ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែកក្កដា ភ្លៀងបន្តធ្លាក់តិចទៅច្រើន ខណៈតំបន់មាត់សមុទ្រអាចមានជំនន់ទឹកភ្លៀង


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ ១៩ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងបានឲ្យដឹងថា ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖

* ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំង។
* ចាប់ពីថ្ងៃទី១៥-១៩ ខែកក្កដា ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី៣២-៣៤ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្ហូរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
* ថ្ងៃទី១៣-១៤ ខែកក្កដា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅ ផ្នែកខ្លះក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យលំខ្លាំង និងរលកសមុទខ្ពស់៕