អភិបាលខេត្តកំពង់ធំ ចុះពិនិត្យទីតាំងដីតំបន់៣ និងផ្សព្វផ្សាយអនុសាសន៍ សម្ដេចតេជោ ស្តីពីការកាត់ឆ្វៀលដី នៅតំបន់៣


(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះពិនិត្យទីតាំងដីតំបន់៣ និងផ្សព្វផ្សាយអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីនៅតំបន់៣ ជុំវិញបឹងទន្លេសាប នៅក្នុងស្រុកសន្ទុក ជូនប្រជាពលរដ្ឋ ដែលបានរស់នៅអាស្រ័យផល និងកាន់កាប់ចាប់ពី១០ឡើងទៅ។

ឯកឧត្តម ងួន រតនៈ បានថ្លែងថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលដី នៅតំបន់បីជុំវិញបឹងទន្លេសាប ជូនប្រជាពលរដ្ឋដែលបានអាស្រ័យផល និងបានរស់នៅយូរលង់ណាស់មកហើយ។ ទោះបីស្ថិតនៅក្នុងតំបន់អភិរក្សជាតំបន់២ និងតំបន់៣ ក៏ត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ហើយផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដោយមានការវាស់វែងកំណត់ព្រំដីរវាងដីរដ្ឋ និងដីប្រជាពលរដ្ឋ ឲ្យបានច្បាស់លាស់ ហើយដីតំបន់៣ ខិតខំដាំឈើបន្ថែមទៀតសម្រាប់ជាជម្រកត្រីឡើងវិញ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំ ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចកែសម្រួល និងកាត់ផ្ទៃដី ចេញពីតំបន់អភិរក្ស ដែលមានផ្ទៃដីសរុបប្រហែល ២,០០០ហិតា ជូនប្រជាពលរដ្ឋដែលអាស្រ័យផលកន្លងមក។

នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនេះ ក៏បានសម្តែងនូវក្តីសប្បាយរីករាយ ពេញចិត្តចំពោះការដឹកនាំរបស់ សម្តេចតេជោ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរពីជីវភាព និងសុខទុក្ខរបស់ពួកគាត់៕