សម្តេចតេជោ ស្នើឥណ្ឌូនេស៊ី ភ្ជាប់ការហោះហើរត្រង់ជាមួយកម្ពុជា


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឥណ្ឌូនេស៊ី ភ្ជាប់កាតហោះហើរត្រង់ជាមួយកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងប្រជាជន និងទាក់ទាញទេសចរណ៍រវាងប្រទេសទាំងពីរ។

សំណើខាងលើ ត្រូវបានសម្តេចតេជោ លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភាឥណ្ឌូនេស៉ី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ។

បើតាមឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនេះសម្តេចតេជោ ក៏បានស្នើឥណ្ឌូនេស៊ី ពិនិត្យលទ្ធភាពក្នុងការជំរុញអ្នកវិនិយោគពីប្រទេសឥណ្ឌូនេស៊ី មកដាក់ទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដូចជាការសាងសង់ឃ្លាំង សង់រោងឡសម្ងួត និងម៉ាស៊ីនកិនស្រូវ ក្នុងប្រមូលទិញស្រូវពីប្រជាកសិករ ដើម្បីសម្ងួត កិន និងនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ បន្ថែមពីលើនោះ ក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី អាចសហការ ជាមួយកសិករកម្ពុជា ដាំដំណាំស្រូវដែលក្រុមហ៊ុនត្រូវការផងដែរ។

សូមបញ្ជាក់ថា ក្រៅពីបញ្ហាខាងលើ នៅក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូនេស៊ី បានពិភាក្សាគ្នាលើបញ្ហាតំបន់ និងបញ្ហាពិភពលោក រួមជាមួយទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីផងដែរ។

លោកជទាវ ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជាមហាសន្និបាតអាយប៉ា ទទួលបានលទ្ធផលជោគជ័យ និងបាននាំមកជូនតំបន់អាស៊ាននូវវឌ្ឍនភាពយ៉ាងច្រើន។

លោកជំទាវ បណ្ឌិត ពាន់ ម៉ាហារ៉ានី ក៏បានសំដែងនៅសេចក្តីរីករាយជាមួយទំនាក់ទំនងរវាងឥណ្ឌូនេស៊ី និងកម្ពុជា ដែលជាទំនាក់ទំនងជាប្រវត្តិសាស្ត្រ ហើយនៅមានសក្ដានុពលពង្រីកទំនាក់ទំនងនេះបន្ថែមទៀត ដោយឈរលើមូលដ្ឋានដែលមានស្រាប់ តាមរយៈជំរុញទំនាក់ទំនងរវាងសភា និងសភា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាមួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងវិស័យដទៃទៀតដែលប្រទេសទាំងពីរអាចធ្វើទៅបាន៕