(ភ្នំពេញ)៖ ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើសិក្ខាសាលាដើម្បីប្រារព្ធខួបលើកទី២០ នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) កាលពីនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។
សូមរំលឹកថា នៅឆ្នាំ២០០២ ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានជាលើកទី១ ពុំទាន់មានជម្លោះខ្លាំងក្លាទេ រវាងប្រទេសពាក់ព័ន្ធអាស៊ាន និងប្រទេសចិន នៅសមុទ្រចិនខាងត្បូង ក៏ប៉ុន្ដែកម្ពុជាប្រមើលមើលទៅពេលអនាគត អាចមានជម្លោះនៅសមុទ្រចិនខាងត្បូងរវាងប្រទេសពាក់ព័ន្ធ និងប្រទេសចិន អាចវិវត្តន៍ទៅជាសភាពធ្ងន់ធ្ងរ បានជាកម្ពុជាខិតខំក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីសម្រេចបានសេចក្តីថ្លែងការណ៍ DOC ដោយមានការខិតខំយ៉ាងលំបាកក្នុងការសម្រុះសម្រួលប្រទេសអាស៊ានពាក់ព័ន្ធខ្លះជាមួយចិន ដើម្បីសម្រេច DOC នេះ។ ក្នុងរយៈពេល ២០ឆ្នាំកន្លងមក (២០០២-២០២២) DOC នេះ អាចចាត់ទុកជាឯកសារប្រវត្តិសាស្ត្រដើម្បីជៀសវាងសង្គ្រាមនៅសមុទ្រចិនខាងត្បូង។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងសុន្ទរកថាគន្លឹះមួយអំពី DOC រួចក៏អញ្ជើញឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ថ្លែងសុន្ទរកថាគន្លឹះមួយតាម Online ដូចតទៅ៖
ឯកឧត្តម ហោ ណាំហុង បានថ្លែងថា លោកមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមជាមួយ ឯកឧត្តម វ៉ាង យី ក្នុងការថ្លែងសុន្ទរកថាគន្លឹះក្នុងឱកាសប្រកបដោយអត្ថន័យនេះ ដើម្បីប្រារព្ធខួបលើកទី២០ នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (The 20th Anniversary of the Declaration on the Conduct of Parties in the South China Sea-DOC) និងដើម្បីរំលឹកឡើងវិញអំពីសារៈសំខាន់នៃ DOC ដែលឯកឧត្តមជឿថា ជាឯកសារប្រវត្តិសាស្ត្រមួយរបស់សមុទ្រចិនខាងត្បូង ដែលបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការដោយសន្តិវិធី រវាងភាគីពាក់ព័ន្ធផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង ចាប់តាំងពីការចុះហត្ថលេខានៅឆ្នាំ២០០២។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ អ្នកសហការរៀបចំ នៃនាយកដ្ឋានកិច្ចការព្រំដែន និងមហាសមុទ្រ នៃក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន វិទ្យាស្ថានចិនសម្រាប់សិក្សាព្រំដែន និងមហាសមុទ្រនៃសាកលវិទ្យាល័យវ៉ូហាន (Wuhan University) និងវិទ្យាស្ថានជាតិសម្រាប់ការសិក្សាសមុទ្រចិនខាងត្បូង ក្នុងការផ្តួចផ្តើម និងរៀបចំដ៏ល្អប្រសើរនូវសិក្ខាសាលាដ៏សំខាន់នេះ។
