ឯកឧត្តម ឡុង ឌីម៉ង់ មានកិត្តិយសបានរៀបចំ និងដឹកនាំអង្គទូតអាស៊ានទាំង១០ដើម្បីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ


ក្នុងនាមជាប្រធានប្តូរវេនគណៈកម្មការបណ្ដាទូតអាស៊ាននៅសាធារណរដ្ឋកូរ៉េ ឯកអគ្គរាជទូតកម្ពុជា ឯកឧត្តម ឡុង ឌីម៉ង់ មានកិត្តិយសបានរៀបចំ និងដឹកនាំអង្គទូតអាស៊ានទាំង១០ដើម្បីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកជំទាវរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េថ្មី លោកជំទាវ Kang Kyung-wha នៅទីស្តីការក្រសួងការបរទេស កាលពីរសៀលថ្ងៃទី១ សីហា ២០១៧។
កិច្ចប្រជុំពិភាក្សារៀបចំឡើងក្នុងគោលបំណងរឹតបណ្ដឹងនៃកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ ជាមួយនឹងសហគមន៍អាស៊ាន និងស្វែងរកកិច្ចសហការការទូត បញ្ហាប្រឈម ដោយផ្លាស់ប្ដូរយោបល់ជាមួយនឹងបណ្ដាអង្គទូតអាស៊ាន ដើម្បីយកទៅពិភាក្សាបន្ដជាមួយនឹងរដ្ឋមន្រ្តីពាក់ព័ន្ធនឹងកិច្ចការអាស៊ាន។

ជាការឆ្លើយតប ប្រធានប្តូរវេនគណៈកម្មការបណ្ដាទូតអាស៊ាន និងបណ្ដាអង្គទូតអាស៊ានសូមសាទរជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ជាមួយសហគមន៍អាស៊ាន ហើយបានស្នើឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងអាស៊ានឱ្យកាន់តែជិតស្និត ស៊ីជម្រៅ និងទទួលបានលទ្ធផលល្អប្រសើរ។
បន្ថែមពីនេះ លោកជំទាវរដ្ឋមន្រ្តី បានសម្ដែងនូវក្ដីសង្ឈឹមថាកូរ៉េ និងអាស៊ាន នឹងចែករំលែកនូវគុណប្រយោជន៍ និងការចូលរួមកសាងសន្ដិសុខ សុវត្ថិភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