(ភ្នំពេញ) នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ២០២២ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញដឹកនាំប្រតិភូមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យនៅប្រទេសស្រីលង្កា ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
ក្នុងដំណើរទស្សនកិច្ចនោះផងដែរ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម Ranil Wickremesinghe ប្រធានាធិបតីស្រីលង្កា និងឯកឧត្តម Dinesh Gunawardena នាយករដ្ឋមន្ត្រី នៃប្រទេសស្រីលង្កា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រធានាធិបតីស្រីលង្កា និងនាយករដ្ឋមន្ត្រីស្រីលង្កា ដោយក្ដីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងបានពាំនាំនូវការអញ្ជើញរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដល់ប្រធានាធិបតីស្រីលង្កា ឲ្យមកទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយផងដែរ។
ឯកឧត្តមបណ្ឌិត បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់ជូននូវសិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋកម្ពុជាជាទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនា។ កម្ពុជាមានអ្នកកាន់សាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ ប្រមាណជាង៩៣% សាសនាឥស្លាមជិត៥% និងផ្សេងៗជិត ២% នៃប្រជាជនជិត១៧ លាននាក់។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំកម្ពុជា ឲ្យក្លាយជាប្រទេសដែលទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យដោយឥតឈប់ឈរ។
ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីការផ្សាភ្ជាប់កម្ពុជាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម ក៏បានលើកឡើងពីដំណើរការលើវិស័យទេសចរណ៍មុន ក្រោយវិបត្តិកូវិដ១៩ និងការងើបឡើងវិញនាពេលបច្ចុប្បន្ននេះ ដែលសេដ្ឋកិច្ចកម្ពុជាក៏រំពឹងថាងើបឡើងវិញជាបន្តបន្ទាប់។
ឯកឧត្តមបណ្ឌិត បានស្នើដល់ប្រធានាធិបតីស្រីលង្កា ពិនិត្យការហោះហើរត្រង់មកកម្ពុជា ព្រមទាំងបានលើកឡើងពីសក្ដានុពល នៃការងារវិនិយោគនៅកម្ពុជា ដែលមានច្រើន រួមមានទាំងវិស័យឧស្សាហកម្មហាឡាល ពង្រីកការនាំចេញផងដែរ។
ជាកិច្ចឆ្លើយតប ភាគីនៃប្រទេសស្រីលង្កា បានសម្ដែងនូវក្ដីរីករាយ អរគុណចំពោះការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេច ព្រមទាំងទទួលនូវការអញ្ជើញរបស់សម្ដេចមកទស្សនកិច្ចផ្លូវការនៅកម្ពុជានៅពេលវេលាសមស្របណាមួយ ព្រមទាំងបានលើកឡើងថា នឹងពិនិត្យការហោះហើរត្រង់មកកម្ពុជា ដើម្បីពង្រីកទេសចរណ៍ ការវិនិយោគវិស័យហាឡាល នាំទៅទីផ្សារប្រទេសតំបន់ឈូងសមុទ្រ GCC ពិនិត្យបង្កើតឲ្យមានស្ថានកុងស៊ុល ដើម្បីបង្កភាពងាយស្រួលថែមទៀត។
ឯកឧត្តម ប្រធានាធិបតីស្រីលង្កា បានលើកឡើងថា ស្រីលង្កា កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌា នេប៉ាល់ ជាប្រទេសដែលមានប្រជាជនប្រកាន់យកសាសនាព្រះពុទ្ធច្រើន ដែលអាចមានទេសចរណ៍សាសនានឹងមានការរីកចំរើននៅពេលអនាគតបើមានភាពកាន់តែងាយស្រួលឡើង។ ភាគីកម្ពុជា និងស្រីលង្កា សង្ឃឹមយ៉ាងមុតមាំថា កិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងមានភាពកាន់តែល្អប្រសើរឡើងនៅពេលខាងមុខ។
ក្នុងដំណើរទស្សនកិច្ចនេះដដែល ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏មានជំនួបពិភាក្សាការងាររដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសស្រីលង្កាផងដែរ។
ជាមួយគ្នានោះ ប្រតិភូកម្ពុជា ក៏មានជំនួបជាមួយស្ថាប័ន Ceylinco Education Group ដែលជាស្ថាប័នអប់រំដ៏ធំមួយនៅស្រីលង្កា ដែលមានចំណាប់អារម្មណ៍ចង់ពង្រឹងកិច្ចប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងមហាវិទ្យាល័យនៅកម្ពុជា។ ក្រៅពីនេះ ក៏មានជំនួបជាមួយតំណាងស្ថាប័នរដ្ឋ និងឯកជនមួយចំនួនក្នុងប្រទេសស្រីលង្កាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សាបន្ថែមពីស្ថាប័នធនាគារឥស្លាម ដែលមានបំណងមកវិនិយោគលើវិស័យហាឡាលនៅកម្ពុជា ដែលអាចផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ពីធនាគារទាំងនោះ ដូចជាការផ្ដល់ថវិកាកម្ចីទូទៅ គឺមិនមែនសម្រាប់តែឥស្លាមនោះទេ៕