សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើសារគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន នៃកងយោធពលខេមរភូមិន្ទ និងភរិយា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ។

តាមរយៈសារខិតជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងនាមខ្ញុំ និងភរិយា សូមជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គលវិបុលសុខ មហាប្រសើរ ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំមាតុភូមិកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ កាន់តែរីកចម្រើនបន្តទៀត»

នាឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវមោទនភាព និងកោតសរសើរបំផុតចំពោះ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេច ប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍឥតឈប់ឈរ បង្កើតបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យជូនសង្គមជាតិ និងគ្រប់កាលៈទេសៈ គឺដើម្បីបម្រើឱ្យឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ក្នុងនាមខ្ញុំ និងភរិយា សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក មានទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាការពារប្រោះព្រំ ជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»៕