សម្តេចតេជោ ហ៊ុន សែន៖ កំលុងពេលរាតត្បាតជំងឺកូវីដ១៩ រដ្ឋាភិបាលបញ្ចេញថវិកាសរុបជាង២ពាន់លានដុល្លារ ដោយក្នុងមួយខែ៤០លានដុល្លារ ជួយចិញ្ចឹមពលរដ្ឋប្រមាណ៧០ម៉ឺនគ្រួសារ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កំលុងពេលរាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបញ្ចេញថវិកាសរុបជាង២ពាន់លានដុល្លារ ដោយនោះក្នុងមួយខែ ៤០លានដុល្លារ សម្រាប់ជួយចិញ្ចឹមប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ ដែលក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយប្រជាពលខ្មែរជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «បន្ថែមលើនោះ ដើម្បីជៀសវាងបាននឹងបញ្ហាការធ្លាក់ចុះនូវអត្រាភាពក្រីក្រ របស់ប្រជាជនរាជរដ្ឋាភិបាលបានសម្រេចបញ្ចេញសាច់ប្រាក់ក្នុង១ខែប្រមាណ៤០លានដុល្លារ ដើម្បីជួយចិញ្ចឹមប្រជាជនប្រមាណ៧០ម៉ឺនគ្រួសារ នេះជាការដោះស្រាយ បន្ថែមលើនោះរោងចក្រមួយចំនួនត្រូវព្យួរ កម្មករនៅតាមសណ្ឋាគារដែលប៉ះពាល់យើងត្រូវផ្តល់នូវប្រាក់សម្រាប់កម្មកររបស់យើង ដោយក្នុងម្នាក់បាន ៧០ដុល្លារក្នុងមួយខែ ដោយរយៈរាជរដ្ឋាភិបាលផ្តល់ ៤០ដុល្លារ និងម្ចាស់រោងចក្រផ្តល់ថវិកា៣០ដុល្លារ ដោយណែកកម្មករក្នុងវិស័យសណ្ឋាគារគឺទទួលបានតែ៤០ដុល្លារប៉ុណ្ណោះទេ នៅក្នុងមួយខែ»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់នៅក្នុងដំណាក់រាតត្បាតជំងឺកូវីដ១៩ គឺរាជរដ្ឋាភិបាល បានធ្វើការដោះស្រាយបញ្ហាដ៏លំបាកជាច្រើន ដើម្បីធ្វើយ៉ាងណា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ព្រមទាំងបុគ្គលិកនៅតាមសណ្ឋាគារ និងវិស័យមួយចំនួនដែលត្រូវព្យួរការងារជាបណ្តោះអាសន្ន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងកំលុងពេលកូវីដ១៩ រាតត្បាត គឺរាជរដ្ឋាភិបាលបញ្ចេញប្រាក់សន្សំអស់ជាង ២ពាន់លានដុល្លារ ដើម្បីបម្រើឱ្យនូវសេចក្តីត្រូវលើការងារប្រយុទ្ធប្រឆាំងកូវីដ១៩ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះផង ចំណុចនេះមិនមែនជារឿងតូចតាចនោះទេ ទីចុងបំផុតកម្ពុជា ជាប្រទេសមួយដែលត្រូវមើលងាយបានក្លាយជាប្រទេសជួរនៃការគ្រប់គ្រងជំងឺកូវីដ១៩។

«រាជរដ្ឋាភិបាលនៅបន្តអន្តរាគមន៍ ជួយប្រជាពលរដ្ឋទៅដល់ប្រជាជន៧០ម៉ឺនគ្រួសារដែលកំពុងទទួលផល និងបន្ថែមប្រហាក់ប្រហែល៦០ម៉ឺនគ្រួសារទៀត ដែលទទួលផលប៉ះពាល់ពីអតិផរណា និងទឹកជំនន់»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

នៅចំពោះមុខប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍តរាតត្បាតជំងឺកូវីដ១៩ គឺកម្ពុជា បានឆ្លងកាត់ការលំបាក ប៉ុន្តែរាជរដ្ឋាភិបាល មិនបានរុញរាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺ។ បើទោះបីរយៈពេល២ថ្ងៃនេះ ស្ថានភាពជំងឺកូវីដ១៩ មានការកើនឡើងបន្តិចក៏ដោយ ប៉ុន្តែ វាមិនបង្កឱ្យមានភាពធ្ងន់ធ្ងរនោះទេ។

ជុំវិញចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា គិតមកថ្ងៃនេះ គឺមានរយៈពេល៨ខែហើយ ដែលកម្ពុជា មិនមានប្រជាជនស្លាប់ដោយសារជំងឺកូវីដ១៩។ សម្តេចក៏បានប្រាប់ខ្មែរនៅអឺរ៉ុបថា ការប្រយុទ្ធនឹងជំងឺកូវីដ១៩ មិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសទាក់ទិននឹងជីវិតរបស់មនុស្ស និងការប្រយុទ្ធជាមួយនឹងសត្រូវមើលមិនឃើញ ដែលជាការលំបាកសម្រាប់ប្រទេសក្រីក្រ។ សម្តេចថា ទោះបីកម្ពុជាក្រីក្រ តែកម្ពុជាបានប្រឹងប្រែងការពារអាយុជីវិតពលរដ្ឋ ដោយរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋមិនបង់ថ្លៃ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឮកថា ដំណាក់កាលរាតត្បាតដំបូងនៃជំងឺកូវីដ១៩ គឺមានសារព័ត៌មាននៅប្រទេសជឿនលឿនមួយចំនួនគឺបានសរសេរវាយប្រហារលើប្រទេសកំពុងអភិវឌ្ឍន៍ ដោយបានមើលស្រាល មើលងាយចំពោះប្រទេសក្រីក្រ រួមទាំងកម្ពុជាផង លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្រសួងសង្គមកិច្ច ក៏បានចាប់ផ្តើមដំណើរការអនុត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា មកដល់បច្ចុប្បន្នបានចំនួន១០ជុំ មាន២៧លើករួចមកហើយ។

គិតចាប់ពីថ្ងៃទីទិ២៥ ខែមិថុនា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ៨៦៨.៤២លានដុល្លារ សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះនៅទូទាំងប្រទេស៕