សម្តេចតេជោ ហ៊ុន សែន កោតសរសើរឯកឧត្តម គង់ វិបុល និងមន្ត្រីពន្ធដារទាំងអស់ ដែលខិតខំប្រមូលពន្ធជូនរដ្ឋ លើសផែនការជាង ៥៣៨លានដុល្លារ ជាប់កំណត់ត្រាប្រវត្តិសាស្រ្ត


(ភ្នំពេញ)៖ តាមរយៈលិខិតជូនឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម គង់ វិបុល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញ បេសកកម្មយ៉ាងជោគជ័យ ដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋ បានលើសផែនការដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន ១២៤.០២ ភាគរយ នៃផែនការប្រចាំឆ្នាំ។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្រេចបាននូវលទ្ធផលប្រមដ៏ល្អប្រសើរនេះ ជាកំណត់ត្រាប្រវត្តិសាស្រ្តនៃការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលើសផែនការរហូតដល់ ២៤.០២ភាគរយ ស្មើនឹង ២ ១៨២.៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨.៨៥ លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «សមិទ្ធផលដ៏ប្រពៃនេះ គឺផ្តើមចេញពីការប្រកាន់យកជំហរប្រសិទ្ធភាព នៃការដឹកនាំប្រកាន់យកនូវគោលការណ៍ អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ព្រមទាំងការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយឆន្ទៈមោះមុត និងស្មារតីបុរេសកម្មរបស់ឯកឧត្តម គង់ វិបុល ក្នុងឋានៈជាអ្នកដឹកនាំអគ្គនាយកដ្ឋានពន្ធដារ។ ពិតណាស់ ចំណូលពន្ធដារផ្ទៃក្នុងដែលអគ្គនាយកដ្ឋានពន្ធដារបានប្រមូលលើសផែនការខាងលើ ពិតជាឆ្លុះបញ្ចាំងពីភាពខ្លាំងក្លានៃសេដ្ឋកិច្ចជាតិ បើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជា បាននិងកំពុងជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ព្រមទាំងសបញ្ជាក់យ៉ាងច្បាស់ ពីភាពរឹងមាំនៃឯករាជ្យភាពនិងអធិបតេយ្យភាពជាតិរបស់កម្ពុជា។ ជាមួយគ្នានេះ ខ្ញុំសូមគាំទ្រចំពោះវិធានការនានា ដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការប្រមូលចំណូលពង្រឹងគុណភាពសេវាអ្នកជាប់ពន្ធ និងបន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ដើម្បីសម្រេចបានជោគជ័យ ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា សម្រាប់រយៈពេល១២ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករសរុបប្រមូលបានមានចំនួន ១១ ២៦៦.៧៩ ប៊ីលានរៀល (ប្រមាណជា ២,៧៨១.៩២ លានដុល្លារ) ធៀបនឹងផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលតម្រូវឱ្យប្រមូលចំណូលឱ្យបានចំនួន ៩ ០៨៤.៤២ ប៊ីលានរៀល (ប្រមាណជា ២ ២៤៣.០៧ លានដុល្លារ) មានស្ថានភាពល្អប្រសើរ គឺស្មើនឹង ១២៤.០២% នៃផែនការប្រចាំឆ្នាំ ពោលគឺលើសផែនការចំនួន ២៤.០២% ស្មើនឹង ២ ១៨២.៣៧ប៊ីលានរៀល ប្រមាណជា ៥៣៨.៨៥លានដុល្លារ៕