អភិបាលខេត្តកែប លើកទឹកចិត្តល្ខោនបាសាក់រស្មីវប្បធម៌ខេត្តកែប ទើបទទួលបានជ័យលាភីលេខ១ថ្នាក់ជាតិ ក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព»


(កែប)៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានទទួលជួបសំណេះសំណាល និងលើកទឹកចិត្តក្រុមសិល្បករ សិល្បការនី ល្ខោនបាសាក់រស្មីវប្បធម៌ខេត្តកែប ក្រោយពីទទួលបានជ័យលាភីលេខ១ ក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព»។ ពិធីសំណេះសំណាលខាងលើ បានធ្វើឡើងនៅសាលាប្រជុំខេត្តកែប ដោយចូលរួមពីមន្ត្រីកងកម្លាំងអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់។

លោក តុង ភោ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានលើកឡើងក្នុងរបាយការណ៍ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំមហោស្រពសិល្បៈមហាជនទូទាំងប្រទេស ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ក្នុងនោះខេត្តកែប បានសម្រេចជ្រើសរើសយកក្រុមល្ខោនបាសាក់រស្មីវប្បធម៌ខេត្ត​ ដើម្បីចូលរួមផងដែរ។

ដោយមានការយកចិត្តទុកដាក់ ជំរុញ លើកទឹកចិត្ត និងជួយឧត្ថម្ភគាំទ្រផ្ទាល់ដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ដល់ក្រុមសិល្បៈ ទាំងបុរាណនិងសម័យគ្រប់ទម្រង់ ជាពិសេសក្រុមសិល្បៈល្ខោនបាសាក់រស្មី វប្បធម៌ខេត្តកែបនេះហើយ ដែលជាកម្លាំងចលករជម្រុញឱ្យសិល្បករសិល្បការិនី មានឆន្ទៈ តស៊ូជំនះគ្រប់ឧបសគ្គ បញ្ចេញអស់សមត្ថភាព ទេពកោសល្យ ចំណេះជំនាញ រហូតទទួលបានលទ្ធផល ជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។

ថ្លែងក្នុងកម្មវិធីសំណេះសំណាល ឯកឧត្តមបណ្ឌិតអភិបាលខេត្ត សោម ពិសិដ្ឋ បានកោតសរសើរដល់សិល្បករ សិល្បការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត តស៊ូដណ្ដើមបានជ័យលាភីលេខ១ កម្រឹតជាតិ ជូនខេត្តនាពេលនេះ។

ឯកឧត្តមអភិបាលខេត្ត​ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកែប សូមសំដែងការអបអរសាទរ និងពិតជាមានមោទនាភាពក្រៃលែង ចំពោះក្រុមល្ខោនបាសាក់រស្មីវប្បធម៌ខេត្ត។​ ហើយនេះជាមហាកិត្តិយសមួយថ្មីទៀតសម្រាប់ខេត្ត ដែលក្រុម​ល្ខោនបាសាក់រស្មីវប្បធម៌ខេត្ត ដណ្តើមបានជ័យលាភីលេខ១ ជូនខេត្តកែប។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យក្រុមសិល្បករ សិល្បការនី ល្ខោនបាក់សាក់ បន្តការខិតខំប្រឹងប្រែង ហាត់រៀន ស្វែងរកអ្វីដែលថ្មីៗបន្ថែមទៀត ក្នុងការរួមចំណែកលើកស្ទួយវិស័យសិល្បៈទស្សនីយភាពល្ខោនបាសាក់ ឱ្យកាន់តែរីកចម្រើន ប្រកបដោយនិរន្តរភាពបន្តទៀត ដើម្បីលើកកម្ពស់នៅតម្លៃសិល្បៈ វប្បធម៌ជាតិរបស់យើង និងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ រក្សាវប្បធម៌ជាតិយើងឱ្យបានផ្គុំថ្កើន តាមរយៈចូលរួមពីភាគីពាក់ព័ន្ធទាំងអស់៕