(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧ នឹងយកទៅដាក់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលនឹងជួយពង្រឹង និងពង្រីកការនាំចេញ ជួយបង្កើនការដាំដុះ និងកែច្នៃ ខណៈបច្ចុប្បន្នកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃជាច្រើនទៅវៀតណាម ដែលធ្វើឱ្យបាត់បង់តម្លៃបន្ថែម។
ឯកឧត្តម ប៉ាន សូរស័ក្តិ គូសបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះ រវាងកម្ពុជា និងសាធារណរដ្ឋតួកគី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់។
ឯកឧត្តមបានថ្លែងបន្តថា ដំណាំស្វាយចន្ទី គឺដំណាំដែលដាំដុះក្នុងទំហំធំ និងផ្តល់ចំណូលយ៉ាងច្រើនពីការនាំចេញ ប៉ុន្តែហាក់មិនមានការគ្រប់គ្រងបានល្អនោះទេ នាពេលកន្លងមក។
ឯកឧត្តមរំពឹងថា បន្ទាប់ដាក់ឱ្យអនុវត្តជាផ្លូវការ នូវគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧ នៅក្នុងឆ្នាំ២០២៣ ក្រោយទទួលបានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងជំរុញដល់ការនាំចេញគ្រាប់ស្វាយចន្ទីកាន់តែល្អប្រសើរ ក៏ដូចជាជួយគាំទ្រដល់កសិករក្នុងការដាំដុះ។
ឯកឧត្តមបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាធម្មតា យើងត្រូវតែមានគោលនយោបាយច្បាស់លាស់ ដើម្បីចែកនូវការទទួលខុសត្រូវ និងការធ្វើការរបស់ក្រសួងនីមួយៗ ដើម្បីជំរុញវិស័យនេះឱ្យសមស្របទៅជាមួយគ្នា។ ខ្ញុំសង្ឃឹមថាការនាំចេញនឹងកើនឡើង និងគ្រប់គ្រងបានល្អ ព្រោះយើងដឹងហើយថា ការដាំដុះស្វាយចន្ទីនេះមានទំហំធំ ប៉ុន្តែយើងមិនបានកែច្នៃឬមិនបានរៀបចំឱ្យបានច្បាស់លាស់ ដើម្បីនាំចេញក្នុងនាមជាប្រទេសកម្ពុជាទេ»។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ បញ្ជាក់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះថា នៅពេលដែលគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីដាក់ចេញឱ្យអនុវត្តជាផ្លូវការ រំពឹងថានឹងជួយលើកកម្ពស់វិស័យនេះ ឱ្យកាន់តែល្អប្រសើរ ព្រមទាំងជួយទាក់ទាញវិនិយោគិនបរទេស ឱ្យមកវិនិយោគិនកែច្នៃសម្រាប់នាំចេញ ជួយដល់កសិករលើបច្ចេកទេសដាំដុះ ព្រមទាំងជួយសហគ្រាសកែច្នៃក្នុងស្រុក ដែលមានស្រាប់ ឱ្យទទួលបាននូវកម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីលើកតំកើងសហគ្រាសកែច្នៃក្នុងស្រុក។
លោកបន្ថែមថា បច្ចុប្បន្ននេះ វិស័យដំណាំស្វាយចន្ទី នៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការចូលរួមដោះស្រាយ ដើម្បីជំរុញឱ្យវិស័យនេះកាន់តែរីកចម្រើនលូតលាស់ទៅមុខ។
លោកបានលើកឡើងថា ខណៈដែលជី ថ្នាំកសិកម្ម ប្រេង ឡើងថ្លៃ បានធ្វើឱ្យកើនឡើងនូវចំណាយថ្លៃដើមខ្ពស់ ហេតុនេះទាមទារឱ្យកសិករត្រូវកាត់បន្ថយការប្រើជីថ្នាំកសិកម្មគីមី ហើយងាកមករៀនពីរបៀបផលិតជីធម្មជាតិងាយៗដោយខ្លួនឯង ដើម្បីយកមកលាយជាមួយជីទិញគេទាំងជីទឹក និងគោក និងរបៀបប្រើថ្នាំឲ្យត្រឹមត្រូវតាមបញ្ហា និងកាលៈទេសៈ។ ចំពោះករណីនេះ គឺត្រូវការជំនួយជាចាំបាច់ពី ក្រសួងកសិកម្ម ក្នុងការបញ្ជូនមន្ត្រីជំនាញមកជួយបង្ហាត់បង្ហាញដល់កសិករ។ ចំណែកបញ្ហា ពូជ ដែលធន់នឹងការបម្រែបម្រួលអាកាសធាតុ ក៏ជាបញ្ហាមួយដែលត្រូវដោះស្រាយផងដែរ។
ទន្ទឹមគ្នានេះ លោកចង់ឱ្យមានការអន្តរាគមន៍ពីក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកទីផ្សារដែលអាចជួយឲ្យកសិករលក់កសិផលក្នុងតម្លៃសមរម្យ។ តែយ៉ាងណាកសិករខ្លួនឯង ត្រូវរួមគ្នាជាសហគមន៍ ដើម្បីប្រមូលផលលក់ផ្ទាល់ទៅរោងចក្រ ដោយគ្រប់គ្រង និងបំណែងចែកគុណភាពគ្រាប់ ដើម្បីទទួលបានតម្លៃល្អ។
តាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិមានចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១ ០៧៧លានដុល្លា ថយចុះ ៣៤.៦៥ភាគរយ៕