សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន លោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ចូលជួបសម្តេងការគួរសម


(វិមានព្រឹទ្ធសភា)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ចូលជួបសម្តែងការគួរសម។
ថ្លែងក្នុងជំនួបនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា ក្នុងបរមនាម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ សូមសម្តែងការស្វាគមន៍ និងអបអរសាទរ ចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា សាធារណរដ្ឋតួកគី និងព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងយ៉ាងខ្លាំងក្លាជាមួយគ្នា ជាពិសេសគឺទំនាក់ទំនងខាងផ្នែកនយោបាយ និងមានសក្តានុពលយ៉ាងធំធេង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការទំនាក់ទំនងជាមួយគ្នា ហើយអ្វីដែលសំខាន់ជាងនេះ គឺលោកជំទាវ មានចំណាប់អារម្មណ៍លើទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសយើងទាំង២ ជាពិសេសគឺការវិនិយោគលើវិស័យអប់រំ សម្រាប់ថ្ងៃទៅអនាគតរវាងប្រទេសយើងទាំង២។
លោកជំទាវ UIKU Kocaefe មានប្រសាសន៍ថា ទំនាក់ទំនងរវាងរដ្ឋាភិបាល នៃប្រទេសយើងទាំង២ មានលក្ខណៈល្អប្រសើរ ហើយអ្វីដែលសំខាន់នោះ គឺទំនាក់ទំនងរវាងសភាយើងទាំង២ ដើម្បីតំណាងអោយប្រជាពលរដ្ឋ មានន័យថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
លោកជំទាវ UIKU Kocaefe បានជម្រាបជូន សម្តេចប្រមុខស្តីទីថា ក្នុងសភាតួកគី ក៏មានបង្កើតក្រុមសភាមិត្តភាព សម្រាប់ទំនាក់ទំនងជាមួយសភាកម្ពុជាផងដែរ ហើយលោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មរបស់ខ្ញុំនេះ នឹងមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងសភាទាំង២ ដើម្បីជម្រុញការយល់ដឹងរួមគ្នា ដើម្បីបង្កើតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃសភាប្រទេសយើងទាំង២ អោយកាន់តែខ្លាំងក្លាថែមទៀតផងដែរ។
ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា ការបើកសម្ពោធជាផ្លូវការ នៃស្ថានទូតឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី កាលពីខែកុម្ភៈ ឆ្នាំ២០២២នេះ គឺជាការបើកទំព័រថ្មីមួយ នៃការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរអោយកាន់តែជិតស្និទថែមទៀត។
សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណដល់ សាធារណរដ្ឋតួកគី ដែលបានរួមវិភាគទាន ដែលធ្វើអោយព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនសេដ្ឋកិច្ចដូចបច្ចុប្បន្ននេះ និងសូមថ្លែងអំណរគុណ ដល់សាធារណរដ្ឋតួកគី ដែលបានគាំទ្រព្រះរាជាណាចក្រកម្ពុជា ជាប្រធានអាស៊ានប្តូរវេន ដែលបានចូលរួមប្រជុំត្រីភាគី (កម្ពុជា-តួកគី និងលេខាធិការដ្ឋានអាស៊ាន) អាស៊ាន-តួកគី លើកទី៤ នៅទីក្រុងភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី០៣ ដល់ថ្ងៃ០៥ ខែសីហា ឆ្នាំ២០២២ ផងដែរ។
សម្តេចប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះប្រសាសន៍របស់លោកជំទាវថា លោកជំទាវនឹងខិតខំប្រឹងប្រែងក្នុងអាណត្តិរបស់លោកជំទាវ ទំនាក់ទំនងយ៉ាងល្អ នៃសភាប្រទេសយើងទាំង២, ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់សភា នៃប្រទេសយើងទាំង២។
សម្តេចប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា ក្នុងព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័នរបស់ជាតិ សម្តេចត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និតជាមួយលោកជំទាវ ក៏ដូចជាស្ថានទូតតួកគី ដើម្បីរួមចំណែកពង្រឹង ពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ទៅវិញទៅមក ជូនប្រជាជន និងប្រទេសទាំងពីរ។