ប្រធានក្រុមការងារចុះជួយសង្កាត់ដើមមាន ក្រុងតាខ្មៅ ណែនាំសមាជិកបក្ស ត្រូវបន្តយកចិត្តទុកដាក់ និងធ្វើល្អដាក់ពលរដ្ឋ


(កណ្ដាល)៖ លោកឈឿន សុចិត្ត សមាជិក គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល បានជំរុញដល់សមាជិកបក្សទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ផ្ដល់ជំនួយ និងធ្វើល្អដាក់ប្រជាពលរដ្ឋឱ្យបានច្រើនឡើងៗ ពិសេសត្រូវដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដោយជួយដោះស្រាយជូនពួកគាត់ដោយស្នាមញញឹម។

ការណែនាំបែបនេះ របស់លោក ឈឿន សុចិត្ត បានធ្វើឡើងនាឱកាសលោកបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ នៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២២ នៅស្នាក់ការគណៈកម្មាធិការគណបក្សក្រុងតាខ្មៅ ដែលមានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់ដើមមៀន សរុបចំនួន២៥០នាក់។

ស្ថិតក្នុងឱកាសនេះ ប្រធានបានលើកឡើថា គោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានដឹកនាំកម្ពុជា ពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍ មានសុខសន្តិភាព មានការឯកភាពជាតិ និងបន្តដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍ ការរីកចម្រើន ដូច្នេះមន្ត្រីមូលដ្ឋានទាំងអស់គ្នា ត្រូវតែចូលរួមក្នុងការផ្សព្វផ្សាយពីទង្វើល្អរបស់គណបក្សប្រជាជនកម្ពុជាឱ្យរឹតតែខ្លាំងឡើង ហើយខ្លួនឯងផ្ទាល់ក៏ត្រូវតែធ្វើល្អបម្រើប្រជាពលរដ្ឋឱ្យរឹតតែល្អប្រសើរឡើង។

លោកក៏ជំរុញឱ្យផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យគ្រប់ដូសដល់ប្រជាពលរដ្ឋគ្រប់អាយុទាំងអស់ឱ្យបានឆាប់ៗផងដែរ។ ព្រោះសម្ដេចតេជោ ជាមេដឹកនាំបេះដូងទូលាយ និងស្រឡាញ់ប្រជាពលរដ្ឋបំផុត ខណៈដែលលោកបានខិតខំស្វែងរកជំនួយ និងទិញវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីការពារអាយុជីវិតពលរដ្ឋមិនឱ្យឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរជាដាច់ខាត។

ប្រធានក្រុមការងារ ក៏បានលើកឡើងអំពីការចូលរួមរបស់យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងការចុះដៃជួយដល់សង្គមឃើញមានការផុសផុលខ្លាំងណាស់ ដែលនេះសបញ្ជាក់ឱ្យឃើញអំពីការស្រឡាញ់ពេញចិត្តពីសំណាក់ក្រុមយុវជនទាំងអស់មក ចំពោះគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សតែមួយគត់មានសមត្ថភាពក្នុងការដឹកនាំប្រទេសកម្ពុជា ឱ្យមានសុខសន្តិភាព មានការរីកចម្រើន និងមានការអភិវឌ្ឍន៍តទៅមុខជាលំដាប់ ហើយក្នុងនោះបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏ត្រូវបានក្រុមយុវជនទាំងអស់មានការគាំទ្រភ្លូកទឹកភ្លូកដី ព្រមទាំងពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ, ប្រធានបានឧបត្ថម្ភថវិកាជូនសមាជិក សមាជិកា ក្នុងម្នាក់ៗថវិកា៣០,០០០រៀល សរុប ៧,៥០០,០០០រៀល ,ជូនសង្កាត់ដើមមៀន ២,០០០,០០០រៀល និងក្រុមការងារ ៥០០,០០០រៀល សរុបការចំណាយថវិកាទាំងអស់ចំនួន ១០,០០០,០០០រៀល៕