អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ជូនប្រជាពលរដ្ឋក្រីក្រ​ រងគ្រោះដោយទឹកជំនន់​ ចំនួន ៨០០គ្រួសារ ក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណវត្តនគរបាជ័យក្រៅ ស្រុកកំពង់សៀម ដោយមានការអញ្ជើញជាមួយឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍បញ្ជាក់ថា ជាក់ស្ដែង ដូចជាក្នុងបរិបទជម្ងឺកូវីដ ១៩ អស់រយៈពេល ២ឆ្នាំ ដែលយើងពិតជាមានការលំបាកខ្លាំងណាស់ ទាំងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺយើងបានរួមគ្នា ដើម្បី ចូលរួមទប់ស្កាត់កុំឲ្យជំងឺនោះ ឆ្លងរីករាលដាល ចូលក្នុងសហគមន៍ ហើយពេលនោះ ក្រុមអាជ្ញាធរក៏បានខិតខំដោះស្រាយស្បៀងអាហារនានា ដើម្បី ចែកជូនដល់បងប្អូន នៅពេលដែលមានការបិទខ្ទប់ ឬអ្នកដែលបានឆ្លងជំងឺនោះ ផងដែរ ។ ប៉ុន្តែ ជាគ្រោះអកុសល បន្ទាប់ពីប្រជាពលរដ្ឋយើង បានធូរស្រាលពីជំងឺកូវីដ ១៩ ក៏មកជួបប្រទះនឹងគ្រោះទឹកជំនន់ ។ ដូច្នេះហើយ ទើបអាជ្ញាធរ នៅតែបន្តធ្វើការដោះស្រាយនូវបញ្ហានេះ ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ ។

ឯកឧត្ដម អ៊ុន ចាន់ដា បានបន្តថា ចំពោះ បងប្អូនប្រជាពលរដ្ឋប្រភេទ ក្រ១ ក្រ២ ត្រូវបានទទួលការឧបត្ថម្ភ ជាថវិកាពីរាជរដ្ឋាភិបាល ជាប្រចាំខែ ផងដែរ ដោយកិច្ចការនេះ រដ្ឋាភិបាលមិនទាន់បញ្ចប់ នៅឡើយទេ បើទោះបីជាបច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ បានធូស្រាលទៅហើយក្តី ។ ក្រៅពីនោះ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរបន្តលើកម្មវិធីគាំពារសង្គម ដោយថ្មីៗនេះ មានកម្មវិធីថ្មី ២ បន្ថែមទៀត នៃផ្នែកសង្គមកិច្ច និងផែនការ គឺ ៖ ទី១.ដោះស្រាយដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ ដោយទឹកជំនន់ ។ និងទី២.ដោះស្រាយដល់ប្រជាពលរដ្ឋ ដែលទទួលរងនូវអតិផរណា ដោយសារមានសង្គ្រាម នៅក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជា ការប៉ះពាល់ដល់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