(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រោយការបែងចែកចំណូលពីការលក់ប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល ដែលកប៉ាល់ MT Strovolos លួចយកទៅកាលពីជាងមួយឆ្នាំមុន ពេលនេះកម្ពុជាទទួលបានថវិកាជាង១៤លានដុល្លារ ហើយរាជរដ្ឋាភិបាល នឹងប្រើប្រាស់ថវិកានេះ ធ្វើជាដើមទុនសម្រាប់បន្តដំណើរការផលិតប្រេង ដែលនៅសល់ជាង១០ម៉ឺនបារ៉ែលក្នុងប្លុក A និងខួងអណ្តូងបន្ថែមទៀត ។
ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា ការលក់ប្រេងឆៅរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យ កាលពីខែកញ្ញា ២០២២កន្លងនេះ ដោយប្រេងឆៅរបស់កម្ពុជា ដែលបូមចេញពីប្លុក A ក្នុងដែនសមុទ្រកម្ពុជា មានចំនួនជាង២៨ម៉ឺនបារ៉ែល លក់បានក្នុងតម្លៃសរុបជាង ២៥លានដុល្លារអាមេរិក ក្នុងតម្លៃ៨៩.៨៦៧ដុល្លារធុងបារ៉ែល ដោយគិតតាមមធ្យមភាគថ្លៃប្រចាំខែកញ្ញា។ ក្រោយការកាត់កងការចំណាយផ្សេងៗ និងបែងចែកជាមួយភាគីពាក់ព័ន្ធ កម្ពុជាទទួលបានថវិកាជាង១៤លានដុល្លារ ក្នុងចំណែក៧០% ពីការលក់ប្រេងជិត៣០ម៉ឺនបារ៉ែលនេះ។
ឯកឧត្តមបន្តថា ចំណូលទាំងនេះកម្ពុជាត្រូវចំណាយលើថ្លៃឈ្នួលទីផ្សារ និងការបញ្ចុះថ្លៃតាមគុណភាពប្រេងអស់ចំនួនជាង៣លាន២សែនដុល្លារ និងចំណាយលើការដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់រង ថ្លៃសេវាផ្ទេរ និងសេវាជំនាញការអន្តរជាតិផ្សេងៗជាង ១លាន៧សែនដុល្លារ។
ឯកឧត្តមមានប្រសាសន៍ថា «បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy និងការចាកចេញរបស់កប៉ាល់ផ្ទុកប្រេងពីកម្ពុជា កាលពីឆ្នាំមុននេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានមតិភាគច្រើនចាត់ទុកថា ជាបរាជ័យរបស់កម្ពុជា នៅក្នុងដំណើរផលិតកម្មប្រេងរបស់ខ្លួន ហើយបានបាត់បង់ធនធានទាំងនេះទាំងស្រុង។ ប្រេងឆៅរបស់កម្ពុជាដែលផលិតបានទាំងអស់ មិនមានការបាត់បង់ទេ។ តាមរយៈការតស៊ូតាមផ្លូវច្បាប់ជាតិ និងអន្តរជាតិ និងការចរចារពាណិជ្ជកម្មដ៏ស្វិតស្វាញ បានរក្សារការពារបាននូវកម្មសិទ្ធិ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជា បានយ៉ាងពេញលេញ ក្នុងនាមជាម្ចាស់ធនធាននេះ»។
បើតាមពីមន្រ្តីជាន់ខ្ពស់រូបនេះ ក្រៅពីទទួលបានប្រាក់ចំណូលពីការលក់ប្រេងឆៅនេះ រាជរដ្ឋាភិបាលថែមទាំងទទួលបានថវិកា ៥លានដុល្លារពីការរឹបអូសប្រាក់តម្កល់ធានាកាតព្វកិច្ច របស់ក្រុមហ៊ុន KrisEnergy រួមទាំងឧបករណ៍ និងកប៉ាល់ នៅទីតាំងផលិតកម្មនៅក្នុងតំបន់ផ្លាតហ្វម A នៅប្លុក A នាពេលបច្ចុប្បន្ននេះផងដែរ ។
ឯកឧត្តមបញ្ជាក់ថា បើទោះបីជា KrisEnergy បានក្ស័យធន និងបញ្ឈប់ការបូមពីដែនសមុទ្រកម្ពុជាក៏ដោយ ប៉ុន្តែដំណើរផលិតកម្មប្រេងរបស់កម្ពុជា មិនបញ្ចប់ដោយការក្ស័យធនរបស់ក្រុមហ៊ុននេះនោះទេ។ ជាមួយប្រព័ន្ធស្ថាបនភ័ណ្ឌ ដែលមានរួចហើយ និងទុនដំបូង ដែលបានពីការលក់ប្រេងនេះ រាជរដ្ឋាភិបាលអាចបន្តដំណើរការផលិតប្រេង ដែលនៅសល់តាមអណ្តូងប្រេងទាំងប្រាំប្រមាណជាង ១០ម៉ឺនបារែលបន្តទៀត និងអាចខួងអណ្តូងប្រេងកាតបន្ថែម ដើម្បីផលិតប្រេងនៅតំបន់មួយចំនួនទៀត ក្រៅពីតំបន់ផ្លាតហ្វម A នេះបន្តទៀត៕