ឯកឧត្តម ហោ ណាំហុង បានថ្លែងបន្តថា នៅឆ្នាំ២០០២ កម្ពុជាបានធ្វើជាប្រធានអាស៊ានជាលើកដំបូង គឺបីឆ្នាំបន្ទាប់ពីចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។ នៅឆ្នាំ២០០២ មិនមានអរិភាពធ្ងន់ធ្ងរនៅសមុទ្រចិនខាងត្បូងទេ ប៉ុន្តែកម្ពុជាបានគិតទុកជាមុនថា ជម្លោះនឹងអាចកើតឡើងតានតឹងក្នុងពេលខាងមុខ។ ដោយវាយតម្លៃលើការពិចារណាបែបនេះ កម្ពុជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការពិគ្រោះយោបល់ស៊ីជម្រៅជាមួយរដ្ឋសមាជិកអាស៊ាន និងចិន ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកម្ពុជា ជាមួយភាគីចិន ក្នុងការធ្វើសេចក្តីព្រាង DOC ដើម្បីបញ្ចៀសជម្លោះនៅសមុទ្រចិនខាងត្បូងកុំឱ្យកើតមានឡើង។ ក្នុងនាមជាប្រធានអាស៊ាន យើងត្រូវបន្តធ្វើការពិគ្រោះយោបល់យ៉ាងយូរ ប្រាកដប្រជា និងអត់ធ្មត់ជាមួយភាគីពាក់ព័ន្ធផ្ទាល់ ដើម្បីទីបញ្ចប់ចុះហត្ថលេខាលើ DOC ក្នុងចំណោមរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ និងចិន។
ឯកឧត្តម ហោ ណាំហុង បានថ្លែងបន្ថែមថា តាមពិតទៅ វាជារឿងគាប់ជួនគ្នាល្អណាស់ ដែលក្នុងឱកាសនោះ ឯកឧត្តម វ៉ាង យី ក្នុងតួនាទីជាបេសកជនពិសេស និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ បានចុះហត្ថលេខាលើ DOC ដែលចាប់តាំងពីពេលនោះមក បានប្រើប្រាស់ជាឧបករណ៍មូលដ្ឋាន ដើម្បីរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង។ អាស្រ័យហេតុនេះ ឯកឧត្តម ហោ ណាំហុង មានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុតនេះជាមួយ ឯកឧត្តម វ៉ាង យី ដើម្បីចែករំលែកគំនិតមួយចំនួនស្តីពីការវិឌ្ឍន៍ ដែលនាំទៅដល់កិច្ចព្រមព្រៀងស្តីពី DOC និងលក្ខណៈសម្បត្តិ និងការប្រឈមក្នុងការអនុវត្តឯកសារដ៏សំខាន់នេះ។ សិក្ខាសាលានេះ អនុញ្ញាតឱ្យយើងពិនិត្យឡើងវិញនូវមេរៀនដែលបានឆ្លងកាត់ ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ ដើម្បីស្វែងរកមធ្យោបាយ ក្នុងការធានាថា ប្រជាជនក្នុងតំបន់របស់យើងអាចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងសមុទ្រចិនខាងត្បូងមួយប្រកបដោយសន្តិភាព សុវត្ថិភាព និងសន្តិសុខ។
បើតាមឯកឧត្តម ហោ ណាំហុង បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហាទាមទារអធិបតេយ្យភាពទឹកដី រវាងរដ្ឋសមាជិកអាស៊ានខ្លះ និងប្រទេសចិន។ ភាពស្មុគស្មាញនៃបញ្ហានេះស្ថិតនៅក្នុងរង្វង់ទីតាំងប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ផ្សេងៗគ្នានៃរដ្ឋដែលទាមទារ។ ប្រទេសកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន រដ្ឋសមាជិកអាស៊ាន និងចិន បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទីបញ្ចប់សម្រេចបាន DOC