គុយបា ប្ដេជ្ញាពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជាមួយកម្ពុជា ក្រោយទទួលសំណើពីក្រសួងអប់រំ


(ភ្នំពេញ)៖ អាជ្ញាធរកីឡា នៃប្រទេសគុយបា បានបើកភ្លើងខៀវ និងស្វាគមន៍ដោយសេចក្ដីរីករាយ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជាមួយកម្ពុជា ដោយប្ដេជ្ញាពន្លឿន និងរៀបចំឲ្យបានឆាប់រហ័ស នូវរាល់តម្រូវការរបស់កម្ពុជា បន្ទាប់ពីមានការស្នើសុំពីក្រសួងអប់រំ យុវជន និងកីឡារបស់កម្ពុជា។

នេះបើតាមលទ្ធផល នៃជំនួបជំនួបពិភាក្សាការងារ រវាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ជាមួយលោក Raul Fornes Valenciano សមាជិកសភាព និងជាអនុប្រធានវិទ្យាស្ថានជាតិ កីឡា អប់រំ កាយ និងកម្សាន្ដ នៃសាធារណរដ្ឋគុយបា នៅព្រឹកថ្ងៃទី២០ ខែតុលានេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ឯកឧត្តម ស សុខា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូគុយបា សម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជា ហើយលោកបានរំលេចនូវអនុស្សារណយោគយល់គ្នា (MOU) រវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាល អំឡុងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយករដ្ឋមន្ដ្រីគុយបា បានធ្វើដំណើរទស្សនកិច្ចទៅវិញទៅមក កាលពីថ្មីៗ ក្នុងនោះក៏មានកិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបតិ្តការក្នុងវិស័យអប់រំកាយ វប្បធម៌ និងកីឡា រវាងប្រទេសទាំងពីរ កាលពីថ្មីៗផងដែរ។

ឯកឧត្តមបានចាត់ទុកនេះ គឺជាផ្លែផ្កាថ្មីមួយទៀត ដែលកើតចេញពីទំនាក់ទំនងយូរអង្វែង រវាងប្រទេសទាំងពីរ ពិសេសក្រោមការដឹកនាំ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ស្របតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលគូសបញ្ជាក់ថា គុយបា ធ្លាប់បានរួមចំណែកជួយកម្ពុជាជាយូរមកហើយ ពិសេសអំឡុងពេលជាង ៤០ឆ្នាំចុងក្រោយ ក្នុងនោះក៏មានវិស័យកីឡាផងដែរ ដែលមានដូចជាកីឡាប្រដាល់សកល កីឡាបាល់ទះ និងកីឡាផ្សេងៗទៀត។

ឆ្លៀតឱកាសនោះ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបានស្នើសុំភាគីគុយបា ៤ចំណុច ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាឲ្យកាន់តែរីកចម្រើន រួមមាន៖

១-ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមស្នើសុំពេទ្យវេជ្ជសាស្ដ្រកីឡា ពិសេសលើវិស័យកីឡាមួយចំនួន ដែលប្រទេសគុយបាខ្លាំងស្រាប់ ដូចជាកីឡាប្រដាល់សកល យូដូ បាល់ទះ អត្តពលកម្ម ពិសេសគឺកីឡាបេស្បល ដែលជាកីឡាករមួយថ្មី សម្រាប់ប្រទេសកម្ពុជា ប៉ុន្ដែខ្ញុំគិតថា គុយបា គាត់ពូកែស្រាប់។ អ៊ីចឹងកម្ពុជាអាចដណ្ដើមមេដាយមាសបាន ដោយសារក្នុងតំបន់អាស៊ានរបស់យើង បេស្បលកម្ពុជា នៅកម្រិតនៅឡើយ។
២-សូមបន្ដនូវកិច្ចសហប្រតិបត្តិការក្នុងការធ្វើទស្សនកិច្ចរវាងប្រទេសទាំងពីរ ព្រោះក្រៅពីវិស័យអប់រំ និងកីឡា ខ្ញុំគិតថា នៅមានផ្សេងៗទៀត។
៣-កម្ពុជា ស្នើបញ្ជូនមន្ដ្រីជំនាញកីឡា ៣នាក់ ទៅទស្សនកិច្ច និងសិក្សាវគ្គខ្លី នៅប្រទេសគុយបា ក្នុងពេលឆាប់ៗខាងមុខ ក្នុងនោះសម្ដៅលើការសិក្សារៀនសូត្រពីការរៀបចំព្រឹត្តិការណ៍ ក៏ដូចជាការគ្រប់គ្រងកីឡា ដែលជាទន់សំខាន់សម្រាប់ត្រៀមរៀបចំកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។
៤-សូមឲ្យភាគីគុយបា ជួយរៀបចំមជ្ឈមណ្ឌលកីឡាកម្ពុជា ដែលប្រហាក់ប្រហែលនឹងគុយបាផងដែរ។

ជាការឆ្លើយតបនឹងសំណើររបស់ភាគីកម្ពុជា លោក Raul Fornes Valenciano បានសម្ដែងនូវសេចក្ដីរីករាយ ក្នុងកិច្ចសហការជាមួយអាជ្ញាធរកីឡាកម្ពុជា ស្របតាម MOU រវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលប្រទេសទាំងពីរ។ ដោយយោងតាមបទពិសោធន៍ និងភាពរីកចម្រើន ទាំងវិស័យកីឡា និងផ្នែកសុខាភិបាលកីឡា គុយបា រីករាយក្នុងការចែករំលែកបទពិសោធន៍ ចំណេះដឹង និងមន្ដ្រីជំនាញមកជួយដល់កម្ពុជា ពិសេសលោកគាំទ្រការរៀបចំនូវមជ្ឈមណ្ឌលកីឡា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡាកម្ពុជា ប្រហាក់ប្រហែលនឹងគុយបាដែរ។

ប្រធានប្រតិភូ និងជាអនុប្រធានវិទ្យាស្ថានជាតិ កីឡា អប់រំ កាយ និងកម្សាន្ដ នៃសាធារណរដ្ឋគុយបាខាងលើ បានសង្កត់ធ្ងន់ថា «យើងនឹងខិតខំចាប់ផ្ដើមធ្វើភា្លមនូវសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរ ក៏ដូចជាក្រសួងរបស់យើងទាំងពីរ។ យើងនឹងរៀបចំយ៉ាងម៉េចឲ្យបានប្រសើរ និងរហ័ស ដើម្បីឆ្លើយតបនឹងសំណើររបស់ឯកឧត្តម(ឯកឧត្តម ស សុខា) និងក្រសួងអប់រំ យុវជន និងកីឡារបស់កម្ពុជា»៕