(តាកែវ)៖ ឯកឧត្តម ហ៊ុន ម៉ានិត និងភរិយា ក្រោយពីទទួលបានដំណឹងកុមារី២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ដែលបណ្តាលឲ្យកុមារីអាយុ៦ឆ្នាំម្នាក់ ត្រូវកាត់ជើងម្ខាងចោល ឯកុមារីម្នាក់ទៀតអាយុ១២ឆ្នាំរងរបួសធ្ងន់ កំពុងនៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យគន្ធបុប្ផា ឯកឧត្តមបានចាត់ឲ្យក្រុមការងារនាំយកថវិកា និងអំណោយជូនគ្រួសារកុមារីរងគ្រោះ ដែលមានជីវភាពទីទ័លក្រលំបាកយ៉ាងខ្លាំង។ ពួកគេរស់នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមបានចាត់ឲ្យក្រុមការងារអនុសាខាសិស្ស និស្សិតបញ្ញវន្តក្មេងវត្តស្រុកបាទីសាខាខេត្តតាកែវ ដឹកនាំដោយ ព្រះរតនៈវិសុទ្ធ ធម្ម ភួង ម៉ិញ ព្រះអនុគណស្រុកបាទីនិងជាប្រធានកិត្តិយស លោក ហ៊ូ វណ្ណ: អភិបាលរងស្រុកបាទី និងជាប្រធានអនុសាខាសមាគមសសសសិស្សនិស្សិតបញ្ញវន្ដក្មេងវត្តស្រុកបាទី តំណាងលោក លី សាវេត អភិបាលរងខេត្តតាកែវ ជាប្រធានសាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្តខេត្តតាកែវ បាននិមន្ត-អញ្ជើញ យកអំណោយរួមទាំងថវិកាជូនដល់គ្រួសារកុមារីរងគ្រោះទាំង ២ដល់ខ្នងផ្ទះ។
កុមារីរងគ្រោះទាំង២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ឈែល ថៃហ្វុង អាយុ៦ឆ្នាំ របួសធ្ងន់ ត្រូវបានកាត់ជើងម្ខាងខាងឆ្វេង
*ទី២៖ ឈ្មោះ សុង រ៉ាដេត អាយុ១២ឆ្នាំ កំពុងសម្រាកព្យាបាលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។
ពិធីចែកអំណោយខាងលើ ដោយមានការនិមន្តចូលរួមថវិកា និងសំភារ:បន្ថែមរួមមាន៖ ព្រះចៅអធិការវត្ត សមាជិក សមាជិកាសាខា សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តតាកែវ អនុសាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្តស្រុកបាទី យុវជនស្ម័គ្រគណនេយ្យភាពសង្គមស្រុកបាទី (CAF) សប្បុរសជន សមាជិកក្រុមប្រឹក្សាឃុំ ក្រុមគ្រូពេទ្យមណ្ឌលសុខភាព នាយកសាលាបឋមសិក្សាថ្មសរ មេភូមិនិងសមាជិកភូមិផងដែរ។
លោក ហ៊ូ វណ្ណៈ បានឲ្យដឹងថា គ្រួសារកុមារីរងគ្រោះទាំង២ ក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន៖ អង្ករ 230kg ទឹកស៊ីអ៊ី ៦យួរ ទឹកត្រី ៤យួរ ត្រីខកំប៉ុង ២យួរទឹកបរិសុទ្ធ នំប៉័ង ១០ដើម និងថវិកាចំនួន ២លាន ២៩ម៉ឺនរៀល។
ជាមួយគ្នានេះលោក ហ៊ូ វណ្ណៈ បានពាំនាំនៅមតិផ្តាំផ្ញើរបស់ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ព្រមទាំង លោក លី សាវេត សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ជាពិសេសដែល មានជីវភាពខ្វះខាត និងលំបាកវេទនា ព្រមទាំងនៅកៀរជិតជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា រួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា (សូមអរគុណសន្តិភាព) ហើយក៏សូមជូនពរឲ្យក្មេងស្រីទាំងពីរឆាប់ជាសះស្បើយជម្ងឺ និងសូមម្តាយក្មេងស្រីទាំងពីរបន្តខិតខំប្រឹងប្រែងតស៊ូ ចិញ្ចឹមបីបាច់ថែរក្សាដល់ក្មេងៗឲ្យបានល្អ និងផ្តល់ភាពកក់ក្តៅដល់កូនៗរបស់ខ្លួន៕