ឯកឧត្តម គួច ចំរើន អញ្ជើញស្តាប់ការបង្ហាញរបស់សាខាពន្ធដារ ក្នុងការកៀរគរចំណូល


រសៀលថ្ងៃ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់ការបង្ហាញរបស់សាខាពន្ធដារខេត្តព្រះសីហនុ ក្នុងការកៀរគរចំណូល ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាល អភិបាលរងស្រុក និងប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នៅសាខាពន្ធដារខេត្តព្រះសីហនុ ស្ដិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ផ្អែកលើកិច្ចប្រជុំពន្លឿនសេវា នៅតាមច្រកអង្គភាពចេញ-ចូលតែមួយរបស់រដ្ឋបាលខេត្ត ទាក់ទងនឹងការបម្រើសេវាជាមួយសាខាពន្ធដារ ក៏ដូចជាសន្និបាតនៅក្រសួងមហាផ្ទៃ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការណែនាំដល់អាជ្ញាធររាជធានី ខេត្តជួយគាំទ្រ និងជំរុញការកៀរគរចំណូលពន្ធ ដល់អង្គភាពទទួលខុសត្រូវ ហើយការចូលរួមស្តាប់នាពេលនេះ គឺដើម្បីរៀនសូត្រ ពីការងារពន្ធដារផងដែរ។ យើងបានដឹងតែពន្ធនៅថ្នាក់ក្រោមជាតិមានចំនួន ៩មុខ ក៏ប៉ុន្ដែសាខាពន្ធដាររបស់យើងបានខិតខំបំពេញការងារជាគុណប្រយោជន៍សម្រាប់ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ ទាក់ទងនឹងការណែនាំរបស់សម្តេចតេជោឱ្យរាជធានី ខេត្តជួយជំរុញ កៀរគរចំណូលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដែលជាប្រយោជន៍ជាតិរបស់យើង ។ ដូច្នេះដើម្បីមានការយល់ដឹងឱ្យកាន់តែច្បាស់ ដើម្បីចូលរួមចំណែកជំរុញកៀរគរចំណូល។ ថ្ងៃនេះយើងមកធ្វើការឈ្វេងយល់ទាក់ទងនឹងការប្រមូលពន្ធ និងរួមគ្នារិះរកវិធីធ្វើយ៉ាងណា ការប្រមូលពន្ធតាមច្បាប់កំណត់ ដើម្បីយកមកធ្វើការអភិ វឌ្ឍលើផ្នែកសាធារណៈរបស់យើងបន្តទៀត និងរួមគ្នាបម្រើសេវាសាធារណ:ឱ្យកាន់តែមានប្រសិទ្ធភាព ហើយអ្វីជាបញ្ហាត្រូវរួមគ្នាដោះស្រាយ ។ ទាក់ទងនឹងការបង់ពន្ធ ឧទាហរណ៍ ដូចជាពន្ធប្រថាប់ត្រា នៅពេលដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារបច្ចេកទេសរួច អតិថិជននិងមកកាន់គោលដៅបង់ពន្ធ។ ព្រោះបច្ចុប្បន្នការផ្តល់សេវាកាន់តែមានភាពងាយស្រួល និងទំនើបតាមប្រពន្ធអេឡិចត្រូនិក។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា យើងបានធ្វើការប្រជុំចំនួន៤លើករួចមកហើយ អំពីការបម្រើសេវាសាធារណ: នៅតាមអង្គភាពច្រកចេញ-ចូលតែមួយ កាលប្រជុំលើកដំបូងមានសេវាកកស្ទះជាង ២ពាន់សេវា យើងបានខិតខំរួមគ្នាដោះស្រាយបានជាបន្តបន្ទាប់។ កិច្ចប្រជុំលើកទី២ នៅសល់សេវាកកស្ទះជាង ១ពាន់សេវា និងលើកទី៣ នៅសល់ជាង ៨០០សេវា និងលើកទី៤ នៅសល់សេវាកកស្ទះ ៣៨៣សេវា ហើយសេវាដែលនៅសល់ច្រើនជាងគេ គឺពាក់ព័ន្ធនឹងដីធ្លី ចំណុចនេះយើងនឹងរកវិធីដោះស្រាយបន្តទៀត។ ម្យ៉ាងទៀតបើសិនបើយើងបម្រើសេវាបានទាន់ពេលវេលា ជាការលើកទឹកចិត្តសម្រាប់ការកៀរគរចំណូលរបស់យើងបានកាន់តែច្រើន។ យើងនៅមានបញ្ហាប្រឈមដែលនៅសេសសល់មួយចំនួន ត្រូវរួមគ្នាដោះស្រាយធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណរបស់យើងកាន់តែលឿន និងមានតម្លាភាព ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរ វាយតម្លៃចំពោះមន្ត្រីសាខាពន្ធដារ បានខិតខំប្រឹងប្រែងក្នុងឆ្នាំកន្លងមក ទោះបីយើងជួបវិបត្តិកូវីដ-១៩ ក៏ប៉ុន្តែការកៀរគររកចំណូលជាគុណប្រយោជន៍សម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់យើង នៅតែទទួលបានជោគជ័យ។ ក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ ចំណូលថ្នាក់ក្រោមជាតិរបស់យើងមានការកើន នេះជាមោទនភាពសម្រាប់មន្ត្រីរបស់យើងផងដែរ។ ឯកឧត្តម ក៏បានណែនាំមន្ត្រីសាខាពន្ធដារ ក៏ដូចជាអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បន្តខិតខំជំរុញកៀរគរប្រាក់ពន្ធនៅតាមក្រុង ស្រុក មានដូចជាឈ្នូលផ្ទះ អាករបំភ្លឺសាធារណ អាករលើការស្នាក់នៅ ពន្ធប៉ាតង់ ពន្ធលើមធ្យោបាយ ពន្ធប្រថាប់ត្រា ។ល។ ។

លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្ម ភាពការងារគ្រប់គ្រងចំណូលពន្ធរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩- ២០២១ ក្នុងនោះឆ្នាំ

២០១៩ អនុលោមតាមផែនការកំណត់សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៦៦.៩៦២,០០លានរៀល។ លទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ២០២.៣៦១,០០លានរៀល ស្មើនឹង ៣០២,២០ភាគរយ នៃផែនការ។ ឆ្នាំ២០២០ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ២៥៨.២៤៩,០០លានរៀល។ លទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបាន ១៥៨.៥៦១,២៨លានរៀល ស្មើនឹង ១០០,២០ភាគរយ។ ឆ្នាំ២០២១ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៧៧.៦០០,០០លានរៀល។ លទ្ធផលការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១០០.៧១៩,៤៩លានរៀល ។ លទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១០០.៧១៩,៤៩ លានរៀល ស្មើនឹង១២៩,៧៩ភាគរយ។

លោកបានបន្តថា ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២២ សាខាពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១៩.៦០៧,៣៩លានរៀល ប្រមាណជា ៤,៩០លានដុល្លារអាម៉េរិក ស្មើនឹង១៨,៨៧ភាគរយ នៃផែនការឆ្នាំ២០២២ មានចំនួន១០៣.៨៨៦,០០លានរៀល ប្រមាណជា ២៥,៩៧លានដុល្លារអាម៉េរិក ក្នុងនោះ-ចំណូលថវិកាថ្នាក់ជាតិប្រមូលបានចំនួន ៤.៣៥៤ ,៨២លានរៀល ស្មើនឹង ១៥ភាគរយ។ -ចំណូលថវិការរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រមូលបានចំនួន ១៥.២៥២,៥៦លានរៀល ស្មើនឹង ២០ភាគរយ។ -ចំណូលបូកបន្តរយ:ពេល២ខែ ក្នុងឆ្នាំ២០២២ មានការកើនឡើងចំនួន ៤.១៤០,៩៨លានរៀល ស្មើនឹង ២៥,០២ភាគរយ ធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២១ ៕