឌិត អ្នកខ្លះជាសាស្ត្រាចារ្យ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា របៀបធ្វើការរបស់អាស៊ាន ក្នុងនាមជាប្រជាធានអាស៊ានវាច្បាប់ហើយ ប៉ុន្តែក្នុងអាស៊ានគេមានបែងចែកឱ្យប្រទេសមួយៗ ទទួលខុសត្រូវក្នុងការសម្របសម្រួលរវាងអាស៊ាន ជាមួយនឹងប្រទេសណាមួយទទួលខុសត្រូវ ដូចជាឥលូវនេះប្រទេសដែលធ្វើការសម្របសម្រួលរវាងអាស៊ាន និងអាមេរិក គឺជាប្រទេសឥណ្ឌូនេស៊ី ដូចនេះហើយតួនាទីសម្របសម្រួលពេលវេលា រវាងអាមេរិក ជាមួយឥណ្ឌូនេស៊ី គឺជាតួនាទីរបស់ឥណ្ឌូនេស៊ី។

ពាក់ព័ន្ធកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនេះ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះថា «អាមេរិកប្រកាសថ្ងៃទី២៨-២៩ គឺនៅពេលដែលឥណ្ឌូនេស៊ី អត់ទាន់បានធ្វើការសម្របសម្រួលជាមួយសមាជិកអាស៊ាន ដល់ទៅពេលឥណ្ឌូនេស៊ីចាប់ធ្វើការសម្របសម្រួលជាមួយប្រទេសអាស៊ាន ប្រទេសចំនួន៤ ដែលមិនអាច ទៅចូលរួមប្រជុំថ្ងៃទី២៨-២៩ បាន ប៉ុន្តែក៏មានប្រទេសដែលអាចទៅចូលរួម គេស្នើសុំថា សុំឱ្យប្រជុំថ្ងៃទី២៦-២៧ ខែមីនា ជំនួសវិញ ប៉ុន្តែខាងភាគឺអាមេរិកបានផ្តល់ នូវចំលើយមកវិញថាថ្ងៃទី២៦-២៧នេះ មិនអាចប្រជុំបានទេ ចឹងទេជំរើសដែលល្អ ភាគីទាំង២ស្នើលើកពេលវេលាសិន ដើម្បីធ្វើការសម្របសម្រួលតាមក្រោយ»

សម្តេចតេជោ បានបញ្ជាក់ថា តាមការប៉ាន់ប្រមាណរបស់សម្តេច ប្រធានាធិបតីអាមេរិកអាចជាប់រវល់ទៅអឺរ៉ុប ព្រោះបើយោងតាមគម្រោងប្រធានាធិបតីអាមេរិក អាចនឹងមានការប្រជុំបន្ទាន់នៅក្នុងក្របខណ្ឌ ណាតូ ហើយសមាជិកអាស៊ានមួយចំនួន ក៏មានកម្មវិធីរៀងៗខ្លួនផងដែរ។

សម្តេចបានបញ្ជាក់ដែរថា «ខ្ញុំសូមពន្យល់ចំពោះប្រជាពលរដ្ឋរបស់យើង សូមឱ្យយល់អំពីកម្ពុជាជាសមាជិកម្នាក់ ប៉ុន្តែជាប្រធានអាស៊ាន ប្រធានអាស៊ានគ្មានសិទ្ធិ ក្នុងការកំណត់កាលបរិច្ឆេទទេ ប្រធានអាស៊ានមានសិទ្ធិត្រឹមតែបញ្ចេញយោបល់លើការសម្របសម្រួលអំពីពេលវេលា ដើម្បីមានកុងសង់ស៊ីសក្នុងចំណោមអាស៊ាន១០ ឯអ្នកដែលត្រូវសម្របសម្រួលគឺឥណ្ឌូនេស៊ីទេ សូមកុំភាន់ច្រឡំ ហើយសូមឱ្យអ្នកដែលមិនយល់ សូមឱ្យទៅរៀនពីការងារអាស៊ានឡើងវិញ»

សម្តេចតេជោ សង្ឃឹមថា អស់លោកបណ្ឌិត អស់លោកសាស្រ្តាចារ្យកិច្ចការអន្តរជាតិជាដើម ។ល។ រៀនសូត្រឱ្យបានច្រើនជាងនេះកុំឱ្យគេហៅថា «អាល្ងង់ទូ» ព្រោះប្រទេសកម្ពុជាពេលនេះក៏មាន សេដ្ឋវិទូ ទស្សនវិទូ ហើយក៏មាន «អាល្ងង់ទូ» ដែរ៕