សម្តេចតេជោ ហ៊ុន សែន៖ ចូលឆ្នាំថ្មីកន្លងទៅនេះ ពលរដ្ឋសប្បាយរីករាយខ្លាំង ប្រៀបដូចពេលរំដោះពីរបបប្រល័យពូជសាសន៍ និងការបញ្ចប់សង្គ្រាមទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលទើបកន្លងផុតទៅថ្មីៗនេះ ប្រជាជពលរដ្ឋខ្មែរ មានក្តីសប្បាយរីករាយយ៉ាងខ្លាំង ប្លែកជាងឆ្នាំកន្លងទៅ ហើយការសប្បាយរីករាយនេះ ប្រៀបដូចពេលប្រជាពលរដ្ឋទើបរំដោះចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ និងប្រៀបដូចពេលដែលកម្ពុជា បញ្ចប់សង្គ្រាមទាំងស្រុង តាមរយៈនយោបាយឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៨ ផងដែរ។

ការថ្លែងយ៉ាងដូចនេះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាស អញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការចូលឆ្នាំកន្លងទៅនេះ គឺអាចចាត់ទុកថាជាការចូលឆ្នាំ ដែលខុសប្លែកពីធម្មតា។ ខ្ញុំគិតថា ហាក់ដូច ជាបានប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ ៧មករា ១៩៧៩ ដែលប្រជាជនចេញពីរបប ប៉ុល ពត បន្ទាប់ទៅក៏ប្រៀបធៀបបានទៅនឹងការបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាព និងការឯកភាពជាតិ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលប្រជាជនសាទរ ក្នុងការដែលប្រទេសមួយអត់សង្គ្រាម ដល់ទៅថ្ងៃចូលឆ្នាំនេះ ហាក់ដូចជាប្រជាជនយើង បានចេញពីការគាបសង្កត់រយៈពេលជាង២ឆ្នាំ ដោយកូវីដ១៩ អត់បានចូលឆ្នាំ»

សម្តេចតេជោ ហ៊ុន សែន បានរំលឹកផងដែរថា សម្តេចបានប្រកាសអំពីការប្តូរផ្តាច់ឲ្យប្រជាជនកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឲ្យខាងតែបាន ចាប់ពីតាំងពីខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ។

ជាមួយគ្នានេះ សម្តេចតេជោលើកឡើងថា ការដែលអាចប្រារព្ធបុណ្យចូលឆ្នាំថ្មី ប្រកបដោយក្តីសប្បាយរីករាយ នាពេលកន្លងទៅនេះ គឺបានមកពីការខិតខំទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល និងប្រជាជនគ្រប់រូប តាមរយៈការដាក់ចេញនូវវិធានការនានារបស់រាជរដ្ឋាភិបាល និងការអនុវត្តន៍វិធានសុខាភិបាល រួមទាំងការទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលត្រូវបានចាក់ស្រោចទូទាំងប្រទេស។

សម្តេចតេជោបានរំលឹកផងដែរថា កាលពីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២១ គឺជាឆ្នាំដែលកម្ពុជា ស្ថិតក្នុងស្ថានភាពលំបាកបំផុត ដោយសារតែជំងឺកូវីដ១៩ ដែលពេលនោះបានរាលដាលខ្លាំង និងមានការស្លាប់ច្រើនផងដែរ ទើបតម្រូវឲ្យមានការបិទខ្ទប់ប្រទេស។ ប៉ុន្តែផ្ទុយទៅវិញ ពេលនេះទើបបងប្អូនប្រជាពលរដ្ឋ ដឹងថា ការខិតខំរបស់សម្តេចនៅពេលនោះ ដើម្បីមានឱកាសប្រារព្ធបុណ្យចូលឆ្នាំថ្មី សប្បាយរីករាយដូចឆ្នាំនេះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងទៀតថា «បងប្អូនប្រជាពលរដ្ឋម កដល់ពេលនេះទើបដឹងថា ហ៊ុន សែន បានធ្វើកាលពីពេលមុន គឺដើម្បីអ្វី? ដើម្បីសេចក្តីសុខ របស់បងប្អូននៅពេលនោះ និងនាំមកនូវការសប្បាយរីករាយ នៅពេលនេះ។ វិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលដាក់ចេញ ពិសេសខ្លួនខ្ញុំផ្ទាល់ ដើម្បីការពារជីវិតរបស់បងប្អូន និងពេលនេះគឺបងប្អូនសប្បាយលើសឆ្នាំណាៗទាំងអស់»

ទោះជាយ៉ាងនេះក្តី សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែអំពាវនាវដល់បងប្អូនបន្តអនុវត្តន៍នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងបន្តចូលរួមទៅចាក់វ៉ាក់សាំងទាំងដូសជំរុញ និងដូសមូលដ្ឋានឲ្យបានគ្រប់គ្នា ដើម្បីបង្កើតឲ្យមានភាពសុំាសហគមន៍ អាចបន្តបាននូវភាពសប្បាយរីករាយ ថែមទៀត៕