សម្តេចតេជោ ហ៊ុន សែន៖ ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងជាង៨ពាន់នាក់ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាព នៅក្រៅប្រទេស


(ភ្នំពេញ)៖ គិតចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងជាង ៨ពាន់នាក់ហើយ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។ នេះបើយោងតាមសារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

សារលិខិតបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ កម្ពុជាបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបចំនួន ៨,៣០២នាក់ (ក្នុងនោះ ស្ត្រី៥៨០នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន០៩ រួមមាន៖ ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន»

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បច្ចុប្បន្ននេះ កងកម្លាំងកម្ពុជាសរុបចំនួន ៨០១នាក់ (ក្នុងនោះស្ត្រី១១៨នាក់) កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្ដាល និងយេម៉ែន។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ក្នុងបុព្វហេតុទប់ស្កាត់ និងបញ្ឈប់ជម្លោះប្រដាប់អាវុធ និងសង្គ្រាមនៅគ្រប់ទីកន្លែងទូទាំងពិភពលោក អង្គការសហប្រជាជាតិបានកំណត់យក ថ្ងៃទី២១ ខែកញ្ញា រៀងរាល់ឆ្នាំ ជាកាលបរិច្ឆេទសម្រាប់ប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ»។ ក្រោមមូលបទ «បញ្ចប់ការរើសអើងជាតិសាសន៍ និងកសាងសន្តិភាព» ការអបអរសារទរ «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំនេះ ផ្ដោតលើការពង្រឹងសាមគ្គីភាពអន្តរជាតិ ការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលសុខសម្រាប់មនុស្សជាតិ។

«តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងអំណរសាទរ និងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដ៏មហោឡារិកនេះ ដើម្បីរំលេចអត្ថន័យដ៏ថ្លៃថ្លានៃសន្តិភាព ក៏ដូចជាឆ្លុះបញ្ចាំងនូវឆន្ទៈដ៏មោះមុតរបស់ប្រជាជនកម្ពុជា ក្នុងការការពារ និងចូលរួមកសាងសន្តិភាពសកល»។ នេះបើតាមការគូសបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន៕