កម្ពុជាទាមទារឱ្យអ្នករាយការណ៍ពិសេសផ្ដល់ភស្តុតាង ចំពោះការចោទប្រកាន់ថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មានការបំភិតបំភ័យ


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឱ្យអ្នករាយការណ៍ពិសេសផ្ដល់នូវភស្តុតាងរឹងមាំជាក់ស្ដែង ចំពោះការចោទប្រកាន់ថា «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មានការបំភិតបំភ័យ និងការព្រួយបារម្ភ»។ នេះបើតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ការតតាំងរបស់តំណាងកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាអន្តរសកម្មស្ដីពីរបាយការណ៍ផ្ទាល់មាត់របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ដោយមានគណៈប្រតិភូចំនួន៣៦ប្រទេស បានចូលរួមថ្លែងបទអន្តរាគមន៍។

នៅក្នុងឱកាសនោះ គណៈប្រតិភូពីប្រទេសចំនួន២៨ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ ក្នុងនោះ គណៈប្រតិភូជាច្រើនបានអបអរសាទរចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ រួមទាំងអត្រាដ៏ខ្ពស់នៃការចាក់វ៉ាក់សាំងទូទាំងប្រទេសដោយឥតគិតថ្លៃ និងកម្មវិធីគាំពារសង្គមជាច្រើនដល់ក្រុមងាយរងគ្រោះ ព្រមទាំងទទួលស្គាល់ចំពោះវឌ្ឍនភាពនិងសមិទ្ធផលនានា ក្នុងការលើកកម្ពស់តួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ សហគ្រិនភាព ក្នុងសន្តិភាពនិងសន្តិសុខ ក៏ដូចជាការលើកកម្ពស់សិទ្ធិកុមារ។

ជាមួយគ្នានេះ គណៈប្រតិភូក៏បានលើកសរសើរកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធយ៉ាងទូលំទូលាយ ក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី ស្ថាប័នជាតិសិទ្ធិមនុស្ស ស្របតាមគោលការណ៍ទីក្រុងប៉ារីស និងបានថ្លែងសង្កត់ធ្ងន់លើរបៀបរបបការងាររបស់អ្នករាយការណ៍ពិសេស ដែលគួរតែគោរពគោលការណ៍សត្យានុម័ត តុល្យភាព មិនធ្វើនយោបាយូបនីយកម្ម និងមិនជ្រើសរើសតែមួយជ្រុង ដោយត្រូវគិតគូរផងដែរនូវទស្សនៈរបស់រដ្ឋាភិបាល កាលៈទេសៈរបស់ប្រទេស និងសារៈសំខាន់នៃប្រភពព័ត៌មានដែលអាចជឿជាក់បាន និងមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ព្រមទាំងអង្គហេតុពិត។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកំណែទម្រង់បោះឆ្នោត លំហនយោបាយ និងពហុភាពនៃទស្សនៈនយោបាយ សំដៅធានាថា ការបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្ដាប់ធ្នាប់ ដោយសន្តិវិធី និងមានតម្លាភាព ក៏ត្រូវបានគណៈប្រតិភូប្រទេសអាស៊ាន និងប្រទេសផ្សេងទៀត សម្តែងការស្វាគមន៍ផងដែរ។

«ជាការកត់សម្គាល់ គណៈប្រតិភូចំនួន០៨ ប្រទេសផ្សេងទៀត ដែលបានចូលរួមក្នុងកិច្ចពិភាក្សាខាងលើបានបញ្ចេញមតិយោបល់ទិតៀនលំហពលរដ្ឋនិងនយោបាយ រួមទាំងសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំដោយសន្តិវិធី។ ទន្ទឹមនេះ គណៈប្រតិភូទាំងនោះស្ទើរតែទាំងអស់ ក៏បានស្វាគមន៍កិច្ចសហប្រតិបត្តិការដ៏យូរលង់ និងការចូលរួមប្រកបដោយស្ថាបនារបស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួមទាំងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គណៈកម្មាធិការតាមដានការអនុវត្តសន្ធិសញ្ញា និងអ្នករាយការណ៍ពិសេស។ ម្យ៉ាងទៀត ក៏មានការទទួលស្គាល់ផងដែរលើវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់កម្ពុជា ក្នុងការអនុវត្តកំណែទម្រង់ការបោះឆ្នោត»។ នេះជាការគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍។

នៅក្នុងបទអន្តរាគមន៍ឆ្លើយតបទៅនឹងរបាយការណ៍ចោទប្រកាន់ របស់អ្នករាយការណ៍ពិសេស ដែលថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មានការបំភិតបំភ័យ និងការព្រួយបារម្ភ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ដូចតទៅ៖

