អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង អំពាវនាវប្រជាពលរដ្ឋនៅពេលទទួលបានសមិទ្ធិផលផ្លូវចាក់គ្រួសក្រហមប្រវែងជិត១០គីឡូម៉ែត្រ ត្រូវចូលរួមថែរក្សាឲ្យបានគង់វង្សទុកជាសម្បត្តិរួមប្រើប្រាស់ទាំងអស់គ្នា


(ស្វាយរៀង)៖ លោកជំទាវ ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានអំពាវនាវប្រជាពលរដ្ឋនៅពេលទទួលបានសមិទ្ធិផលថ្មី ផ្លូវចាក់គ្រួសក្រហមប្រវែង៩៦០០ម៉ែត្រ សូមចូលរួមថែរក្សាឲ្យបានគង់វង្ស ទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។

ការអំពាវនាវរបស់អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្នុងពិធីបើកកាដ្ឋានស្ថាបនាផ្លូវចាក់គ្រួសក្រហម៩ ៦០០ម៉ែត្រ ដោយ តភ្ជាប់ពីភូមិខ្លាលោត ឃុំកំពង់ត្រាច ទៅភូមិស្វាយទន្ទឹម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក។ ពិធីនេះមានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាលស្រុក និងក្រុមប្រឹក្សាស្រុក អាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោកជំទាវ ឈុន សារឹម បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យពទាំងវិស័យពុទ្ធចក្រ ក៏ដូចជាអាណាចក្រផងដែរ។

លោកជំទាវ បន្ថែមថា សូមអគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ ពិសេសនាពេលបើកកាដ្ឋានស្ថាបនាផ្លូវចាក់គ្រួសក្រហមប្រវែង៩៦០០ម៉ែត្រ ដោយចាក់បាត ក្រោម៩ម៉ែត្រកន្លះ និងបាតក្រោម៨ម៉ែត្រកន្លះ ក្នុងថ្ងៃនេះតែម្ដង ហើយសូមថ្លែងអំណរគុណកងវិស្វកម្មរបស់នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភា ក្រសួងមហាផ្ទៃ ដែលបានស្ថាបនាផ្លូវនេះដែលជាតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងការធ្វើដំណើរឆ្លងកាត់ក៏ដូចជាដឹកកសិកផលព្រោះផ្លវនេះពីមុនគឺពិបាកក្នុងការធ្វើដំណើរដោយមានជង្ហុគធំៗផងដែរ។

លោកជំទាវបានបន្តថា ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកជំទាវ ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏ដូចជាឯកឧត្តម សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុករមាសហែក ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋ និងបានកសាងសមិទ្ធិផលនានាជាច្រើន នៅទូទាំងស្រុករមាសហែក ក៏ដូចនៅទូទាំងខេត្តស្វាយរៀងផងដែរ។

បន្ថែមលើសពីនេះលោកជំទាវ ឈុន សារឹម ក៏បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ក្នុងស្រុករមាសហែក បន្តការខិតខំអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំណុច ជូនបងប្អូនប្រជាពលរដ្ឋពិសេសបានធ្វើការផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលាផងដែរ៕