សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមប្រជុំ G20 នៅកោះបាលី និងប្រជុំ APEC នៅរាជធានីបាងកក ក្រោយរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានថ្លែងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ សម្តេចនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រទេសទាំង២០ (G20) នៅកោះបាលី ប្រទេសឥណ្ឌូនេស៉ី។ សម្តេចតេជា បានបន្ថែមថា នៅពេលចប់កិច្ចប្រជុំ G20 សម្តេចនឹងអញ្ជើញទៅ រាជធានីបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៊ីហ្វិក (APEC) ផងដែរ។

ថ្លែងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្តេចត្រូវបានអញ្ជើញទៅចូលរួមប្រជុំ G20 និង APEC ក្នុងនាមជាប្រធានអាស៊ាន និងជាភ្ញៀវរបស់ម្ចាស់ផ្ទះ។

បេសកកម្មក្រៅប្រទេសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅឥណ្ឌូនេស៉ី និងថៃ ដើម្បីចូលរួមប្រជុំ G20 និង APEC នឹងត្រូវធ្វើឡើងក្រោយពីកម្ពុជា រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។ សម្តេចតេជោ ហ៊ុន សែន នឹងជិះយន្តហោះទាំងយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅកោះបាលី ក្រោយចប់ពិធីលៀងសាយភោជន៍ ព្រះមហាក្សត្រកម្ពុជា និងព្រះចៅស៊ុលតង់ប្រុយណេ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «យប់ថ្ងៃទី១៤ (ខែវិច្ឆិកា) ខ្ញុំត្រូវហោះទៅបាលី ដើម្បីចូលរួមប្រជុំ G20 ក្នុងឋានៈជាប្រធានអាស៊ាន ដែលជាភ្ញៀវរបស់ម្ចាស់ផ្ទះ គឺឥណ្ឌូនេស៉ី។ ចេញពីនោះ ត្រូវហោះមកបាងកក ដើម្បីចូលរួមប្រជុំ APEC ហើយប្រធាន APEC បានអញ្ជើញខ្ញុំក្នុងឋានៈជាប្រធានអាស៊ាន»

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា ការងារជានាយករដ្ឋមន្ត្រី គ្មានសិទ្ធិឈឺ និងគ្មានសិទ្ធិត្អូញត្អែរនោះឡើយ។ ការលើកឡើងនេះ បន្ទាប់ពីសម្តេចតេជោ បានមមាញឹកខ្លាំងនឹងការងារទាំងក្រៅប្រទេស និងក្នុងប្រទេស។

សម្តេចតេជោ ហ៊ុន សែន ទើបតែបញ្ចប់់ដំណើរទស្សនកិច្ចក្រៅប្រទេសដ៏យូរ ដើម្បីបំពេញការងាររួមមាន៖

* នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោបានអញ្ជើញទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២
* ធ្វើទស្សនកិច្ចនៅទីក្រុងឡាហាវ៉ា ប្រទេសគុយបាយ នៅថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០២២
* អញ្ជើញទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៉ីនហ្ស៊ូ អាបេ៕