ឯកឧត្តម ព្រុំ សុខា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងជួបសំណេះសំណាលម្ចាស់ឆ្នោត នៅស្រុកស្នួល


(ក្រចេះ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្នួល ស្រុកស្នួល និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានជាម្ចាស់ឆ្នោត។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២ នាទីស្នាក់ការគណបក្សឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយមានការចូលរួមរបស់ឯកឧត្តមអភិបាលខេត្ត លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះជួយស្រុកស្នួល និងឃុំទាំង៦ ប្រធានគណបក្សស្រុក ប្រធានគណបក្សឃុំ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មន្រ្តីអាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋតាមខ្នងផ្ទះនៃឃុំស្នួល សរុបមានអ្នកចូលរួមប្រមាណ ១.២០០នាក់។

បន្ទាប់ពីស្តាប់បាយការណ៍សង្ខេបរបស់លោក សាម ណាល់ ប្រធានគណៈកម្មាធិការបក្សស្រុកស្នួល ពីវឌ្ឍនភាពការងារមូលដ្ឋាន រួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណដោយស្មោះស្ម័គ្របំផុត ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅក្នុងឃុំទំាង៦ នៃស្រុកស្នួល ក៏ដូចជាក្រុង-ស្រុកទាំង៥ នៃខេត្តក្រចេះ រួមជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក។

ជោគជ័យធំធេងដ៏ល្អប្រសើរនេះ បានគូសបញ្ជាក់សាជាថ្មីម្តងទៀតពីជំនឿជឿជាក់យ៉ាងរឹងមាំរបស់ប្រជាជនកម្ពុជា ចំពោះការដឹកនាំដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខក្នុងការពុះពារសម្រេចបេសកកម្មជាប្រវត្តិសាស្ត្រការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ សម្រាប់អនាគតរុងរឿងរបស់ប្រជាជនគ្រប់ជំនាន់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ព្រុំ សុខា ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យពូនជុំ្រជំនឿរឹងមាំនេះដោយបេះដូងស្រលាញ់ជឿជាក់បន្តទៀត ហើយចូលរួមយ៉ាងសស្រាក់សស្រាំគាំទ្រគោលនយោបាយ និងចលនាសកម្មភាពរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាក្នុងការគ្រប់គ្រង ប្រយុទ្ធឈ្នះកូវីដ១៩ដែលអនុញ្ញាតឱ្យយើងបានបើកសេដ្ឋកិច្ច សង្គមជាតិមកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ ក៏ដូចជាការរួមគ្នាតស៊ូជម្នះដោះស្រាយរាល់បញ្ហាប្រឈមជាវិបត្តិទាំងឡាយដែលបង្កឡើងដោយការវិវត្តឆាប់រហ័សមិនប្រក្រតីនៃសភាពការណ៍សកលលោកនាពេលបច្ចុប្បន្ន រួមមានជាអាទិ៍៖ ការប្រជែងភូមិសាស្រ្តនយោបាយ ការប្រែប្រួលអាកាសធាតុ និងការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន។ល។

ហេតុនេះដើម្បីអរគុណតបស្នងក្តីស្រឡាញ់និងជំនឿរបស់ប្រជាជនមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រុមការងារនិងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពុះពារបំពេញសម្រេចឱ្យបានល្អនូវភារកិច្ចនយោបាយរបស់ខ្លួនតាមគ្រប់មុខសញ្ញា គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយជាប្រចាំ ត្រូវចុះជាប់មូលដ្ឋានផ្សារភ្ជាប់ជាមួយប្រជាជន ជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីបង្ក្រាបអំពើជួញដូរមនុស្ស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសបំពានច្បាប់ដទៃទៀតដែលកំពុងតែកើតមានក្នុងភូមិឃុំសង្កាត់ សំដៅពង្រឹងសុខសុវត្ថិភាពសហគមន៍មូលដ្ឋាន ដែលជាចំណែកសំខាន់ដល់ការថែរក្សាសុខសន្តិភាពសង្គមជាតិ។

ក្នុងឧកាសពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការគណបក្សឃុំស្នួល ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ក៏បានធ្វើការផ្តាំផ្ញើដល់អង្គពិធីទាំងមូល សូមប្រើប្រាស់អគារស្នាក់ការគណបក្ស ដើម្បីជាគុណប្រយោជន៍នៃការពូនផ្តុំសាមគ្គីភាពស្អិតល្មួតរវាងមន្រ្តីគណបក្សជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់ សំដៅពង្រឹងពង្រីកប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ៕