(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធានវេទិកាសន្តិភាពនិងកាទូត ជួយផ្សព្វផ្សាយពីកត្តា សុខសន្តិភាពពេញលេញ មានសក្តានុពលលើវិស័យសេដ្ឋកិច្ចរបស់កម្ពុជា និងជួយកៀរគរឲ្យវិនិយោគិនកូរ៉េ ឱ្យមកវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។
សម្តេចពញាចក្រី ហេង សំរិន បានស្នើយ៉ាងដូចនេះ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក (Park Byeongseug) ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ក្នុងពេលដែលលោកមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ជាមួយគ្នានេះ សម្តេចពញាចក្រី ហេង សំរិន ក៏បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងឆ្លៀតឱកាសមកជួបសម្តែងការគួរសមជាមួយ សម្តេចនាពេលនេះ។ ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកូរ៉េ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ជាពិសេសវិស័យកាទូតសភា។
ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក បានគោរពកោតសរសើរចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានបំពេញតួនាទីដ៏សំខាន់ៗនៅក្នុងការរំដោះ សង្រ្គោះអាយុជីវិតប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិ និងចូលរួមកសាងអភិវឌ្ឍន៍កម្ពុជារហូតមក និងបានអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា រួមនឹងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមកទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក ក៏បានសម្តែងក្តីសប្បាយរីករាយ ចំពោះការរីកចម្រើនដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានការរីកចម្រើនបន្តបន្ទាប់ និងបានលើកឡើងពីតួនាទីដ៏សំខាន់របស់រដ្ឋសភា នៅក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ និងបានគោរពស្នើសម្តេចពញាចក្រី ហេង សំរិន ជួយជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅឡើង តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងគ្នាទៅវិញទៅមក។
សម្តេចពញាចក្រី ហេង សំរិន ក៏បានគាំទ្រចំពោះបេសកកម្មរបស់ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក និងគណៈប្រតិភូក្នុងការលើកកម្ពស់ការទូតសន្តិភាព។ សម្តេចបានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង កម្ចីឥណទានសម្បទាន ហើយគម្រោងនានាជាច្រើន បាននិងកំពុងអនុវត្ត និងបានស្នើឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក និងគណៈប្រតិភូជួយផ្សព្វផ្សាយឲ្យវិនិយោគិនកូរ៉េមក វិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀតពីព្រោះកម្ពុជាមានសុខសន្តិភាពពេញលេញ មានសក្តានុពលលើវិស័យសេដ្ឋកិច្ច។
ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក បានគោរពទទួលយកសំណើសម្តេចប្រធានរដ្ឋសភា និងបានជម្រាបជូនសម្តេច ពីការរីកចម្រើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរដែលបានកើនដល់ ៥ពាន់លានដុល្លារ ដែលសាធារណរដ្ឋកូរ៉េជាប្រទេសឈរក្នុងលំដាប់ទី២ ដែលបានបោះទុនវិនិយោគនៅកម្ពុជាបន្ទាប់ពីប្រទេសចិន។
ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក ក៏បានជម្រាបជូនសម្តេចដែរថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបនឹងចូលជាធរមាន ការវិនិយោគនិងពាណិជ្ជកម្មរវាងកម្ពុជានិងកូរ៉េ នឹងកើនឡើង ជាពិសេសនៅឆ្នាំនេះសាធារណរដ្ឋកូរ៉េបានបង្កើនចំនូនកូតាពលករខ្មែរទៅធ្វើការនៅកូរ៉េចំនួន៤០%បន្ថែមទៀតផងដែរ៕