រដ្ឋមន្ត្រីបរិស្ថាន៖“អំពាវនាវឱ្យពលរដ្ឋខ្មែរទៅលេងតំបន់ធម្មជាតិដើម្បីការពារព្រៃ”


ឯកឧត្តមសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២៦ ខែកក្កដា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរកំសាន្តទៅកាន់តំបន់ធម្មជាតិនានានៅក្នុងប្រទេសកម្ពុជាដើម្បីបានឃើញសម្រស់ព្រៃឈើកម្ពុជាដោយផ្ទាល់។
ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ដើម្បីការពារព្រៃឱ្យនៅគង់វង្សនោះ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបច្ចុប្បន្នសុទ្ធសឹងតែជាអ្នកស្វែងរកដំណើរកំសាន្តចុងសប្តាហ៍គួរតែធ្វើដំណើរទៅកាន់តំបន់អភិរក្ស សហគមន៍ព្រៃឈើ ឬតំបន់បេតិកភណ្ឌធម្មជាតិនៅក្នុងប្រទេសដែលជាតំបន់សក្តានុពល។
ឯកឧត្តមបានបន្តពន្យល់ទៀតថា ៖ “នៅពេលដែលមានភ្ញៀវទេសចរណ៍ទៅកាន់តំបន់អភិរក្ស ឬសហគមន៍ព្រៃឈើ នោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននឹងទទួលបានចំណូលពីភ្ញៀវទេសចរណ៍ដោយគាត់បានក្លាយជាអ្នកនាំផ្លូវ អ្នកផ្គត់ផ្គង់ម្ហូបអាហារបាយទឹក និងអាហារផ្សេងៗជូនដល់ភ្ញៀវទេសចរណ៍។ ពលរដ្ឋសហគមន៍នឹងលែងកាប់ព្រៃ ហើយបែរមកថែរក្សាព្រៃឈើជំនួសវិញព្រោះក្រៅពីទទួលបានចំណូលពីភ្ញៀវទេសចរណ៍ពលរដ្ឋក្នុងសហគមន៍ផ្ទាល់នៅតែអាចរកផល្លានុផលព្រៃឈើបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ”។