រាជរដ្ឋាភិបាល ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនរវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក» ។

ពិធីចុះហត្ថលេខានេះ បានរៀបចំឡើងនាថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរបស់ភាគីរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលជាតំណាងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ក៏ដូចជាវត្តមានរបស់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីពាក់ព័ន្ធរបស់ភាគីទាំងពីរជាច្រើនរូបផ្សេងទៀត ។

តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមីនានេះបានបញ្ជាក់ថា ការចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនរវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក» គឺជាបង្គោលចរដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងអំពីវិវឌ្ឍនាការដ៏ជឿនលឿន របស់ស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស វិស័យឌីជីថល នៅក្រោមដំបូលសន្តិភាពនៃការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ កិច្ចសហការរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក នៅក្នុងការបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក នេះ គឺជាតថភាព ដែលបង្ហាញអំពីសារសំខាន់នៃភាពជាដៃគូស្អិតរមួតរវាងរដ្ឋ និងឯកជន នៅក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា។

ស្របតាមផែនការរំដោះបន្ទារហ្វ្រេកង់ស៍របស់រាជរដ្ឋាភិបាល ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានេះនឹងអនុញ្ញាតឱ្យ ក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជន ផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូក ទៅជាប្រព័ន្ធឌីជីថល ដែលមានគុណភាពខ្ពស់ ក្នុងការបញ្ជូនរូបភាព និងសម្លេងទៅកាន់ទស្សនិកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល នឹងមានលទ្ធភាពរំដោះយកបន្ទារហ្វ្រេកង់ស៍ពីក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជន ជាពិសេស បន្ទារហ្វ្រេកង់ស៍ តំបន់ ៧០០ MHz ដើម្បីប្រគល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់ចែងប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ដូចជា ប្រព័ន្ធ 5G ដែលមានគុណប្រយោជន៍ផ្នែកសេដ្ឋកិច្ចកម្រិតខ្ពស់ធៀបនឹងការប្រើប្រាស់ក្នុងវិស័យសោតទស្សន៍ ។

ការបង្កើតថ្នាលទូរទស្សន៍ឌីជីថលនេះ ក៏ជាលទ្ធផលនៃការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការអនុលោមតាមឧត្តមានុវត្តន៍ នៃបណ្តាប្រទេសក្នុងតំបន់ និងអនុសាសន៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។

ស្របតាមគោលការណ៍ដ៏សំខាន់ៗទាំងនេះ រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ដំណើរការថ្នាលទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឱ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ប្រើ-ប្រាស់ សេវាថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា និងបន្តការផ្សាយព្រមគ្នា (Simulcast) ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នា រហូតដល់ដំណាច់ឆ្នាំ ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធ អាណា-ឡូក ជាស្ថាពរ៕