អំណោយចំនួន ១៥០កញ្ចប់ និងសារ៉ុងចំនួន១០០ ត្រូវបានផ្តល់ជូន សាសនិកឥស្លាមក្នុងភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម


រសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោគ សម្រាប់ខែរ៉ាម៉ាឌន នៃសាសនិកឥស្លាម នៅភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ចំនួន ២៥០គ្រួសារ ។
ពិធីខាងលើនេះ គឺមានការចូលរួម ពី ឯកឧត្តម វេជ្ជ.សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ឆាន់ សុផល អនុប្រធានថ្នាក់កណ្តាលចុះជួយស្រុកចំការលើ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចំការលើ លោក យន់ ឈុនលាង អភិបាលរងស្រុក តំណាងលោកអភិបាលនៃគណៈអភិបាលស្រុកចំការលើ សមាជិកក្រុមប្រឹក្សាស្រុក អុីម៉ាំស្រុកចំការលើ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ។

ឯកឧត្តមតំណាងរាស្រ្តក៏ បាននាំក្តីនឹករលឹក ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំថែរក្សាសុខភាពអោយបានល្អ និងចូលរួមចាក់វ៉ាក់សាំងការពារ កូវីដ១៩ និងចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងរក្សាសន្តិភាព តាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។

សូមបញ្ជក់ថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋ ខ្វះខាតចំនួន២៥០គ្រួសារ ៖
⁃ ១៥០គ្រួសារ ទទួលបានអាហារកញ្ចប់ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១៥គីឡូក្រាម មី១០ កញ្ចប់ ទឹកគោ០១កំប៉ុង ស្កសរ ១គីឡូក្រាម អំបិល០១គីឡូក្រាម ប្រេងឆា០១ដប
-១០០គ្រួសារ ទទួលបានសារ៉ុងសម្រាប់ប្រើប្រាស់ពេលថ្ងៃបុណ្យរ៉យ៉ា ( បុណ្យស្រាយបួស នាពេលខាងមុខ)

អំណោយ និងសារ៉ុង ខាងលើ សរុបជាថវិកា ១៤,៥០០,០០០រៀល ដែលជាជំនួយរបស់អឌ្ឍចន្ទក្រហមនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត តាមរយៈសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ។