(ភ្នំពេញ)៖ ជនពិការក្រីក្រ ចំនួន៦២៤នាក់ រស់នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទទួលបានរបបគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងពិធីបើក-ផ្ដល់ថវិការបបគោលនយោបាយជូនដល់ជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងខណ្ឌព្រែកព្នៅនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឯកឧត្តម ព្រុំ សុខន អគ្គនាយករង នៃអគ្គនាយកដ្ឋានស្តារនិសម្បទា តំណាងឯកឧត្តម វង សូត បានបញ្ជាក់ថា នេះបានបង្ហាញឱ្យឃើញថាជាការខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់បងប្អូនជនមានពិការភាព។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជរាជធានីភ្នំពេញ លោក ហួរ ហួត អភិបាលរងខណ្ឌព្រែកព្នៅ និងលោក សន ស៊ិន ចៅសង្កាត់គោករការ។
នេះជាលើកទី២ហើយ ដែលនឹងត្រូវបើកផ្តល់ថវិកា របបគោលនយោបាយជូនជនពិការក្រីក្រតាមសហគមន៍ ក្នុងខណ្ឌព្រែកព្នៅ សរុបចំនួន៦២៤នាក់ (ស្រី៣០១នាក់) ក្នុងជនពិការកម្រិតស្រាលចំនួន២៣នាក់ កម្រិតធ្ងន់ចំនួន ៦០១នាក់ សរុបថវិកាអស់ចំនួន ១៤៧,០០០,០០០រៀល ដែលបានអញ្ជើញមកពីសង្កាត់ទាំង០៥៖
ទី១៖ សង្កាត់គោករកា ចំនួន ៥១៥នាក់
ទី២៖ សង្កាត់ពញាពន់ ចំនួន ៣៤នាក់
ទី៣៖ សង្កាត់ព្រែកព្នៅ ចំនួន ៤៧នាក់
ទី៤៖ សង្កាត់ពន្សែង ចំនួន ២៣នាក់
និងទី៥៖ សង្កាត់សំរោង ចំនួន ០៥នាក់
លោកស្រី មុំ ចាន់ដានី បានឱ្យដឹងថា គោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជន ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ភាពក្រីក្រ គឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ច ដែលមិនត្រឹមតែមិនអាចទទួលយកបានខាងផ្នែកផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាអាចបណ្តាលឱ្យមានការបែកខ្ញែក និងអស្ថិរភាព ក្នុងសង្គមថែមទៀត។
ជាមួយគ្នានេះដែរ លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា កន្លងទៅក្រសួង ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ រួមទាំងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និងអភិបាលខណ្ឌ បានយកចិត្តទុកដាក់ខ្លាំង និងជួយដល់បងប្អូនជនមានពិការភាព របស់យើងរាល់សកម្មភាពផងដែរ។
លោកស្រី មុំ ចាន់ដានី បានថ្លែងថា ក្នុងបរិបទកូវីដ១៩ ដែលជាវិបត្តិសកល រាជធានីភ្នំពេញ ក៏បានប្រឈមការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងនោះក៏មានបងប្អូនជនមានពិការភាពមួយចំនួន បានទទួលរងផលប៉ះពាល់វិជ្ជមានកូវីដ១៩ ផងដែរ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីប្រមុខរាជរដ្ឋាភិបាលក្នុងការថែទាំព្យាបាល និងការទប់ស្កាត់ព្រមទាំងយុទ្ធនាការចាក់វាក់សាំងបង្ការ និងទប់ស្កាត់កូវីដ១៩ ក្របខណ្ឌទូទាំងប្រទេសដល់ប្រពលរដ្ឋជាមួយគ្នានេះបងប្អូនជនមានពិការភាពទូទាំងប្រទេស ក៏ដូចបងប្អូនជនមានពិការភាពរាជធានីភ្នំពេញ ក៏ទទួលបានការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញក្នុងការការពារអាយុជីវិតផងដែរ។
លោកស្រីបន្ថែមថា ជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនដែលមានពិការភាព ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងដើម្បីលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិការាប់រយលានដុល្លារ សម្រាប់ឧបត្ថម្ភជូនដល់គ្រួសារក្រីក្រដែលរងគ្រោះ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំចង្អុលបង្ហាញ និងគាំទ្រផ្នែកបច្ចេកទេស សម្របសម្រួល និងត្រួតពិនិត្យដាក់ចេញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងតម្លាភាពសំដៅផ្តល់ផលប្រយោជន៍ដល់ក្រុមគោលដៅរងគ្រោះ និងងាយរងគ្រោះបានតាមការរំពឹងទុក៕