«បើទោះបីជាកម្ពុជា បានផ្តល់នូវកិច្ចសហប្រតិបត្តិការពិតប្រាកដរបស់ខ្លួន ដែលស្ដែងឡើងតាមរយៈកិច្ចសន្ទនាចំនួន១៩លើក ជាមួយអ្នករាយការណ៍ពិសេស ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ យ៉ាងណាក៏ដោយ ក៏របាយការណ៍របស់អ្នករាយការណ៍ពិសេសពុំបានលើកឡើងឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ថែមទាំងរំលងនូវគោលការណ៍សត្យានុម័ត អព្យាក្រឹត និងមិនជ្រើសរើសតែមួយជ្រុង»

«សូមស្នើជាថ្មីម្ដងទៀតឱ្យអ្នករាយការណ៍ពិសេសផ្ដល់នូវភស្តុតាងរឹងមាំជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ចំពោះការចោទប្រកាន់ចំនួនពីរករណី ដែលអ្នករាយការណ៍ពិសេសបានថ្លែងកន្លងមក»

«ធាតុពិត សុខសន្តិភាពពេញលេញ ឯកភាពទឹកដី និងការបង្រួបបង្រួមជាតិពិតប្រាកដ ដែលអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) មិនបានបំពេញ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ ត្រូវបានសម្រេចទាំង ស្រុងតាមរយៈ “នយោបាយឈ្នះ-ឈ្នះ” របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ជោគជ័យនេះបានជំរុញឱ្យកម្ពុជាមានការរីកចម្រើននិងការអភិវឌ្ឍ ព្រមទាំង ទទួលបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសបានប្រែក្លាយកម្ពុជាជាប្រទេសមាន “ចំណូលមធ្យមកម្រិតទាប” ក្នុងឆ្នាំ២០១៦ និងធ្វើឱ្យកម្ពុជាបំពេញបានជាលើកដំបូងនូវលក្ខណៈវិនិច្ឆ័យចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២១។ នៅសប្តាហ៍មុន ឯកឧត្តម Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន បានបង្ហាញនូវមោទនភាពចំពោះវឌ្ឍនភាពរបស់កម្ពុជា និងបានថ្លែងថា ពិភពលោកដែលកំពុងស្ថិតក្នុងកាលៈទេសៈដ៏គួរឱ្យព្រួយបារម្ភនេះ គួររៀនសូត្រពីស្មារតីសុខសន្តិភាពរបស់ប្រទេសកម្ពុជា»

«កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សមិនមែនផ្តោតលើការរត់ប្រណាំងប្រជែងគ្នា និងភាពល្អឥតខ្ចោះអំពីបញ្ហាទេ ប៉ុន្តែគឺដូចនឹងការរត់រយៈចម្ងាយវែង ដែលត្រូវផ្តោតលើការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងវឌ្ឍនភាពជាក់ស្តែង ហើយកិច្ចពិភាក្សាលើប្រធានបទនេះគួរធ្វើឡើងដោយផ្អែកលើស្ថិតិ និងអង្គហេតុ មិនមែនផ្អែកទៅតាមអារម្មណ៍យល់ឃើញនោះទេ»

* «កម្ពុជា ជាប្រទេសតូចមែនពិត ប៉ុន្តែមានប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណីនិងឌីជីថល ជិត២.០០០ អង្គភាព ដែលក្នុងនោះមានទាំងប្រព័ន្ធផ្សព្វផ្សាយដែលតែងតែរិះគន់រដ្ឋាភិបាលជាប្រចាំ មានសហជីពជិត ៦.០០០ និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីចំនួនជិត៦.០០០»

* វាជាប្រការគួរឱ្យអស់សំណើច ដែលអ្នករាយការណ៍ពិសេសទទូចឱ្យមានតម្លាភាពនិងគណនេយ្យភាព ប៉ុន្តែបែរជារិះគន់ ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលបានដាក់បញ្ចូលនូវគោលការណ៍ដ៏សំខាន់ទាំងនោះ ចំពោះមូលនិធិ និងសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងអ្វីដែលអ្នករាយការណ៍ពិសេសហៅថា ការកាត់ក្តីទ្រង់ទ្រាយធំ តំណាងកម្ពុជាបានបកស្រាយបំភ្លឺថា៖

«អ្នករាយការណ៍ពិសេសពុំបានផ្តល់អង្គហេតុលម្អិត ដែលធាតុពិត មានជាប់ពាក់ព័ន្ធនឹងការញុះញង់ឱ្យយោធិននិងជនស៊ីវិលមិនស្តាប់បង្គាប់។ ទង្វើបែបនេះសុទ្ធតែត្រូវបានគេថ្កោលទោស។ មេក្លោងរៀបចំផែនការនេះក៏ត្រូវបានថ្កោលទោសផងដែរដោយអ្នករាយការណ៍ពិសេសមុន នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ចំពោះទង្វើញុះញង់ឱ្យផ្ដួលរំលំរដ្ឋាភិបាលដែលជ្រើសតាំងដោយប្រជាជន»

