គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១


(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ។

កិច្ចប្រជុំពិសេសលើកទី១ របស់អាយឆា បានចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្តម កែវ រ៉េមី តំណាងកម្ពុជា ប្រចាំអាយឆា និងមានការចូលរួមពីតំណាង តំណាងរងប្រចាំអាយឆា នៃប្រទេសអាស៊ានទាំងអស់ ព្រមទាំងលេខាធិកាដ្ឋានអាស៊ាន។ កិច្ចប្រជុំពិសេសនេះបានពិភាក្សាបញ្ចប់ និងអនុម័តលើរបាយការណ៍ប្រចាំ ឆ្នាំ២០២២ របស់អាយឆា និងសេចក្តីថ្លែងការណ៍របស់ប្រធានអាយឆា ទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥។

កិច្ចប្រជុំក៏បានឯកភាពក្នុងការបញ្ជូនអានុសាសន៍ទាំងឡាយ ដែលទទួលបានពីកិច្ចសន្ទនាថ្នាក់តំបន់៖ ស្វ័យវាយតម្លៃលើវឌ្ឍនភាព រយៈពេល១០ឆ្នាំ របស់អាយឆា ទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥។ កម្មវិធី/សកម្មភាពអាទិភាព របស់អាយឆាឆ្នាំ២០២៣ ក៏ត្រូវបានពិភាក្សាបញ្ចប់សម្រាប់ ការបញ្ជូនទៅគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) ហើយបន្តដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីអនុម័ត។

វឌ្ឍនភាពនៃការអនុវត្តកម្មវិធីនិងសកម្មភាពអាទិភាពនានារបស់អាយឆា ក៏ត្រូវបានលើកមកពិភាក្សារួមមាន៖ សិទ្ធិកុមារ សិទ្ធិមនុស្សនិងបរិស្ថាន ការជួញដូរមនុស្ស ធុរកិច្ច និងសិទ្ធិមនុស្ស សិទ្ធិទទួលបានទឹកស្អាតនិងអនាម័យ និងសិទ្ធិទទួលបានការអប់រំជាដើម។

កិច្ចប្រជុំក៏បានពិភាក្សាអំពីការត្រៀមរៀបចំកម្មវិធីខួប១០ឆ្នាំ នៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីការអនុម័ត AHRD កិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ាន និងកិច្ចសន្ទនាស្តីពីគោលនយោបាយសិទ្ធិមនុស្សអាស៊ាន-សហភាពអឺរ៉ុប លើកទី៤ ដែលគ្រោងនឹងរៀបចំធ្វើក្នុងឆ្នាំនេះ។

នៅក្នុងកិច្ចប្រជុំនេះតំណាងអាយឆា ក៏មានកិច្ចជំនួបប្រចាំឆ្នាំជាមួយអគ្គលេខាធិការអាស៊ាន ឯកឧត្តម Lim Jock Hoi ដោយបានពិភាក្សាទៅលើវឌ្ឍនភាពក្នុងការអនុវត្តផែនការការងារ៥ឆ្នាំ២០២១-២០២៥ របស់អាយឆា និងការបញ្ចូលសិទ្ធិមនុស្សទៅក្នុងដំណើរការនៃស្តារឡើងវិញពីផលប៉ះពាល់ដែលបង្កឡើដោយជំងឺរាតត្បាតជាសកល។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ តំណាងអាយឆា មានកិច្ចជំនួបមួយជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន អំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចជំនួបនេះ បានផ្តល់ជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរទស្សនៈគ្នាត្រង់ទៅត្រង់មក រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងតំណាងអាយឆាទាំងអស់ លើស្ថានភាពសិទ្ធិមនុស្សនៅក្នុងតំបន់។

ដោយការទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់អាយឆា និងការរួមវិភាគទានដ៏ចាំបាច់របស់អាយឆា ក្នុងការកសាងសហគមន៍អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានអះអាងជាថ្មីនូវការគាំទ្រដល់អាយឆា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ អាយឆា ក៏បានធ្វើសេចក្តីថ្លែងការណ៍ និងបានបញ្ជូនរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់អាយឆា ទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងកិច្ចជំនួបនេះផងដែរ។

ជាចុងក្រោយ តំណាងប្រទេសអាស៊ានទាំងអស់ប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ាន ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំបានសម្តែងនូវការកោតសរសើរ និងសាទរចំពោះអាយឆា-កម្ពុជា នេះបានយ៉ាងល្អប្រសើរជាមួយនឹងលទ្ធផលគួរជាទីពេញចិត្ត៕