ឯកឧត្តមវេជ្ជ. សុះ មុះសិន បានអញ្ជើញ ជាអធិបតី ក្នុងពិធីសំណេះសំណាលជួបជុំក្រុមគ្រូពេទ្យ និងនិស្សិតផ្នែកវិទ្យាសាស្រ្តសុខាភិបាលមុស្លិមកម្ពុជា លើកទី១ ឆ្នាំ២០២៣ ក្រោមប្រធានបទ ( សុខភាព និងសហគមន៍ឥស្លាម )


ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជួបជុំក្រុមគ្រូពេទ្យ និងក្រុមនិស្សិតផ្នែកវិទ្យសាស្រ្តសុខាភិបាលមុស្លិមកម្ពុជា លើកទី១ ឆ្នាំ២០២៣ ក្រោមប្រធានបទ « សុខភាព និងសហគមន៍ឥស្លាម » នៅមជ្ឍមណ្ឌល CJCC រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី ស៊ុគ្រី តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកគ្រូពេទ្យអ្នកគ្រូជាវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និស្សិតផ្នែកវិទ្យាសាស្រ្តសុខាភិបាលតាមបណ្តាម សាកលវិទ្យាល័យនានា យុវជនសិស្សនិស្សិត ក្រុមការងារសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជារាជធានី ខេត្ត និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជារាជធានីភ្នំពេញផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. សុះ មុះសិន ក៏បានលើកទឹកចិត្ត និងលើកឡើងពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា វិស័យសុខាភិបាលក៏ត្រូវបានលើកម្ពស់ពីមួយជំហានទៅមួយជំហានទាំងសេវាពិនិត្យព្យាបាល និងផ្តល់ជាថ្នាំលេបជូនដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន និងសហគមន៍នានាទូទាំងប្រទេស។ វិស័យសុខាភិបាល គឺជាផ្នែកមួយយ៉ាងសំខាន់ពីព្រោះវិស័យនេះកំពុងតែមានការរីកចំរើនយ៉ាងខ្លាំងខ្លាមិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺទូទាំងសាកលលោក ការជួបជុំក្រុមគ្រូពេទ្យ និងនិស្សិតផ្នែកវិទ្យាសាស្រ្តសុខាភិបាលមុស្លិមកម្ពុជាទូទាំងប្រទេស ដើម្បីប្រមូលកម្លាំងសាមគ្គីក្នុងការរួមចំណែកលើកកម្ពស់ការថែទាំសុខភាពរបស់សហគមន៍ ការជួយសង្រ្គោះផ្សេងៗតាមមូលដ្ឋានសហគមន៍ ដើម្បីអភិវឌ្ឍសហគមន៍របស់យើង ឱ្យការរីកចម្រើន និងជំរុញធនធានមនុស្ស នៅក្នុងនោះគឺវិស័យសុខាភិបាល មានការផ្លាស់ប្ដូរនូវឥរិយាបទ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាទូទាំងប្រទេសឱ្យមានការយល់ដឹងពីផ្នែកសុខាភិបាល ពេលដែលមានបញ្ហាសុខភាព គឺត្រូវទៅពិនិត្យ ឬពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬអ្នកជំនាញផ្នែកសុខភាព ជៀសវាងការទិញថ្នាំពេទ្យខុសធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។ ធនធានមនុស្សគឺជាបញ្ហាសំខាន់ លើការអភិវឌ្ឍន៍ លើផ្នែកវិទ្យាសាស្ដ្រសុខាភិបាល លើផ្នែកសំខាន់ផ្សេងៗ សុខភាពរបស់មនុស្សគឺមានការប្រែប្រួល ដូចនេះគឺទាមទារឱ្យយើងមានការអភិវឌ្ឍលើផ្នែកសុខាភិបាល ការអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញលើផ្នែកវិទ្យាសាស្ដ្រសុខាភិបាល ដូចជា ផ្នែករោគបេះដូង រោគក្រពះពោះវៀន រោគស្ដ្រី ជំងឺសើស្បែក ជំនាញវះកាត់៕