(ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានក្រុមកាងារគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសើរ និងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលខិតខំអស់កម្លាំងកាយ និងស្មារតី ដណ្តើមជោគជ័យជូនបក្ស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណិត្តទី៥។
លិខិតរបស់លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា «ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តស្វាយរៀង ដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតីចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាពិសេស ការដណ្ដើមបានជោគជ័យ ជាទីពេញចិត្តជូនគណបក្សប្រជាជនកម្ពុជា។
លោកជំទាវបន្ថែមថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់នៃខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិកា និងសកម្មជនទាំងអស់ ដែលបានចូលរួមយ៉ាងផុលផុស ក្នុងការផ្សព្វផ្សាយ និងការបញ្ជ្រាបនូវគោលនយោបាយគណបក្ស ជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅទូទាំងខេត្តស្វាយរៀងឲ្យបានយល់ដឹង និងជ្រួតជ្រាប រហូតទទួលបានការគាំទ្រក្នុងការបន្តបេសកកម្មដឹកនាំមូលដ្ឋាន ឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ និងអាណត្តិបន្តទៀត ។ ជ័យជម្នះដ៏គួរឲ្យកោតសរសើរនេះ ពិតជាមិនអាចកាត់ផ្តាច់ បានពីការចូលរួមចំណែកយ៉ាងសំខាន់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជនគណបក្ស ដែលបានលះបង់ពេលវេលា និងធនធាន ចូលរួមគាំទ្រដល់បុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់បានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ»។
លោកជំទាវបញ្ជាក់ទៀតថា ទន្ទឹមនេះ ដំណើរការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សានៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យឃើញនូវ ភាពកាន់តែចាស់ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការអនុវត្ត គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀងដែលបានបន្តគាំទ្រ និងបានផ្តល់ជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាគោរពតាមបទបញ្ហា និងនីតិវិធីនានាជាធរមាន រួមចំណែកធ្វើឲ្យការរៀបចំ ព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅរលូន សេរីត្រឹមត្រូវ និងយុត្តិធម៌៕