លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ទិវាជ័យជម្នះ ៧ មករា ជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលគ្មានអំណាច ឬក៏ជនអគតិណាអាចបំភ្លៃពីប្រវត្តិសាស្ត្រនេះបានឡើយ


(កណ្តាល)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងនាមសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ នៃគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកលើកដែក បានគូសបញ្ជាក់ថា ទិវាជ័យជំម្នះ ៧ មករា គឺជាសច្ចធម៌ប្រវត្តិសាស្ត្រមួយរបស់ដំណើរជាតិកម្ពុជាដែលគ្មានអំណាច ឬក៏ជនអគតិណាអាចបំភ្លៃអំពីប្រវត្តិសាស្ត្រនេះបានឡើយ។

ការបញ្ជាក់បែបនេះ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ – ០៧ មករា ២០២៣) នៅទីធ្លាកំពង់ចម្លងអ្នកលឿង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា រាជរដ្ឋាភិបាល លោក លោកស្រីក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុបចំនួន ៥៨២នាក់។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានលើកឡើងថា ទិវាជ័យជម្នះ ៧ មករា គឺជាថ្ងៃកំណើត របស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ទាំងអ្នកនៅក្នុងប្រទេស និងអ្នកនៅក្រៅប្រទេសដែលបានគាំទ្រជ័យជម្នះថ្ងៃ៧មករា ។ទោះបីមានអ្នកមិនគាំទ្រប្រឆាំងថ្ងៃ៧ មករា មានន័យថាពួកគេជាអ្នកគាំទ្ររបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបង្កនូវសោកនាដកម្មយ៉ាងធំធេងមកដល់ប្រជាជនកម្ពុជា។

ក្នុងពិធីនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានអាននូវសន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកជំទាវបានបញ្ជាក់ថា ការអានសន្ទរកថានាពេលនេះព្រោះទិវាបុណ្យជ័យជម្នះ ៧មករា បានប្រារព្ធធ្វើឡើងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅថ្នាក់ជាតិ និងបណ្ដាថ្នាក់ក្រោមជាតិមួយចំនួនធំទូទាំងប្រទេសកម្ពុជា។ ថ្ងៃ៧ មករា ជាថ្ងៃបុណ្យជាតិ ដែលប្រជាពលរដ្ឋត្រូវបានសង្គ្រោះរស់រានមានជីវិត និងធ្វើឱ្យយើងមានអ្វីៗដូចសព្វថ្ងៃនេះទាំងការអភិវឌ្ឍ ទាំងសន្តិភាព និងមានអ្វីៗគ្រប់បែបយ៉ាង។

ជាមួយនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានលើឡើងផងដែរថា ការអានសារនាពេលនេះ គឺជាសារនយោបាយមួយដែលប្រជាពលរដ្ឋត្រូវតែចងចាំព្រោះជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តភារកិច្ចរបស់យើងជាបន្តទៀត ដើម្បីធ្វើឱ្យមាតុភូមិទទួលបាននូវសុខសន្តិភាព និងបន្តការអភិវឌ្ឍទៅមុខទៀត។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានគូសបញ្ជាក់ថា គ្មានប្រទេសណាអាចធ្វើការអភិវឌ្ឍបាននៅក្នុងប្រទេសដែលមានសង្គ្រាមបានឡើយ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានអំពាវនាវសូមយុវជនដែលគ្រប់អាយុបោះឆ្នោត និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមរក្សាបរិយាកាសដើម្បីឱ្យការប្រព្រឹត្តទៅនាថ្ងៃបោះឆ្នោតប្រព្រឹត្តទៅដោយសេរីយុត្តិធម៌ និងគ្មានអំពើហិង្សា យើងទាំងអស់គ្នាត្រូវបោះឆ្នោតឱ្យសន្តិភាព បោះឆ្នោតឱ្យការអភិវឌ្ឍ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោក ចាប ច័ន្ទវិទ្យា បានឡើងមតិចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្តថា ការពារស្មារតី ៧មករា ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារបុព្វការីថ្ងៃជ័យជម្នះ ៧មករាជារៀងរហូត, ការពារសមិទ្ធផល ៧ មករា ការពារឯករាជ្យ អធិបតេយ្យភាពជាតិ ការពារសន្តិភាព ស្ថិរភាពឱ្យបានជាដាច់ខាត ចូលរួមយ៉ាងសកម្មស្មោះត្រង់ដោយស្មារតីមុតស្រួចក្នុងការកែទម្រង់ស៊ីជម្រៅក្រោមអភិក្រមទាំង៥ ងូតទឹកដុះខែឆ្លុកកញ្ចក់ព្យាបាល និងវះកាត់ គាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី និងជំទាវបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត និងប្ដេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសយូរអង្វែងតទៅ។

ក្នុងឱកាសដ៏វិសេសវិសាលនេះលោក លោកស្រី បាននាំយកកន្ត្រក់ផ្កាជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី និងធ្វើពិធីព្រលែងសត្វព្រាបនិងបង្ហោះប៉ោងៗ ផងដែរ៕