ក្រសួងសុខាភិបាល ប្រគល់សម្ភារបរិក្ខារវេជ្ជសាស្រ្ត ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ដល់មន្ទីរសុខាភិបាលទូទាំង២៥រាជធានី-ខេត្ត


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់ សម្ភារបរិក្ខារវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដល់មន្ទីរសុខាភិបាលទូទាំង២៥ រាជធានី-ខេត្ត។

ពិធីប្រគល់និងទទួលសម្ភារៈបរិក្ខារវេជ្ជសាស្រ្តនេះ បានធ្វើឡើងនៅឃ្លាំងឱសថកណ្តាល (Central Medical Stores) ក្រោមអធិបតីភាពរបស់ លោកជំទាវវេជ្ជបណិ្ឌត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសកល ប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងមានការចូលរួមពីមន្ទីរសុខាភិបាលរាជធានីខេត្តទាំង២៥។

សម្ភារបរិក្ខារវេជ្ជសាស្រ្ត ដែលចែកជូនមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេសនាថ្ងៃនេះ រួមមាន បរិក្ខារបំពាក់ផ្តល់អុកស៊ីហ្សែន ក្នុងមន្ទីរពេទ្យ ម៉ាស៊ីនវិភាគកំហាប់អុកស៊ីហ្សែន ឱសថព្យាបាលជំងឺកូវីដ-១៩ កម្រឹតធ្ងន់ធ្ងរ ឧបករណ៏ពិនិត្យ ជីពចរ និងកំហាប់អុកស៊ីហ្សែន ម៉ាស់ សំលៀកបំពាក់សុវត្ថិភាពសម្រាប់មន្រ្តីសុខាភិបាល (PPE) គិតជាទឹកប្រាក់ចំនួន ១.៧៩៤.៦៧៨ ដុល្លាអាមេរិក នៃថវិកាសរុបចំនួន ២៣.៨៩២.៥៦៨ដុល្លាអាមេរិក ដែលជាជំនួយឥតសំណងរបស់មូលនិធិសកល សម្រាប់រយៈពេល៣ឆ្នាំ (២០២១-២០២៣) ក្រោមគម្រោងឆ្លើយតបនឹងជំងឺកូវីដ-១៩ បន្ថែមពីលើថវិកា សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង ដែលមានថវិកាសរុបជាង ៦១លានដុលា្លរដ្ឋអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០២១ ដល់ ២០២៣ ដែលត្រូវបានផ្តល់ជូនតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសរំលេចថា ជោគជ័យនៃការគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ កើតឡើងពីការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាអគ្គមេបញ្ជការដឹកនាំ ចង្អុលបង្ហាញផ្ទាល់។

បន្ថែមពីនេះទៀត លោកជំទាវវេជ្ជបណិ្ឌត យក់ សម្បត្តិ ក៏បានថ្លែងអំណរគុណ ដល់មូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ ដែលបានសហការគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលនាពេលកន្លងមក។

លោកជំទាវ ក៏បានសម្តែងនូវការកោតសរសើរ និងជូនពរដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