ចាស់ជរា ស្រ្តីមេម៉ាយ និងប្រជាពលរដ្ឋខ្វះខាត ចំនួន៤០៣គ្រួសារ ក្នុងខេត្តតាកែវ និងខេត្តកណ្តាល បានទទួលកញ្ចប់អាហារគ្រឿង បរិភោគឧបភោគពី លោកជំទាវ និន សាផុន និងឯកឧត្តមវេជ្ជ. សុះ មុះសិន


កាលពីរសៀលថ្ងៃអង្គារ១២ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និង ឯកឧត្តមវេជ្ជបណ្ឌិត សុះ  មុះសិន សមាជិកគណៈកម្មការទី៨  នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល  ប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខក្នុងពិធីសំណេះសំណាល និងផ្ដល់កញ្ចប់អាហារគ្រឿងបរិភោគឧបភោគ ខែបួស

រ៉ាម៉ាឌន  ជូនចាស់ជរា ស្រ្តីមេម៉ាយ និងប្រជាពលរដ្ឋខ្វះខាត ចំនួន៤០៣គ្រួសារ ដែលមកពីស្រុកកោះអណ្តែត ខេត្តតាកែវ  និងស្រុកកោះធំខេត្តកណ្តាល ក្រោមគម្រោងកិច្ចសហការឧបត្ថម្ភពីអង្គការហាសាណះ  នៅប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លី សុគ្រី តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ  ឯកឧត្តមវេជ្ជ.ពាស់ មុស្លិម  អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា  អនុរដ្ឋលេខាធិការ អាជ្ញាធរដែនដី សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ សមាជិក សមាជិការយុវជន ស.ស.យ.ក ស្រុក និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា ខេត្តតាកែវ និងខេត្តកណ្តាល ផងដែរ  ។

លោកជំទាវ និងឯកឧត្តម គណៈអធិបតី បាននាំក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ ។

សូមបញ្ជាក់ថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋ និងចាស់ជរាចំនួន ៤០៣ គ្រួសារ  ដែលទទួលអំណោយជាកញ្ចប់អាហារគ្រឿងបរិភោគឧបភោគ រួមមាន អង្ករ ៦០៤៥គីឡូក្រាម មី ៤០៣០កញ្ចប់ ទឹកដោះគោ ២០១៥ កំប៉ុង ប្រេងឆា ៨០៦ដប  អំបិល១២០៨ គីឡូក្រាម ក្រោមការឧបត្ថម្ភពីអង្គការ ហាសាណះ នៃប្រទេសអាល្លឺម៉ង់ សហការជាមួយសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ៕