អភិបាលខេត្តស្វាយរៀង៖ សមិទ្ធផលច្រាំងទន្លេវ៉ៃគោ ជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានពីផ្លែផ្កានៃសុខសន្តិភាព


(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តស្វាយរៀងថា សមិទ្ធផលច្រាំងទន្លេវ៉ៃគោ ជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានពីផ្លែផ្កានៃសុខសន្តិភាព សម្រាប់ជាចំណងដៃជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសនៅក្នុងក្រុងស្វាយរៀងរបស់យើង ដើម្បីជាការស្វាគមន៍ទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាខាងមុខនេះ។

ការថ្លែងរបស់ ឯកឧត្តមអភិបាលខេត្តស្វាយរៀងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលច្រាំងទន្លេវ៉ៃគោ នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។

ពិធីនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំង៣ គណៈអភិបាលក្រុងស្វាយរៀង ប្រធានមន្ទីរ-អង្គភាព នាយក នាយករងទីចាត់ការ ប្រធាន អនុ ប្រធានអង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត និងចំណុះសាលាក្រុង លោកចៅសង្កាត់ទាំង៧ និងលោក លោកស្រីមេភូមិនានាក្នុងក្រុងស្វាយរៀង។

ឯកឧត្តម ម៉ែន វិបុល បានអបអរសាទរចំពោះសមិទ្ធផលថ្មីជាច្រាំងទន្លេសួនច្បារ អមដោយឧបករណ៍ហាត់ប្រាណ និងក្លោងទ្វារ ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការរួមគ្នានៅថ្ងៃនេះ ដែលប្រវែង ៩៦៧ម៉ែត្រ សួនច្បារ ចំនួន៧សួន ទីតាំងដាក់ឧបករណ៍ហាត់ប្រាណ ចំនួន៣កន្លែង (មានឧបករណ៍ហាត់ប្រាណ ៦០ឈុត) បង្គោលភ្លើង(អំពូលសូឡា) ៨៤បង្គោល ដាំដើមឈើ ៨២ដើម ទីតាំងរៀបចំវេទិកាប្រណាំងទូក ១កន្លែង ក្លោងទ្វារ ២អមសងខាង។

ឯកឧត្តមបានបន្ថែមថា «ជាការពិតណាស់កន្លងមកទីនេះយើងមិនមានជាច្រាំងទេ គឺមានតែផ្លូវ ទំនប់ ទល់នឹងទន្លេតែម្ដង ដែលត្រូវបានស្ថាបនាឡើង តាំងពីជំនាន់ឯកឧត្តម ហ៊ុន ណេង ជាអភិបាលខេត្ត នៅឆ្នាំ២០០៣ ប៉ុន្តែអាស្រ័យដោយស្ថានភាពផ្លូវនេះមានលក្ខណៈតូចចង្អៀត ហើយរាល់ពេលយើងរៀបចំពិធីប្រណាំងទូកម្ដងៗ គឺពិតជាមានការលំបាកណាស់ ណាមួយមិនមានទីតាំងសម្រាប់ដំឡើង វេទិកាបានត្រឹមត្រូវ ណាមួយប៉ះពាល់ ដល់ការធ្វើចរាចរណ៍ផងដែរនៅពេលរៀបចំពិធីម្ដងៗ ដូច្នេះហើយទើបនៅឆ្នាំ២០១៨ ក្នុងនាមជាអភិបាលខេត្ត ក៏បានផ្ដួចផ្ដើមឲ្យមានការស្ថាបនាច្រាំងនេះឡើង ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ដែលជាគម្រោងពហុឆ្នាំ ដោយមានការ គាំទ្រពីក្រុមប្រឹក្សាខេត្ត លោកជំទាវកិត្តិសង្គហបណ្ឌិតប្រធានក្រុមការងារ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»

 ឯកឧត្តមបញ្ជាក់ថា ច្រាំងថ្មីនេះ នឹងដើរតួនាទី៤យ៉ាងសំខាន់ៗរួមមាន៖

*ទី១៖ លើកកម្ពស់សោភ័ណភាព
*ទី២៖ លើកកម្ពស់សុខុមាលភាពសង្គម តាមរយៈផ្ដល់ជាលំហបៃតង និងជាទីតាំងសម្រាប់ហាត់ប្រាណ
*ទី៣៖ សម្រាប់ជាវេទិកាប្រ ណាំងទូក
*ទី៤៖ ជាទីតាំងទេសចរណ៍សម្រាប់ប្រជាពលរដ្ឋមកកម្សាន្ត។

ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជួយថែរក្សាសមិទ្ធផលថ្មីនេះ ដើម្បីធានាការប្រើប្រាស់ឲ្យបានគង់វង្សយូរអង្វែង។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តដោយនៅនូវខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ សូមចូលរួមប្រើប្រាស់ឲ្យបានចំគោលដៅ ជាពិសេសឧបករណ៍ហាត់ប្រាណរបស់យើង (សូម ជួយថែទាំ)។
*ទី២៖ សូមចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យបានល្អ ដែលអាជ្ញាធរក្រុង ត្រូវរៀបចំដាក់ធុងសំរាមឲ្យបានច្រើនកន្លែង និងឲ្យមានការសម្អាតជាប្រចាំ។
*ទី៣៖ អាជ្ញាធរក្រុង ក៏ត្រូវសហការក្នុងការថែទាំសួន ក៏ដូចជាដើមឈើឲ្យបានល្អ។
*ទី៤៖ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្ត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
*ទី៥៖ បន្តចូលរួមពិនិត្យនៅមូលដ្ឋានរបស់យើង ដើម្បីបង្ការ ទប់ស្កាត់ករណីគ្រឿងញៀនគ្រប់ប្រភេទ។
*ទី៦៖ ត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានល្អប្រសើរ។
*ទី៧៖ បន្តជំរុញប្រជាពលរដ្ឋឲ្យមកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងសូមឲ្យមានការរៀបចំក្រុមគ្រូពេទ្យ និងទីតាំងចាក់វ៉ាក់សាំងនៅតាមវត្តអារាម ឬទីន្លែងកម្សាន្តនានាតាមការណែនាំ។
*ទី៨៖ ត្រូវបន្តពង្រឹងការអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេស វិធានការ «៣ការពារ និង៣កុំ»។
*ទី៩៖ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅ បោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