ចុះហត្ថលេខា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០២ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៨ ដែលធ្វើឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ នោះគឺជាសមិទ្ធិផលប្រវត្តិសាស្ត្រ ដែលបង្ហាញពីសារដ៏មានឥទ្ធិពលមួយ ទៅកាន់សហគមន៍អន្តរជាតិថា អាស៊ាន និងចិន អាចធ្វើការរួមគ្នា ដើម្បីស្វែងរកមូលដ្ឋានរួម និងការយល់ដឹងអំពីរបៀបដោះស្រាយជម្លោះដ៏ស្មុគស្មាញ និងទំនាស់ជុំវិញតំបន់ដែលមានថាមភាព និងសម្បូរបែបបំផុតនេះ។
ឯកឧត្តម ហោ ណាំហុង បានបន្តថា ក្រោម DOC អាស៊ាន និងចិន ប្តេជ្ញាស្វែងរកមធ្យោបាយកសាងទំនុកចិត្ត និងការជឿជាក់ លើមូលដ្ឋានសមភាព និងការគោរពគ្នាទៅវិញទៅមក ស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (The Treaty of Amity and Cooperation in Southeast Asia – TAC) និងគោលការណ៍ច្បាប់អន្តរជាតិ ដែលទទួលស្គាល់ជាសកលផ្សេងទៀត។ ឯកឧត្តមសូមសង្កត់ធ្ងន់ថា គោលបំណងចម្បងរបស់ DOC គឺដើម្បីជ្រោងខ្ពស់ឥរិយាបថស្ថាបនារបស់ភាគីនានា ក្នុងការជំរុញនិងលើកកម្ពស់បរិយាកាសអំណោយផល ដើម្បីសម្រេចបាននូវដំណោះស្រាយប្រកប ដោយសន្តិភាព និងយូរអង្វែងចំពោះការទាមទារដែលត្រួតស៊ីគ្នា និងទំនាស់ តាមរយៈសកម្មភាពកសាងទំនុកចិត្ត និងការជឿជាក់។
ឯកឧត្តម ហោ ណាំហុង បានឲ្យដឹងថា ក្នុងរយៈពេលម្ភៃឆ្នាំចុងក្រោយនេះ DOC បានបើកចំហលទ្ធភាពជាច្រើន និងជំរុញឱ្យមានការចូលរួមជាវិជ្ជមានរវាងរដ្ឋជាសមាជិកអាស៊ាន និងប្រទេសចិន។ ការពិគ្រោះយោបល់ និងសកម្មភាពរួមគ្នាជាច្រើនត្រូវបានអនុវត្ត ដូចជា (១) ការការពារបរិស្ថានសមុទ្រ និងការស្រាវជ្រាវវិទ្យាសាស្រ្ត (២) សុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងគមនាគមន៍នៅដែនសមុទ្រ (៣) ការហ្វឹកហាត់រុករក និងជួយសង្រ្គោះ និង (៤) ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋឆ្លងដែន។ ទន្ទឹមនឹងនោះ វាបានជួយសំរួលឱ្យមានកិច្ចសហប្រតិបត្តិការដ៏ធំទូលំទូលាយ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គមជាច្រើន រវាងរដ្ឋជាសមាជិកអាស៊ាន និងប្រទេសចិន។ តាមពិតទៅការវិវឌ្ឍជាវិជ្ជមានចាប់តាំងពីការសម្រេចបាន DOC បានរួមចំណែកធ្វើឱ្យតំបន់អាស៉ីអាគ្នេយ៍ និងចិន ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងពិភពលោក ខណៈដែលប្រទេសមកពីក្រៅតំបន់ ក៏ទទួលបានអត្ថប្រយោជន៍ផងដែរ។
ឯកឧត្តម ហោ ណាំហុង បានគូសបញ្ជាក់ថា ជម្លោះនៅសមុទ្រចិនខាងត្បូងគឺជាការទាមទារអធិបតេយ្យភាពទឹកដី ដូច្នេះដំណោះស្រាយគួរតែត្រូវធ្វើឡើងតាមរយៈការចរចាដោយផ្ទាល់រវាងភាគីពាក់ព័ន្ធផ្ទាល់ ដូចដែលជម្លោះព្រំដែនបានកើតឡើងនៅគ្រប់ទីកន្លែង ក្នុងពិភពលោក។ ឯកឧត្តមសង្កត់ធ្ងន់ថា ប្រសិនបើយើងចំណាយពេលតែពីរបីនាទី ដើម្បីពិនិត្យមើល DOC យើងពិតជាឃើញថា DOC បានរួមបញ្ចូលយ៉ាងទូលំទូលាយនូវកត្តាសំខាន់ៗ ផ្នែកច្បាប់និងផ្នែកនយោបាយទាំងអស់ ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការ និងបញ្ចៀសជម្លោះកុំឱ្យកើតឡើង នៅសមុទ្រចិនខាងត្បូង រវាងភាគីដែលមានផលប្រយោជន៍។
