ក្រុមការងារនិងគណបក្សខេត្តក្រចេះប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្ត ដើម្បីបេ្តជ្ញាដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣


(ក្រចេះ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្ត ដើម្បីបេ្តជ្ញាដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អ្នកតំណាងរាស្រ្តមណ្ឌលខេត្ដក្រចេះ ប្រធានក្រុមប្រឹក្សារខេត្ត អភិបាលខេត្ត លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុលមូលដ្ឋានស្រុក ក្រុង ឃុំ-សង្កាត់ លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សស្រុក ក្រុង និងឃុំសង្កាត់ មន្រ្តីមូលដ្ឋាន និងយុវជនគណបក្ស សរុបអ្នកចូលរួមមានចំនួនប្រមាណជិត ៥០០នាក់។

បន្ទាប់ពីឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានធ្វើសេចក្តីរាយការណ៍ពីស្ថានភាពទូទៅនិងសមិទ្ធផលក្នុងខេត្តក្រចេះនៅឆ្នាំ២០២២ និងលោក យូរ យឿន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត បានអានសេចក្ដីសម្រេចតែងតាំងប្រធានក្រុមការងារចុះជួយស្រុកអូរគ្រៀងសែនជ័យ និងអានបាយការណ៍បូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សខេត្តប្រចាំឆ្នាំ២០២២ រួមទាំងទិសដៅការងារបន្តរួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិកោតសរសើរ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ស្នាដៃ និងថ្លែងអំណរគុណដល់កម្លាំងសរុបរបស់ក្រុមការងារនៅគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងខិតខំបំពេញការងារយ៉ាងស្រសាក់ស្រសាំនៅតាមមូលដ្ឋានរៀងៗខ្លួន។ ជាក់ស្ដែងកម្លាំងសរុប មធ្យោបាយសរុបនេះហើយ បានចូលរួមចំណែកយ៉ាងសកម្មជាមួយទូទាំងប្រទេសជួយឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២២ កន្លងទៅនេះ។

ហេតុនេះ ដើម្បីបន្តរក្សាប្រៀបឈ្នះរបស់គណបក្សឈានទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានជំរុញលើកទឹកចិត្តឱ្យសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តពុះពារបំពេញសម្រេចឱ្យបានល្អនូវភារកិច្ចនយោបាយរបស់ខ្លួនតាមគ្រប់មុខសញ្ញា គ្រប់ពេលវេលា គ្រប់ទីកន្លែង។ មុនបង្អស់ ត្រូវចុះជាប់មូលដ្ឋានជាប្រចាំផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន ជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីបង្ក្រាបអំពើជួញដូរមនុស្ស គ្រឿង ញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសបំពានច្បាប់ដទៃទៀតដែលកំពុងតែកើតមានក្នុងភូមិឃុំ សង្កាត់ សំដៅពង្រឹងសុខសុវត្ថិភាពសហគមន៍មូលដ្ឋាន ដែលជាចំណែកសំខាន់ដល់ការថែរក្សាសុខសន្តិភាព ប្រទេសជាតិ និងការអភិវឌ្ឍសង្គមជាតិប្រកបដោយចិរភាព និងវិបុលភាពតរៀងទៅ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងរំលឹកអ្នកចូលរួម និងមន្រ្តីមូលដ្ឋានត្រូវបន្តពុះពារសម្រេចឱ្យខានតែបាននូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្ស ដោយត្រូវបន្តកសាង ពង្រឹង ពង្រីកកម្លាំងស្នូល ផ្តើមពីការពង្រឹងរចនាសម្ព័ន្ធមូលដ្ឋានភូមិ ឃុំ ពិសេសក្រុមបក្សនិងគ្រួសារបក្ស ជំរុញការចុះឈ្មោះបោះឆ្នោតរបស់សមាជិកបក្ស និងប្រជាជនគ្រប់ទិសទីនៅមូលដ្ឋាន ហើយត្រូវចុះច្បាមជាប់មូលដ្ឋានភូមិ ឃុំ ផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋ រួមគ្នាតស៊ូជម្នះដោះស្រាយរាល់បញ្ហាប្រឈមដែលបង្កឡើងដោយកូវីដ-១៩ ក៏ដូចជាផលប៉ះពាល់ដទៃទៀតដែលជាឥទ្ធិពលអវិជ្ជមាននៃបញ្ហាវិបត្តិសកលនាពេលបច្ចុប្បន្ន រួមមានជាអាទិ៍៖ ការប្រជែងភូមិសាស្រ្តនយោបាយ ការប្រែប្រួលអាកាសធាតុ និងការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន។ល។ សំដៅសម្រេចឱ្យខាងតែបាននូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្ស ដើម្បីដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ និងរាល់ការបោះឆ្នោតនាពេលខាងមុខ បង្កើតឱកាសធំធេងដ៏រឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា បន្តតួនាទីស្នូលដឹកនាំសង្គមជាតិ ឆ្ពោះទៅកាន់អនាគតរុងរឿងយូរអង្វែងគ្រប់ជំនាន់តរៀងទៅ៕