សម្តេចតេជោ ហ៊ុន សែន៖ ម៉ោងនេះខណៈកម្ពុជាកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានា អ៊ុយក្រែនកំពុងរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅម៉ោងនេះ ខណៈដែលកម្ពុជាជាប្រទេសមានសន្តិភាព កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅប្រទេសអ៊ុយក្រែនឯនោះវិញ កំពុងតែរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម។

ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២នេះ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលនេះ កម្ពុជាកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងប្រទេសដែលអំណោយផលដោយសន្តិភាព ខណៈដែលអ៊ុយក្រែន ដែលមានសង្រ្គាម កំពុងរងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា។ សម្តេចរំលឹកថា កាលពី៥២ឆ្នាំមុន ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្នុងនោះមានស្ពានច្រើនណាស់ ដែលរងការកាត់ផ្តាច់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ពេលមានសង្គ្រាមទើបឃើញសន្តិភាពមានតម្លៃ ឯកម្ពុជាយើងបានមើលឃើញពីតម្លៃសន្តិភាព ចាប់តាំងពីខែមីនា ឆ្នាំ១៩៧០ ប្រមាណជាង៥០ឆ្នាំមុន តែពេលនោះយើងអត់ជម្រើសទេ»។ សម្តេចបានបន្ថែមថា មានសន្តិភាពទើបមានការអភិវឌ្ឍ បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

សម្តេចបានលើកឡើងថា សន្តិភាពកម្ពុជា ត្រូវបានស្វះស្វែងរកបានដោយលំបាក ហើយសន្តិភាពនេះផ្តល់លទ្ធភាពឱ្យកម្ពុជា ២ទសវត្សជាប់គ្នានូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយរៀងរាល់ឆ្នាំ ទោះបីជាពលរដ្ឋខ្មែរមានការកើនឡើង៣ដង ក៏ដោយ។

សម្តេចជំរុញឱ្យក្រលែកមើលទៅអ៊ុយក្រែនពេលនេះ ដែលមានការភៀសខ្លួន និងភៀសសឹក ហើយរងនូវការរើសអើងយ៉ាងខ្លាំងនៅអឺរ៉ុប។ សម្តេចបញ្ជាក់ថា «ឥឡូវនៅលើពិភពលោក ទី១ កំពុងស្រែករកសន្តិភាព និងទី២ កំពុងការពារសន្តិភាព»។ សម្តេចថ្លែងថា គ្រប់គ្នាបារម្ភអំពីសង្គ្រាមលោកលើកទី៣ និងសង្គ្រាមអ៊ុយក្រែន ហើយបន្តបញ្ជាក់ថា៖ «ឥឡូវមាននរណាទៅនិយាយប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅអ៊ុយក្រែន ម៉ោងនេះគឺគេនិយាយរឿងសន្តិភាពនៅអ៊ុយក្រែន»

សម្តេចបានបញ្ជាក់អំពីសារនយោបាយរបស់សម្តេចកន្លងមក ដែលបញ្ជាក់ឱ្យការពារសន្តិភាពឱ្យបាន ទោះជាតម្លៃណាក៏ដោយ។ សន្តិភាពត្រូវមានមុនអ្វីៗទាំងអស់។ សម្តេចបានបញ្ជាក់ថា «មិនថាឆ្នាំនេះ ឬឆ្នាំក្រោយ សម្តេចនៅតែនិយាយពីសន្តិភាព»

រហូតមកដល់ពេលនេះ មានរយៈពេលជាង១ខែមកហើយ ដែលអ៊ុយក្រែន រងនូវការវាយប្រហារពីសំណាក់កងទ័ពរុស្ស៉ី។ ហេដ្ឋារចនាសម្ព័ន្ធនានា នៅបណ្តាទីក្រុងរងនូវការខ្ទេចខ្ទាំ ខណៈមានប្រជាជនប្រមាណជាង៤លាននាក់ បានភៀសខ្លួនដោយសារសង្គ្រាមនេះ៕