ឯកឧត្តម វេង សាខុន អញ្ជើញចុះពិនិត្យ កសិដ្ឋានចិញ្ចឹមស្វា របស់ក្រុមហ៊ុនSNBL ក្នុងខេត្តកំពង់ចាម


នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រោមឱវាទក្រសួង បានអញ្ជើញចុះពិនិត្យ កសិដ្ឋានចិញ្ចឹមស្វា របស់ក្រុមហ៊ុនSNBL ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីពិនិត្យមើលពីខ្សែសង្វាក់នៃការចិញ្ចឹម និងការនាំចេញសត្វ ស្វា រស់ទៅកាន់ទីផ្សារអន្តរជាតិ។ សូមបញ្ជាក់ថា ក្រុមហ៊ុននេះចិញ្ចឹមស្វាចំនួន ១៦០០០ក្បាល មេចំនួន ៧០០០ក្បាល ប្រើប្រាស់ចំណីចំនួន ៣៧៥គីឡូក្រាម និងផ្លែឈើចម្រុះប្រមាណ ៨០០គីឡូក្រាម ក្នុងមួយថ្ងៃ និងប្រើប្រាស់កម្លាំងពលកម្មចំនួន ១៥២នាក់។ ក្រុមហ៊ុនបានធ្វើការនាំចេញជាមធ្យមចំនួន ៤៤០០ក្បាល ក្នុងមួយឆ្នាំ ទៅកាន់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ នៅក្នុងនោះក្រុមហ៊ុនក៏មាន បំពាក់នូវឧបករណ៏ និងបច្ចេកវិទ្យាទំនើបសម្រាប់ពិនិត្យ និងតាមដានសុខភាពសត្វស្វា ព្រមទាំង ទីតាំងចត្តាឡីសក្តិ (Quarantine) ដើម្បីត្រួតពិនិត្យសុខភាពមុននឹងធ្វើការនាំចេញ។