(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កិច្ចសហការក្នុងក្របខណ្ឌសហគមន៍សង្គម-វប្បធម៌អាស៊ាន មានតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់ស្មារតី និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបន្តការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រឹងសន្តិសុខ និងស្ថិរភាពនយោបាយក្នុងតំបន់ ព្រមទាំងការពង្រឹងសាមគ្គីភាពអាស៊ាន តាមរយៈការផ្ដោតជាសំខាន់លើអាទិភាព ចំនួន៤។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២នេះ។
សម្តេចបានលើកឡើងថា សម្តេចពិតជាមានមោទកភាពចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលយើងសម្រេចបាន ក្នុងនោះរួមមានការលើកកម្ពស់កិច្ចគាំពារសង្គមសម្រាប់ពលករចំណាកស្រុក សុវត្ថិភាព និងសុខុមាលភាពសង្គម ការលើកកម្ពស់សហគ្រិនភាពស្ត្រី ឧស្សាហកម្មថ្នី ប្រឌិត និងវប្បធម៌ ។ល។ សមិទ្ធផលទាំងនេះ កើតចេញពីការប្រកាន់ខ្ជាប់នូវស្មារតីលើកកម្ពស់ពហុភាគីនិយម ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ការឯកភាពគ្នា ការលើកកម្ពស់កិច្ចសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងការអនុវត្តគោលការណ៍ «សាមគ្គីភាពក្នុងភាពចម្រុះ» ។
សម្តេចបន្តថា ទន្ទឹមនេះដែរ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ការទទួលបាន ជោគជ័យលើការគ្រប់គ្រងលើការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានផ្តល់ឱកាសឱ្យយើង អាចចាប់ផ្ដើមឡើងវិញនូវដំណើរការសេដ្ឋកិច្ច និងសង្គមពេញលេញ ព្រមទាំងជំរុញការអនុវត្តយុទ្ធសាស្ត្រនានា សម្រាប់ការស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញ។
សម្តេចបានបញ្ជាក់ទៀតថា ឈរលើមូលដ្ឋាននេះ កិច្ចសហការក្នុងក្របខណ្ឌសហគមន៍សង្គម-វប្បធម៌អាស៊ាន មានតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់ស្មារតី និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបន្តការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រឹងសន្តិសុខ និងស្ថិរភាពនយោបាយក្នុងតំបន់ ព្រមទាំងការពង្រឹងសាមគ្គីភាពអាស៊ាន តាមរយៈការផ្ដោតជាសំខាន់លើអាទិភាព ចំនួន ៤ គឺ៖ (១). ពង្រឹងគុណតម្លៃ ការយល់ដឹង និងអត្តសញ្ញាណអាស៊ាន, (២). លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការផ្ដល់អំណាចទៅឱ្យស្ត្រី, (៣). ពង្រឹងសុខភាព សុខុមាលភាព និងការគាំពារសង្គម និង (៤). ពង្រឹងសមត្ថភាព និងប្រសិទ្ធភាព ស្ថាប័នរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ដែលធ្វើឡើងនៅសណ្ឋាគារសុខានេះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រីវិស័យក្រោម សហគមន៍សង្គម-វប្បធម៌អាស៊ាន, អគ្គលេខាធិការរងអាស៊ាន, តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម-វប្បធម៌អាស៊ាន, ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ ពិនិត្យមើលអំពីវឌ្ឍនភាពវិស័យអាទិភាពដែលសម្រេចបានក្នុងឆ្នាំ២០២២ នៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ និងបញ្ហាប្រឈមនានា ដើម្បីចូលរួមដោះស្រាយ សម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នាពេលខាងមុខ៕