សម្ដេចតេជោ ហ៊ុន សែន ណែនាំក្រសួងពាណិជ្ជកម្ម ទប់ស្កាត់ការតម្លើងថ្លៃប្រេង និងប្រកាសជាថ្មី មិនតម្លើងថ្លៃអគ្គិសនី


(ព្រុចសែល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំទៅកាន់ក្រសួងពាណិជ្ជកម្ម ត្រូវមានយន្ដការច្បាស់លាស់ ដើម្បីទប់ស្កាត់ការតម្លើងថ្លៃប្រេងនៅក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរមកពីបណ្ដាប្រទេសផ្សេងៗ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីកម្ពុជាអនុវត្ដនូវយន្ដការសេដ្ឋកិច្ចទីផ្សារសេរីយ៉ាងណាក្ដី ប៉ុន្ដែការទប់ស្កាត់នេះ គឺដើម្បីជៀសវាងការឆ្លៀតឱកាសលួចតម្លើងថ្លៃ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្មធ្វើការសម្របសម្រួល អត់មានឲ្យអ្នកឯងតម្លើងថ្លៃប្រេងតាមអំពើចិត្តនោះទេ លើកនេះរាជរដ្ឋាភិបាលបើទោះបីសេដ្ឋកិច្ចទីផ្សារ ក៏ប៉ុន្ដែត្រូវតែមានការណែនាំមួយ បើមិនអញ្ចឹងឆ្លៀតឱកាសប្រេងឡើងថ្លៃ ប្រេងចុះថ្លៃ គឺនាំគ្នាតម្លើង»។

តម្លៃប្រេងឡើងចុះនេះ គឺមិនមែនកើតមានឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ ពោលនៅសកលលោកទាំងមូល គឺមានការប្រែប្រួលនៃតម្លៃនេះ ដោយសារមួយផ្នែកមកពីឥទ្ធិពលសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។ បើតាមអ្វីដែលសម្ដេចបានសាកសួរទៅកាន់ប្រជាពលរដ្ឋរស់នៅប្រទេសបារាំង តម្លៃប្រេងនៅទីនោះ ១.៨អឺរ៉ូ ស្មើប្រមាណ៧,៥០០រៀល។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២៥០រៀល ក្នុង១លីត្រ។ បើតាមអ្វីដែលជាការជូនដំណឹងនេះ បានបង្ហាញថា តម្លៃប្រេងសាំងចុះ១០០រៀល និងប្រេងម៉ាស៊ូត ចុះ២០០រៀល បើធៀបនឹង១០ថ្ងៃមុន។

ក្រសួងពាណិជ្ជកម្ម បានអះអាងថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦.៥សេនដុល្លារ ក្នុងមួយលីត្រ។

បន្ថែមពីការលើកឡើងរឿងតម្លៃប្រេង សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់អំពីតម្លៃនៃការប្រើប្រាស់ថាមពលអគ្គិសនីផងដែរ ដោយសម្ដេចបានអះអាងថា រាជរដ្ឋាភិបាល មិនតម្លើងថ្លៃអគ្គិសនីនោះទេ បើទោះបីរដ្ឋខាតបង់យ៉ាងណាក្ដី។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមើលឃើញថា ប្រសិនបើរាជរដ្ឋាភិបាលតម្លើងថ្លៃអគ្គិសនីនោះ នឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់ទាំងជីវភាពប្រជាជន ដែលកំពុងតែមានចំណូលធ្លាក់ចុះ ការដឹកជញ្ជូនឡើងថ្លៃ ហើយអ្វីដែលកាន់តែធ្ងន់ទៀតនោះ រោងចក្រនានាត្រូវចំណាយកាន់តែខ្លាំងទៅលើភ្លើង ដូច្នេះហើយបានសម្ដេចណែនាំឲ្យអគ្គិសនីកម្ពុជា រក្សាតម្លៃដដែល។

សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងថា បើតាមការគណនា នៅឆ្នាំ២០២២នេះ អគ្គិសនីកម្ពុជាខាតបង់ថវិកាប្រមាណ ១០០លានដុល្លារ បណ្តាលមកពីវិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែ និងការដាក់ទណ្ឌកម្ម ធ្វើឲ្យពិភពលោកជួបប្រទេសនូវវិបត្តិថាមពល៕