(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ បានថ្លែងរំលឹកថា កាលពី១១ឆ្នាំមុន ក្នុងពេលរាជរដ្ឋាភិបាលទទួលយកការវិនិយោគរបស់ក្រុមហ៊ុន មីនេបៀ ក៏មានក្រុមហ៊ុនផ្សេងៗទៀត ដែលចង់បានសិទ្ធិវិនិយោគផ្តាច់មុខដូចគ្នានឹងក្រុមហ៊ុន មីនេបៀ ដែរនោះ ស្នើឲ្យសម្តេចផ្តល់សិទ្ធិឲ្យក្រុមហ៊ុនខ្លួន ដោយអះអាងថា ក្រុមហ៊ុនមីនេបៀ ជាក្រុមហ៊ុនតូចណាស់ ប៉ុន្តែត្រូវបានសម្តេចតេជោ បដិសេធចំពោះសំណើនេះ និងឆ្លើយតបទៅវិញថា «បើរាជរដ្ឋាភិបាលបំពាន លើក្រុមហ៊ុនមីនេបៀបាន ច្បាស់ណាស់ក្រុមហ៊ុនផ្សេង ក៏អាចរងការបំពានពីរាជរដ្ឋាភិបាលដូចគ្នា»

សម្តេចបានបញ្ជាក់ថា បន្ទាប់ពីទទួលការពន្យល់របស់សម្តេច ក្រុមហ៊ុនទាំងនោះបានទទួលយក និងបង្ហាញនូវការភ្ញាក់ផ្អើល។

ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសប្បាយរីករាយ ដោយបានឃើញពីការរីកចម្រើន យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន មីនេបៀ នៅកម្ពុជា ដោយសារតែក្រុមហ៊ុននេះ ប្រៀបបានជាកូនរបស់សម្តេចដែរ សម្តេចបានប្តូរផ្តាច់ចូលរួមជ្រោមជ្រែង តាំងពីចាប់ផ្តើមរហូតមក ដល់បច្ចុប្បន្ននេះ។

សម្តេចបញ្ជាក់ថា ការីកលូតលាស់របស់ ក្រុមហ៊ុនមីនេបៀ និយាយដោយឡែក និងការលូតលាស់នៃការវិនិយោគនៅកម្ពុជា និយាយជារួម គឺចំណុចសំខាន់ដោយសារ «ជំនឿទុកចិត្ត» ជាការទុកចិត្តគ្នាទៅវិញទៅមក រវាងក្រុមហ៊ុនទុកចិត្ត កម្មករ និងរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រឿងធំនៅទីនេះ ក្រុមហ៊ុនមីនេបៀ ដែលយើងដកស្រង់បានពាក្យខ្លីមួយមាត់ គឺជំនឿទុកចិត្ត។ ក្រុមហ៊ុនទុកចិត្តរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលទុកចិត្តលើក្រុមហ៊ុន, កម្មករទុកចិត្តលើក្រុមហ៊ុន ទៅលើរាជរដ្ឋាភិបាល, រាជរដ្ឋាភិបាល ទុកចិត្តលើកម្មករ និងទៅលើក្រុមហ៊ុន ទាំងអស់នេះជាចំណុចពិសេសនៃការរីកលូតលាស់ មិនត្រឹមតែមីនេបៀ ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ជាទិដ្ឋភាពរួមនៃការវិនិយោគ ខ្ញុំធ្លាប់បាននិយាយហើយថា ត្រីណាមកមុន គឺចាប់ស៊ីមុន មិនចាំបាច់ត្រីធំឬ ត្រីតូចនោះទេ ព្រោះកម្ពុជាស្ថិតក្នុងស្ថានភាពដែលខ្វះខាត ហើយត្រូវការការវិនិយោគមួយដ៏ជាក់លាក់»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា​ «១១ឆ្នាំមុនខ្ញុំបានជួបលោក កៃណាម៉ា ប្រធានក្រុមហ៊ុន មីនេបៀ ពេលនោះយើងបានផ្តល់ការអនុញ្ញាត ឲ្យមានការវិនិយោគ ដោយមានភាពផ្តាច់មុខ ទៅលើមុខទំនិញមួយចំនួន បន្ទាប់ទៅយើងក៏មានក្រុមហ៊ុនផ្សេងទៀតមកពីក្រោយ ក៏ចង់បាននូវស្ថានភាពដូចគ្នា ហើយនិយាយថា ក្រុមហ៊ុន មីនេបៀ ជាក្រុមហ៊ុនតូចណាស់ ប៉ុន្តែខ្ញុំបានបញ្ជាក់ទៅគេវិញថា ត្រីណាមកមុន គឺខ្ញុំទទួលទានមុន ដោយមិនអាចរង់ចាំត្រីធំបានទេ នេះទី១ ដល់ទី២ ខ្ញុំបង្ហាញប្រាប់ទៅគេវិញថា ប្រសិនបើខ្ញុំបំពានទៅលើ មីនេបៀ បាន ថ្ងៃក្រោយអស់លោក ក៏នឹងត្រូវបានទទួលការបំពាន ពីរាជរដ្ឋាភិបាលដូចគ្នា។ ខ្ញុំបាននិយាយចំណុចនេះ ទៅក្រុមហ៊ុនច្រើនណាស់ ពួកគេក៏ទទួលយក និងមានការភ្ញាក់ផ្អើល»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញពីមោទនភាព ដែលបានចូលរួមជាមួយអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីឲ្យមានការវិនិយោគរបស់ក្រុមហ៊ុន មីនេបៀ នៅកម្ពុជាបានទទួលជោគជ័យ ដែលចាប់ផ្តើមពីទុនវិនិយោគចំនួន ៣២លានដុល្លារ និងកម្មករជាង១ពាន់នាក់ ឥឡូវនេះក្រុមហ៊ុនបានពង្រីកទុនរហូតដល់ ៦០០លានដុល្លារ ជាមួយកម្មករជាង៦ពាន់នាក់៕