ឯកឧត្តម ហោ ណាំហុង បានបន្តថា ក្នុងរយៈពេល ២៩ ឆ្នាំ ចាប់ពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន DOC នៅតែត្រូវបានប្រើប្រាស់ជាឯកសារយោងក្នុងការចរចាររវាងអាស៊ាន និងចិន នៅសមុទ្រចិនខាងត្បូង។ សូម្បីតែនៅក្នុងរាល់កិច្ចប្រជុំអាស៊ាននិងចិន DOCតែងតែត្រូវទាមទារឱ្យអនុវត្តជានិច្ច ដើម្បីទប់ស្កាត់ជម្លោះនៅសមុទ្រចិនខាងត្បូង។ ឯកឧត្តមជឿថា ដោយសារការអនុវត្ត DOC រហូតមកដល់ពេលនេះ ភាគីពាក់ព័ន្ធមានការរីករាយដោយពុំមានជម្លោះធ្ងន់ធ្ងរនៅសមុទ្រចិនខាងត្បូងរវាងប្រទេសសមាជិកអាស៊ាន និងចិនទេ។ ដូចនេះហើយ លោកយល់ថា ភាគីខាងក្រៅមិនគួរធ្វើអន្តរាគមក្នុងសមុទ្រចិនខាងត្បូង ឬញុះញង់ឱ្យមានជម្លោះ គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ។ ដោយផ្អែកលើកុងសង់ស៊ុស (Consensus) លើ DOC រវាងអាស៊ាន និងចិន តាំងពី ២០ឆ្នាំមុន និងផ្អែកលើអត្ថន័យជាមូលដ្ឋាននៃ DOC ។
ឯកឧត្តម ហោ ណាំហុង សង្ឃឹមថា ដោយផ្អែកលើ DOC អាស៊ាន និងចិនអាចជំរុញការចរចាឱ្យឈានទៅមុខ ដើម្បីសម្រេចបាននូវ ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (Code of Conduct in the South China Sea – COC) ដើម្បីរំងាប់ជម្លោះឱ្យចៀសឆ្ងាយការអន្តរាគមន៍ពីខាងក្រៅ។ កម្ពុជាក្នុងនាមជាប្រធានអាស៊ានលើកទី៣ នៅឆ្នាំ២០២២ លោកសង្ឃឹមថា អាស៊ាន និងចិន អាចសម្រេចបានការចរចា ដើម្បីឈានទៅរកក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) សម្រាប់ដំណោះស្រាយដោយសន្តិវិធីនៅសមុទ្រចិនខាងត្បូង ហើយនឹងបញ្ឈប់អន្តរាគមន៍ពីបរទេសនៅក្នុងសមុទ្រចិនខាងត្បូងទៀត ដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធផ្ទាល់ទាំងអស់ដោះស្រាយទំនាស់ព្រំដែនសមុទ្រដោយសន្តិវិធី។
ឯកឧត្តម ហោ ណាំហុង បានបញ្ជាក់ជាថ្មីម្តងទៀតថា វាមានសារៈសំខាន់បំផុតសម្រាប់ភាគីនៃ DOC ក្នុងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះអ្វីដែលបានព្រមព្រៀងគ្នា។ ការប្រកាន់ខ្ជាប់នូវស្មារតី និងគោលការណ៍នៃ DOC មានសារៈសំខាន់ណាស់សម្រាប់ការពង្រឹងកិច្ចសន្ទនាក្នុងន័យស្ថាបនាសម្រេចបាន COC នាពេលអនាគតដែលមានលក្ខណៈសំខាន់ ស្របតាមការទាមទារអធិបតេយ្យភាពរបស់ភាគីពាក់ព័ន្ធផ្ទាល់ នឹងធ្វើឱ្យប្រជាជនទាំងអស់នៃតំបន់របស់យើងទទួលបានសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ប្រកបដោយនិរន្តរភាព៕