«ការចូលរួមរបស់បុគ្គលណាម្នាក់ជាមួយគណបក្សនយោបាយនិងអង្គការមិនមែនរដ្ឋាភិបាល មិនមែនជាអាជ្ញាប័ណ្ណសម្រាប់ឱ្យបុគ្គលនោះ បំពានច្បាប់ដោយនិទណ្ឌភាពនោះទេ។ បទល្មើសគឺជាបទល្មើស ហើយគេមិនអាចយកបទល្មើសនោះ ទៅបំភ្លៃជាហេតុផលថា បម្រើឱ្យគោលបំណងដទៃផ្សេងឡើយ»

ដោយរំលឹកឡើងវិញជូនអង្គប្រជុំពី មេដឹកនាំបក្សប្រឆាំងដែលបានហៅបុគ្គលទាំងឡាយណាដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញថា ជាជនក្បត់ និងដែលបានញុះញង់អ្នកខ្ចីប្រាក់ពីធនាគារ មិនឱ្យសងប្រាក់កម្ចី តំណាងកម្ពុជាបានចោទសួរអ្នករាយការណ៍ពិសេស និងប្រតិភូប្រទេសលោកខាងលិចដែលមានវត្តមានក្នុងកិច្ចសន្ទនាថា «តើទាំងអស់នេះឬ ដែលជាសំឡេងប្រឆាំង និងសេរីភាពបញ្ចេញមតិ ដែលលោកអ្នកកំពុងគាំទ្រចង់ឱ្យមាន នៅប្រទេសកម្ពុជា»?

ប្រតិកម្មទៅនឹងការចោទប្រកាន់ដោយមិនឈរលើហេតុផល អំពីការដឹកនាំដោយឯកបក្សនោះ តំណាងអចិន្ត្រៃយ៍កម្ពុជាបានសង្កត់ធ្ងន់ថា៖ «ការដឹកនាំនៅកម្ពុជា គឺកើតចេញពីការបោះឆ្នោតជ្រើសតាំងដោយប្រជាជន តាមបែបប្រជាធិបតេយ្យ និងស្របតាមរដ្ឋធម្មនុញ្ញ។ បើទោះបីជាមានការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោតក្នុងឆ្នាំ២០១៨ ដោយក្រុមមួយចំនួនយ៉ាងណាក្ដី ក៏អត្រាប្រជាជនចូលរួមបោះឆ្នោតមានចំនួន ៨៣,០២% ហើយក្នុងនោះ ៧៧% បានផ្ដល់ការជឿទុកចិត្តបោះឆ្នោតជូនបក្សកាន់អំណាច ដើម្បីបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព»

ចំពោះការរៀបចំការបោះឆ្នោត បទអន្តរាគមន៍របស់គណៈប្រតិភូកម្ពុជា បានលើកឡើងថា «មានអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន៣២រូប ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ដោយក្នុងនោះ អ្នកនយោបាយខ្លះបានទៅបង្កើតគណបក្សថ្មីចំនួន៦ ដើម្បីចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោតខាងមុខ។ កិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយនានា ត្រូវបានដាក់ចេញ ដើម្បីធានាថា ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ ដោយសន្តិវិធី និងតម្លាភាព។ កំណែទម្រង់បោះឆ្នោតជាតិមានរួមបញ្ចូលឌីជីថលូបនីយកម្ម។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតែមានសមាសភាពចម្រុះនិងអព្យាក្រឹត ស្របតាមច្បាប់។ អាជ្ញាធរនៅមូលដ្ឋានត្រូវបានណែនាំយ៉ាងត្រឹមត្រូវ ឱ្យបង្កើតបរិយាកាសអំណោយផលសម្រាប់គណបក្សនយោបាយទាំង១៧ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែង។ ស្ថាប័នរៀបចំការបោះឆ្នោត និងរាជរដ្ឋាភិបាលបានជួបសន្ទនាជាមួយគណបក្សប្រឆាំង ដើម្បីដោះស្រាយកង្វល់នានា ពាក់ព័ន្ធនឹងការបោះឆ្នោត»

នៅចុងបញ្ចប់ តំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបន្តធ្វើការជាមួយដៃគូទាំងអស់ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស សម្រាប់ទាំងអស់គ្នា នៅក្នុងក្របខណ្ឌនៃនីតិរដ្ឋ បន្តលើកតម្កើងការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាសន្តិភាពនៅកម្ពុជា ដែលសម្រេចបានដោយលំបាក ហើយដែលប្រជាជនកម្ពុជាគ្រប់រូបផ្តល់តម្លៃនិងគាំពារ៕