សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា មាននិមិត្តសញ្ញា «ទេវតា»សម្តេចនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតឆ្នាំ២០២៣


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មាននិមិត្តសញ្ញា «ទេវតា» ហើយសម្តេចនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោត ឆ្នាំ២០២៣។

សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «គ្មាននរណាដែលដូរទេវតានោះទេ! មានភូមិទេវតា រុក្ខទេវា អាកាសទេវតា គេមិនដែលដូរទេ។ ហើយបើទេវតាប្រចាំឆ្នាំ ក៏គេដូរក្នុងវេនពួកទេវតាប្រចាំឆ្នាំដូចគ្នា។ ឥឡូវនេះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានសញ្ញាទេវតា អញ្ចឹងទេសូមបន្តបោះឆ្នោត។ ខ្ញុំសូមបញ្ជាក់ថា បេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោត ២០២៣ គឺ ហ៊ុន សែន ដដែល»

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៀតថា ការរៀបចំលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត របស់គណបក្សប្រជាជនកម្ពុជា គឺជាការរៀបចំទុកជាមុន ដើម្បីបញ្ចៀសការកើតបញ្ហាជាយថាហេតុណាមួយ។

សូមជម្រាបថា កន្លងមកសម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បញ្ជាក់ថា សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ខាងមុននេះ គឺសម្តេចនៅតែស្ថិតក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្ត្រី ចំពោះការផ្លាស់ប្តូរមេដឹកនាំនៅពេលណានោះ គឺជារឿងក្រោយការបោះឆ្នោត។ ចំពោះតំណែងជានាយករដ្ឋមន្ត្រីនេះ សម្តេចធ្វើរហូតដល់លែងចង់ធ្វើ ហើយចំពោះការត្រៀមមនុស្សបន្តវេន ជារឿងធម្មតាសម្រាប់ជំនាន់ក្រោយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា ក្នុងជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានធនធានមនុស្សគ្រប់ជំនាន់ ទាំងអាយុក្រោម ៩០ឆ្នាំ អាយុក្រោម ៨០ឆ្នាំ អាយុក្រោម ៧០ឆ្នាំ អាយុក្រោម ៦០ឆ្នាំ អាយុក្រោម ៥០ឆ្នាំ និងអាយុក្រោម ៤០ឆ្នាំ ដែលត្រូវបន្ស៉ីគ្នាក្នុងការដឹកនាំ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការជ្រើសរើសអ្នកបន្តវេនពុំចាំបាច់សួរនាំអាយុប៉ុន្មាននោះទេ សំខាន់ធ្វើការងារបាន ឬមិនបាន។ តួយ៉ាងរូបសម្តេចផ្ទាល់ បានទទួលការបោះឆ្នោតគាំទ្រ ក្លាយជានាយករដ្ឋមន្ត្រីទាំងវ័យក្មេង តាំងអាយុ ៣២ឆ្នាំមកម្ល៉េះ ហើយធ្លាប់ទទួលតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស កាលពីអាយុ ២៧ឆ្នាំ៕