ឯកឧត្តម ឡុង ឌីម៉ង់ ចុះសួរសុខទុកបងប្អូនពលករផ្នែកកសិកម្ម នៅកូរ៉េ


“បន្ថែមពីលើការផ្ដល់សេវាសាធារណៈ និងការជួយគាំពារផ្នែកច្បាប់ ការចុះជួបផ្ទាល់ជាមួយប្រជាជនក៏ជាការងារមួយមិនអាចខ្វះបានផងដែរក្នុងនាមជាអ្នកតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាក្នុងការមើលថែប្រជាជន” នេះជាការលើកឡើងរបស់ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ទៅកាន់និយោជកជនជាតិកូរ៉េ នៅចំការម្ទេសមួយកន្លែង ក្នុងទីក្រុង Miryang ខេត្ត Gyeongsangnam-do។ បន្ថែមពីលើនេះឯកអគ្គរាជទូតក៏បានស្នើនិយោជកកូរ៉េឱ្យមើលថែទាំ ស្រលាញ់ និងចាត់ទុកពលករកម្ពុជាឱ្យដូចជាសាច់ ជាឈាម ជាកូន ជាក្មួយ របស់ពួកគាត់។

ក្រុមការងារស្ថានទូតដឹកនាំដោយ ឯកអគ្គរាជទូត និងលោកជំទាវ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ បានចុះសួរសុខទុកបងប្អូនពលករផ្នែកកសិកម្ម ចំនួន ១៣នាក់ ក្នុងចំការចំនួន ៣ ក្នុងទីក្រុង Miryang ខេត្ត Gyeongsangnam-do ដោយមានការសម្របសម្រួលពីមជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុង Miryang ដើម្បីពិនិត្យពីស្ថានភាពរស់នៅ បញ្ហាប្រឈម លក្ខខណ្ឌការងារ សុខទុក្ខ និងសំណូមពរដោយផ្ទាល់ពីបងប្អូនពលករ។

គួរបញ្ជាក់ផងដែរថាគិតត្រឹមដើមឆមាសទី២ ឆ្នាំ២០១៦ ពលករខ្មែរដែលកំពុងបម្រើការងារផ្នែកកសិកម្មនៅសាធារណរដ្ឋកូរ៉េមានចំនួនប្រមាណ ១៦,២២៥នាក់ នារីចំនួន ៧,៣១៥នាក់៕